ខេត្តតាកែវៈ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាក ហ៉ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវ លេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ គឺមានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ គឺមានកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២.៥៦គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៥.៤គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤.២១គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង ៥២.៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។
ផ្លូវទាំងពីរខ្សែនេះ នឹងសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៥៦.១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ ៕