ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យខ្សែធំទេដឹងទើបធ្វើបែបនេះបាន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​នគរបាល​ជា​ច្រើន​រូប​បាន​សម្ដែង​ការ​មិន​ពេញចិត្ត នឹង​មន្ត្រី​នគរបាល​មួយ​រូប​ មិន​ដែល​មក​បំពេញការងារ​នៅ​ស្នងការដ្ឋាន​នគរបាល​អស់​រយៈពេល៥ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​បែរជា​មានឱកាស​បាន​ឡើង​សក្តិ​ ។ ករណី​នេះ​ដែរ មន្ត្រី​ជា​ច្រើន​បាន​ស្នើ​សុំ​ឲ្យ​មានការ​ចុះ​ធ្វើ​អធិការកិច្ច​ពី​សំណាក់​មន្ត្រី​អធិការកិច្ច​ក្រសួងមហាផ្ទៃ ចំពោះ​មន្ត្រី​នគរបាល​ខេត្តកំពង់ស្ពឺ​នេះ​ផង​ដែរ​ ។

មន្ត្រី​ដែល​ត្រូវ​បាន​អ្នក​ដែល​សកម្ម​ការងារ​អះអាង​ថា មិន​ដែល​មក​បំពេញការងារ​អស់​រយៈពេល​៥​ឆ្នាំ​ហើយ​នោះ មានឈ្មោះ អ៊ុ​ក ស៊ឺ នាយ​រង​ផ្នែក​ការិយាល័យ​អន្តោប្រវេសន៍​ឋានៈ​អនុសេនីយ៍ទោ ប៉ុន្តែ​មន្ត្រី​រូប​នេះ​អវត្តមាន​អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ តែ​អង្គភាព​ជំនាញ​ឃុបឃិត​គ្នា​លាក់​ទុក ដើម្បី​យក​ប្រាក់ខែ​ចែក​គ្នា​ដោយ​មាន​អ្នក​ចុះហត្ថលេខា (​បញ្ជី​វត្តមាន​ប្រចាំ​ថ្ងៃ​) ជំនួស​ទៀត​ផង​ ។

ប្រភព​បាន​បង្ហើប​ថា ការ​ធ្វើ​បែប​នេះ ធ្វើ​ឲ្យ​មន្ត្រី​ដែល​សកម្ម​ការងារ​មាន​ភាព​មិន​សប្បាយចិត្ត ហើយ​​បាន​និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា ថ្នាក់លើ​ធ្វើ​របៀប​នេះ គឺ​មិន​យុត្តិធម៌ និង​ស្មើ​ភាព​គ្នា​នោះ​ទេ​ ។ ក្នុង​នោះ​មន្ត្រី​ជា​ច្រើន​បាន​សំដែង​នូវ​ភាព​មិន​សប្បាយចិត្ត​ និង​បាន​រិះគន់​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​ចំ​ៗ​ថា ធ្វើការ​គ្មាន​តម្លាភាព និង​លម្អៀង​ទៅ​រក​បក្សពួក​របស់​ខ្លួន​ ។ ករណី​នេះ មន្ត្រី​ជា​ច្រើន​បាន​លើក​ឡើង​ថា បើសិនជា​មាន​ក្រុម​អធិការកិច្ច​ចុះ​មក​ធ្វើការ​ស្រា​ជ្រាវ​ឲ្យ​បាន​ច្បាស់​លាស់​នោះ និង​រក​ឃើញ​ភាព​មិន​ប្រក្រតី​នេះ​ជាក់​ជា​មិន​ខាន​ឡើយ​ ។

ករណី​នេះ បើសិនជា​រក​ឃើញ​ហើយ​ថ្នាក់លើ​គួរ​ណាស់​តែ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​មន្ត្រី​ខិលខូច​ដែល​ឃុបឃិត​គ្នា​កឹ​ប​កេង​ស៊ីលុយ​របស់​រដ្ឋ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ នេះ​កុំ​លើក​លែង​ឲ្យ​សោះ​ ។

ពាក់ព័ន្ធ​មន្ត្រី​ប៉ូ​លី​ស​ដែល​មិន​ទៅ​ធ្វើការ​ហើយ​បាន​ឡើង​សក្តិ​នេះ​ដែរ លោក​ប្រធាន​ការិយាល័យ​បុគ្គលិក លោក ទឹម តាត បាន​ប្រាប់​ថា មិន​មានឈ្មោះ​នេះ​នៅ​ក្នុង​អង្គភាព​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​នោះ​ទេ​ ។ ដោយឡែក​លោក ឈួ​ន យឿ​ង ប្រធាន​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​បាន​ទទួលស្គាល់​ថា លោក អ៊ុ​ក ស៊ឺ ពិតជា​នាយ​រង​ផ្នែក​ការិយាល័យ​អន្តោប្រវេសន៍​ពិតប្រាកដ​មែន​ ។

លោក​សុំ​និយាយ​ត្រឹម​ប៉ុណ្ណឹង​ចុះ​លើស​ពី​នេះ​ទៀត​លោក​មិន​ហ៊ាន​និយាយ​នោះ​ទេ ព្រោះ​លោក​ឋានៈ​តូច​ជាងគេ​ ។

មានការ​លើក​ឡើង​ផង​ដែរ​ថា បើ​ប្រធាន​ការិយាល័យ​បុគ្គលិក​បដិសេធ​ថា​មិន​មានឈ្មោះ អ៊ុ​ក ស៊ឺ មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ទេ ចុះ​នរណា​ជា​អ្នក​ចុះហត្ថលេខា​ប្រចាំ​ថ្ងៃ ហើយ​នរណា​ជា​អ្នក​បើកប្រាក់​បៀវត្ស​របស់​គាត់​យក?

បើ​តាម​ប្រភព​មន្ត្រី​តូចតាច​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ថា ករណី​នេះ​មាន​ច្រើន​ណាស់ ហើយ​ថ្នាក់​ក្រោម​ពិតជា​មិន​ហ៊ាន​និយាយ​នោះ​ទេ តែបើ​រឿង​នេះ​បាន​បែកធ្លាយ​ដល់​ប៉ុណ្ណឹង​ទៅ​ហើយ គួរ​ណាស់​តែ​អស់លោក​ដែល​ជា​មន្ត្រីជាន់ខ្ពស់​ធ្វើការ​ពន្យល់​បកស្រាយ​ឲ្យ​បាន​ក្បោះក្បាយ​ជាង​នេះ​ទើប​សម​ ។

ករណី​នេះ​មន្ត្រី​តូចតាច​សង្ឃឹមថា ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ជា​ពិសេស​ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ និង​ចាត់​ក្រុម​មន្ត្រី​អធិការកិច្ច​ធ្វើការ​ស្រាវជ្រាវ​ចំពោះ​ករណី​ឈ្មោះ​អ៊ុ​ក ស៊ឺ នេះ​ផង ខណៈ​ដែល​គាត់​មិន​បាន​មក​ធ្វើការ​ច្រើន​ឆ្នាំ​ហើយ​ហើយ បែរជា​បាន​ឡើង​សក្តិ​ទៀត​ផង​ ៕ សេនាស័ក្តិ


ចែករំលែក៖