ភ្នំពេញ៖ ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ បានបន្តប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសង ក្នុងមូលដ្ឋានរបស់ខ្លួន ជាក់ស្តែងដកហូតទូរហ្គេមបាញ់ត្រីចំនួន២គ្រឿង (ខូច១គ្រឿង) ។
ប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមការបញ្ជាផ្ទាល់ពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ។
លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ បានឲ្យដឹងថា ការបង្ក្រាបទីតាំងខាងលើនោះ គឺគណៈបញ្ជាការឯកភាពសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បានបើកប្រតិបត្តិការបង្ក្រាបជាក់ស្តែង ដកហូតទូរហ្គេមបាញ់ត្រីចំនួន២គ្រឿង ដែលកំពុងបើកដំណើរការលេង ប៉ុន្តែមិនមានការឃាត់ខ្លួនមុនស្សណាម្នាក់ឡើយ ។
លោកអភិបាលរង បានបន្តថា អាជ្ញាធរក្រោមការណែនាំពីលោក ជា ពិសី អភិបាលខណ្ឌ បានជំរុញឲ្យមានកិច្ចសហការចូលរួមបន្ថែមទៀត ពីអ្នកពាក់ព័ន្ធទាំងឡាយ លើកិច្ចការងារពង្រឹងសមាសភាព សកម្មភាពមិនប្រក្រតី ពោលគឺការទប់ស្កាត់រាល់បទល្មើសចោរកម្មនានា ក្នុងការរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ ក្នុងមូលរដ្ឋាន ក៏ដូចជាការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល ។
ក្រោយប្រតិបត្តការរួច អាជ្ញាធរបានដកហូតទូរហ្គេមចំនួន២គ្រឿងយកទៅរក្សាទុកនៅសាលាខណ្ឌឫស្សីកែវ ដើម្បីវាយកម្ទេចនាពេលក្រោយ ៕ អារុណរះ