ខេត្តកំពង់ឆ្នាំង ៖ បុរសចំណាស់ម្នាក់ បានរងរបួសធ្ងន់បែកក្បាល និង របួសដៃធ្ងន់ ដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំព់ពង់ឆ្នាំង បន្ទាប់ពីជនដៃដល់ម្នាក់បានលីចបជីក ទៅវាយដល់ផ្ទះពេលកំពុងចាក់ធុងបាស់ បន្ទាប់ពីជនដៃដល់ប្រាប់មិនអោយចាក់ឮ ។
ហេតុការណ៍ផ្ទុះហិង្សាដាក់គ្នានេះ បានកើតឡើងកាលពីវេលា១២ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមាន ឈ្មោះលី ចាន់ផល្លា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ចំណែកឯកជនរងគ្រោះ ឈ្មោះឌី ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចាក់ធុងបាស់នៅផ្ទះរបស់ខ្លួន និង មានផឹកស៊ីបន្តិចបន្តួចផង ពេលដែលចាក់ធុងបាស់នោះបើកឮសម្លេងខ្លាំងៗ ។ ពេលនោះជនដៃដល់បានប្រាប់កុំអោយចាក់ខ្លាំងពេករំខានគេ ដេកពួនមិនបាន ពេលដែលប្រាប់រួចហើយ ជនរងគ្រោះនៅតែមិនស្តាប់ រឹតតែបើកឮដដែល ទ្រាំមិនបាន ជនដៃដល់បានលីចបជីកចូលវាយសំពងជនរងគ្រោះបណ្តាលអោយត្រូវក្បាលបែក និង ដៃរងរបួសតែម្តង ។
ក្រោយពេលកើតហេតុជនដៃដល់បានគេចខ្លួនបាត់១ថ្ងៃ ទើបថ្ងៃទី១៨ សមត្ថកិច្ចឃាត់ខ្លួនបាន យកអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា