ភ្នំពេញ៖ ជនសង្ស័យ៣នាក់បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីនារីម្នាក់បានសម្រេចកាលពីម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិព្រែករកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយព្យាយាមជិះម៉ូតូគេចខ្លួនតែចៃដន្យម៉ូតូអស់សាំងត្រូវបាននគរបាល ខណ្ឌកំបូលឃាត់ជាប់នៅម្ដុំជិតវត្តអង្គបឹងចក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើ ទី១-ឈ្មោះ សួង សុខម៉ែង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ទី២-ឈ្មោះ ជ្រឹង វេហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលេងភ្លេងពិណពាទ្យ ស្នាក់នៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល និងទី៣-ឈ្មោះ សេង មករា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងការ ស្នាក់នៅត្រពាំងស្រក្រម ឃុំបែកចាន ស្រុកអង្គស្នួល ជាម្ចាស់ម៉ូតូ ហើយម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពម៉ាកហុងដាឌ្រីម ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HX-9638 ចំណែកទូរស័ព្ទដែលជនសង្ស័យឆក់ម៉ាក អាយហ្វូន 7plus ។
តាមប្រភពពីសមត្ថកិច្ចកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនកើតហេតុ នារីរងគ្រោះម្នាក់បានជិះម៉ូតូម៉ាកស្កុបពី១គ្រឿង តាមបណ្តោយផ្លូវជាតិលេខ៤ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យខាងលើបានឆក់ទូរស័ព្ទពីនារីរងគ្រោះ ដែលកំពុងនិយាយទូរស័ព្ទ ហើយក៏ជិះរត់គេចចេញពីកន្លែងកើតហេតុ រហូតដល់មកដល់ទឹកដី ខណ្ឌកំបូល ។
សមត្ថកិច្ចបន្តថា ខណៈពេលនោះសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបានតេតាមទូរស័ព្ទទាក់ទងទៅសមត្ថកិច្ចនគរបាល ខណ្ឌកំបូលភ្លាមៗផងដែរ ហើយក៏មានប្រជាពលរដ្ឋដេញតាមពីក្រោយជនសង្ស័យទៀត ។ បន្ទាប់មកកម្លាំងបានសហការគ្នា រួចក៏ឃើញជនសង្ស័យខាងលើភ្លាម ក៏បាននាំគ្នាដេញ តែសំណាងល្អម៉ូតូជនសង្ស័យអស់សាំង ក៏ត្រូវសមត្ថកិច្ចឃាត់បានម្នាក់ ចំណែក២នាក់ទៀតរត់ចូលក្នុងព្រៃបាត់ ។
សមត្ថកិច្ចបន្តទៀតថា ក្រោយកម្លាំងសមត្ថកិច្ចបានតាមរុករកក៏ឃើញជនសង្ស័យទាំង២នាក់ ហើយឃាត់ខ្លួនបានភ្លាមៗតែម្តង រួចនាំជនសង្ស័យទៅប៉ុស្តិ៍កំបូល ដើម្បីសួរនាំ បន្ទាប់មកជនសង្ស័យខាងលើបានសារភាពថា ពួកគាត់បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់ខាងលើមែន ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាល ខណ្ឌកំបូល បានប្រគល់ជនសង្ស័យទាំង៣នាក់ព្រមទាំងម៉ូតូ រួមទាំងវត្ថុតាង ប្រគល់ទៅឲ្យសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ