ព័ត៌មានទាន់ហេតុការណ៍៖

អំពៅប្រមាណ៨០ហិចតារបស់ក្រុមហ៊ុនឯកជន ត្រូវជនមិនស្គាល់មុខលួចដុត

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ចំការអំពៅប្រមាណ៨០ហិចតារបស់ក្រុមហ៊ុនឯកជនមួយ ត្រូវបានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់បងប្អូនអ្នកភូមិ និងអ្នកចាំចំការប្រញាប់ជួយដងទឹក និងបាញ់ពន្លត់ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានសង្ស័យមានជនមិនស្គាល់មុខមានបំណងមិនល្អលួចដុត ដោយរលត់ទៅវិញម៉ោងប្រមាណជិត១០យប់ថ្ងៃដដែល ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិ បាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ចន្លោះពីបង្គោល១៥៣ ទៅបង្គោល១៥៤ ឃ្លាតពីខ្សែបន្ទាត់ព្រំដែនប្រហែល១៨០០ម៉ែត្រ ។

បើតាមលោក ថាច់ រតនា ប្រធានមន្ទីរកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឲ្យដឹងថា ករណីភ្លើងឆេះចំការអំពៅនេះ គឺជារបស់ក្រុមហ៊ុន សុផាតសំណាង អស់ចំនួន៨៣ហិកតា ដោយបច្ចុប្បន្ននេះ អំពៅកំពុងតែធ្លាក់ថ្លៃ ហើយចំពោះអំពៅដែលភ្លើងឆេះនេះ ខាងមន្ទីរនឹងសម្រួលនាំចេញទៅរោងចក្រ ព្រោះទុកនៅយូរអត់បាននោះទេ ។

បច្ចុប្បន្នសម្ថតកិច្ច នគរបាលកំពុងតែស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ យឹម សុថាន


ចែករំលែក៖