ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចទៅហាងលក់ទូរស័ព្ទមួយកន្លែងយីហោ ម៉ាលី រួចបន្លំខ្លួនលួចយកទូរស័ព្ទដៃចំនួន២គ្រឿងបានសម្រេច រួចគេចខ្លួនបាត់៣ថ្ងៃក្រោយ ត្រូវកម្លាំងកងរាជអាវុធហត្ថស្រាវជ្រាវឃាត់ខ្លួននាំមកសាកសួរ រហូតបញ្ចប់នីតិវិធី លុះនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក៏បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ ។
តាមប្រភពព័ត៍មានពីមន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ឃិន ហាក់ ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅចំណុច ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មន្រ្តីដដែលបន្តថា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យបានធ្វើសកម្មភាពបន្លំចូលលួចទូរស័ព្ទក្នុងហាងលក់ទូរស័ព្ទដៃមួយកន្លែងយីហោ “ម៉ាលី” នៅចំណុចផ្លូវព្រះមុនីរ៉េត ភូមិត្នោត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានសម្រេច២គ្រឿង ម៉ាក Oppo Reno 2F ពណ៍ស លាយខៀវ ហើយបានគេចខ្លួនបាត់ស្រមោល ។ បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ជួយធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ឃាត់ខ្លួនបាន នៅវេលាម៉ោង០៨ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុច ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើ បានសារភាពប្រាប់សមត្ថកិច្ចកងរាជអាវុធហត្ថឲ្យដឹងថា រូបគេពិតជាបានធ្វើសកម្មភាព បន្លំចូលលួចទូរស័ព្ទដៃ នៅចំណុច ខាងលើ ពិតប្រាកដមែន ហើយយកទៅលក់បានប្រាក់ ៤៥០ដុល្លាអាមេរិក ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ស រស្មី