ព័ត៌មានទាន់ហេតុការណ៍៖

យុវសិល្បករជាង៧០០នាក់ចូលរួមព្រឹត្តិការណ៍មហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី៦

ចែករំលែក៖

ភ្នំពេញ៖ មហោស្រពយុវជនទូទាំងប្រទេសឆ្នាំទី៦ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវបានប្រកាសបើកជាផ្លូវការហើយកាលពីព្រឹកថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ ។ មហោស្រពក្រោមប្រធានបទយុវជនដើម្បីវប្បធម៌ជាតិ នេះត្រូវបានចូលរួមដោយយុវសិល្បករមកពីទូទាំងប្រទេសប្រមាណ៧២៥នាក់ ចូលរួម ។

មហោស្រពយុវជនទូទាំងប្រទេសឆ្នាំទី៦នេះក៏នឹងក្លាយជាកម្មវិធីចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ ៣មិនា លើកទី២២ ឆ្នាំ២០២០ ខាងមុខ ដែលនឹងត្រូវរៀបចំធ្វើនៅសាលមហោស្រពកោះពេជ្រ ក្រោមវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ កម្មវិធីនេះក៏នឹងក្លាយជាឱកាសដុសខាត់សមត្ថភាពសិស្សជាយុវជនថ្នាក់មធ្យម និងកម្រិតឧត្តមឲ្យស្វែងយល់ពីតម្លៃដ៏វិសេសវិសាលរបស់វប្បធម៌ជាតិ បណ្តុះសេចក្តីស្រលាញ់ ចូលរួមថែរក្សា និងអភិវឌ្ឍន៍ឲ្យកាន់តែខ្លាំងក្លាថែមទៀត ។

ព្រឹត្តិការណ៍នេះក៏ជាការបញ្ជ្រាបចំណេះដឹងសិល្បៈវប្បធម៌ឲ្យកូនខ្មែរបានស្គាល់កាន់តែច្បាស់ពីសិល្បៈវប្បធម៌ជាតិ និងជាយុទ្ធនាការចូលរួមលើកស្ទួយការយល់ដឹង និងការចូលរួមរបស់យុវជនខ្មែរទូទាំងប្រទេស ។

ឆ្នាំ២០២០នេះតាមរយៈការប្រឡងជម្រុះក្រសួងសម្រេចបាន ស្នាដៃរបាំប្រពៃណីរបស់និស្សិតថ្នាក់ឧត្តមនៅរាជាធានីភ្នំពេញចំនួន៩ស្នាដៃ ។ ស្នាដៃល្ខោនច្រៀងមាន មហោរី យីកេ និងល្ខោនបាសាសាក់របស់សិស្សានុសិស្សថ្នាក់មធ្យមទូទាំងប្រទេសចំនួន២៥ ស្នាដៃ ។ ក្រៅពីការប្រកួតប្រជែងលើស្នាដៃសិល្បៈនេះក៏មានការប្រកួតប្រជែងពិភាក្សាតស៊ូមតិស្តីពីចំណេះដឹងសិល្បៈ វប្បធម៌ មានសរុប១២សាកលវិទ្យាល័យ ដែលសរុបសិល្បករមានប្រមាណ៧២៥នាក់ ដែលស្នាដៃទាំងអស់សុទ្ធតែឈរលើទស្សនទាន៣សំខាន់ៗ គឺទី១យុវជនដើម្បីការអភិរក្សនិងការអភិវឌ្ឍនវប្បធម៌ជាតិ ។ ទី២ គឺយុវជន និងសីលធម៌សង្គម និងទី៣យុវជនដើម្បីសុវត្ថិភាពសង្គម សន្តិភាព និងការអភិវឌ្ឍន៍ ។

ព្រឹត្តិការណ៍ប្រកួតប្រជែងនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២០ ។

សម្រាប់ស្នាដៃឯក នឹងត្រូវយកទៅបង្ហាញក្នុងទិវាវប្បធម៌ជាតិ ៣មិនា លើកទី២២ ឆ្នាំ២០២០ ខាងមុខ ដែលនឹងត្រូវរៀបចំធ្វើនៅសាលមហោស្រពកោះពេជ្រ ក្រោមវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងក្នុងឱកាសនេះដែរថា មហោស្រពយុវជនទូទាំងប្រទេសគឺជាព្រឹត្តិការណ៍ធំមួយក្នុងចំណោមសកម្មភាពធំៗប្រចាំឆ្នាំរបស់ក្រសួង ។ លោកស្រីអរគុណសន្តិភាព ដែលបានទុកឱកាសរៀបចំមហោស្រពនេះ និងព្រឹត្តិការណ៍ផ្សេងៗទៀតជារៀងរាល់ឆ្នាំ ។

លោកស្រីលើកឡើងដែរថាការចូលរួមប្រកួតរបស់យុវជន ពិតជាមានសារៈសំខាន់ និងឆ្លុះបញ្ចាំងឲ្យឃើញនូវតួនាទីមិនអាចខ្វះបានរបស់យុវជនដែលជាអ្នកបន្តវេន អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ។ ការចូលរួមនេះក៏ឆ្លុះបញ្ចាំងពិការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការផ្តល់ឱកាសចូលរួមដោយសេរី ពេញលេញ ស្របតាមគោលនយោបាយវប្បធម៌ជាតិ និងសាកលលោក ។

លោកស្រីបន្តថា បើទោះបីជាព្រឹត្តិការណ៍នេះត្រូវបានរៀបចំធ្វើជារៀលរាល់ឆ្នាំមែន ប៉ុន្តែមហោស្រពក៏បានរៀបចំឲ្យមានអ្វីដែលថ្មីៗប្លែកៗ ពីមួយឆ្នាំទៅមួយឆ្នាំដោយផ្អែកលើបទពិសោធន៍ចាស់ រួមជាមួយគំនិតថ្មី ជាក់ស្តែងឆ្នាំនេះកម្មវិធីតម្រូវឲ្យសិល្បករ២៥ ខេត្តរាជធានីដែលចូលរួមប្រកួតប្រជែងឆ្នាំនេះគឺតម្រូវឲ្យបង្កើតស្នាដៃឈុតល្ខោនច្រៀង ល្ខោនយីកេ មហោរី ល្ខោនបាសាក់ និងនិស្សិតមកពីសាកលវិទ្យាល័យនៅភ្នំពេញឲ្យមានការបង្កើតស្នាដៃល្ខោនប្រពៃណីថ្មី បង្កប់ដោយទស្សនៈអប់រំ ។

លោកស្រីថា ក្រសួងបាននិងកំពុងធ្វើការគាស់កកាយ រៀបចំឲ្យមានការសម្តែងទស្សនីយភាពសិល្បៈកម្រដែលរៀបនឹងបាត់បង់ឲ្យមានជីវិតឡើងវិញ ។ លោកស្រីរំពឹងថា ព្រឹត្តិការណ៍មហោស្រពយុវជនទូទាំងប្រទេសឆ្នាំទី៦នេះនឹងទទួលបានជោគជ័យ និងផ្លែផ្កាល្អ ៕ វឌ្ឍនា


ចែករំលែក៖