ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប៉ាក ខណ្ឌឫស្សីកែវ បានឃាត់ខ្លួនបុរសម្នាក់ ដែលជាបក្ខពួកក្រុមជនដៃដល់ បង្កហិង្សាទៅលើបុរសម្នាកដែលជាមន្រ្តីនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូធ្វើដំណើរទៅផ្ទះ ព្រោះតែរឿងខឹងជនរងគ្រោះមើលមុខបក្ខពួករបស់ខ្លួន ។
ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅចំណុចក្បែរលូស្វាយប៉ាក តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
បុរសរងគ្រោះសុំមិនបញ្ចេញឈ្មោះ មាន អាយុជាង៤០ឆ្នាំ ជាមន្ត្រីនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ (រងរបួសហើមមុខមាត់ ) ។ ចំណែកជនដៃដល់ឈ្មោះកែវ រ៉ូសាហ្សាណា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់អីវ៉ាន់ ស្នាក់នៅផ្ទះលេខ701S ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
តាមប្រភពព័ត៌មានពីបុរសរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២០ ចេញពីកន្លែងធ្វើការក្នុងគោលបំណងធ្វើដំណើរទៅផ្ទះនៅម្តុំគីឡូម៉ែត្រលេខ១២ លុះមកដល់ចំណុចកន្លែងកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណដែលគេចខ្លួនបាត់នោះ បានទូរស័ព្ទហៅ ជនដៃដល់ឈ្មោះកែវ រ៉ូសាហ្សាណា និងបក្ខពួកផ្សេងទៀតមានទាំងរថយន្ត មានទាំងម៉ូតូមួយគ្រឿងម៉ាកហុងដាស្តុបពី ពណ៌ខ្មៅ ដែលជាម៉ូតូរបស់ជនបង្កបានធ្វើសកម្មភាពវាយមកលើគាត់ចំនួន៣ទៅ៤ដៃ បណ្តាលឲ្យគាត់រងរបួសហើមមុខហើមមាត់ ភ្លាមនោះគាត់ក៏បានប្រតាយប្រតប់គ្នាទៅវិញទៅមក និងបង្ហាញកាតថាគាត់ជាមន្រ្តីនគរបាល ក៏ត្រូវបក្ខពួកជនដៃដល់ដកយកកាតរបស់គាត់រួចនាំគ្នាជិះគេចខ្លួនបាត់ ។
ប្រភពដដែលបន្តថា ភ្លាមៗក៏បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍ ដោយឃាត់ខ្លួនបានតែជនដៃដល់ម្នាក់ឈ្មោះកែវ រ៉ូសាហ្សាណា ភេទប្រុស អាយុ៣៤ឆ្នាំ យកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលស្វាយប៉ាកតែម្តង ។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប៉ាក បានឲ្យដឹងថា រឿងហេតុខាងលើនេះគឺមកពីជនបង្កស្រវឹងស្រា ហើយខឹងជនរងគ្រោះមើលមុខឌឺដងដាក់គ្នា ទើបកើតជារឿងហិង្សាបែបនេះតែម្តង ។
ក្រោយកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្វាយប៉ាក ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ ៕ ស រស្មី