ព័ត៌មានទាន់ហេតុការណ៍៖

CMAC ប្រចាំខេត្តបាត់ដំបងកម្ទេចគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះនៅបាតស្ទឹងសង្កែដោយជោគជ័យ

ចែករំលែក៖

ខេត្តបាត់ដំបង៖ អង្គភាពកម្ចាត់មីនកម្ពុជា CMAC ប្រចាំខេត្តបាត់ដំបងបានធ្វើការបំផ្ទុះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយគ្រាប់ដែលបន្សល់ទុកកាលពីសម័យសង្រ្គាមបានដោយជោគជ័យ ខណៈដែលគ្រាប់យុទ្ធភ័ណ្ឌមួយគ្រាប់នេះត្រូវបានអង្គការស្រាវជ្រាវដឺងតាមរយៈប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីរាយការណ៍ឲ្យដឹង ។

ប្រតិបត្តិការកម្ទេចគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយគ្រាប់ដោយកម្លាំងកម្ចាត់មីងកម្ពុជាស៊ីម៉ាក់នេះ ប្រព្រឹត្តទៅនៅវេលាម៉ោង៨ ព្រឹកថ្ងៃ ព្រហស្បតិ៍ ៦ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅក្នុងស្ទឹងសង្កែ កណ្តាលក្រុងបាត់ដំបង ។

ប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា គ្រាប់យុទ្ធភ័ណ្ឌមួយគ្រាប់នេះបានបន្សល់ទុកកាលពីសម័យសង្គ្រាមមកម្ល៉េះ ហើយដោយអង្គភាពកម្ចាត់មីនកម្ពុជា CMAC ប្រចាំខេត្តបាត់ដំបងមិនអាចយកចេញពីក្នុងបាតស្ទឹងសង្កែតាមលក្ខណៈបច្ចេកទេសបាន ក៏សម្រេចចិត្តកម្ទេចចោលនៅនិងកន្លែងតែម្តងក្រោមការប្រុងប្រយ័ត្នខ្ពស់ និងបានជូនដំណឹងជាមុនមិនឲ្យប្រជាពលរដ្ឋណាម្នាក់នៅក្បែរនោះធ្វើដំណើរឆ្លងកាត់ឡើយ ។ បន្ទាប់មក ក៏ធ្វើការកម្ទេចតាមលក្ខណៈបច្ចេកទេសដោយជោគជ័យ និងការធ្វើចរាចរណ៍ក៏បានដំណើរការឡើងវិញយ៉ាងប្រសើរវិញផងដែរ ៕ ប្រាថ្នា


ចែករំលែក៖