ព័ត៌មានទាន់ហេតុការណ៍៖

មិនចេះបើករថយន្តផង បែរជាឡើងបើកទៅបុកទម្លុះរបងការដ្ឋានហោះឆ្លងកាត់សួនពុះចែកទ្រូងផ្លូវ និងទៅបុកចូលផ្ទះលក់គ្រឿងអគ្គិសនីបណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសកម្មករកាប់ជ្រូកម្នាក់មិនចេះបើករថយន្តផងក៏ឡើងទៅបើករថយន្តជ្រុលទៅបុកទម្លុះទ្វាររួចក៏ហោះឆ្លងសួនពុះចែកទ្រូងផ្លូវជ្រុលបុកចូលផ្ទះលក់គ្រឿងអគ្គិសនីបណ្ដាលឱ្យរកខាងខូចខាតសម្ភារៈបើសរុបជាលុយអស់ជាង៤ ពាន់ដុល្លារ និងបណ្ដាលឱ្យស្ត្រីម្នាក់ដើរឆ្លងកាត់ផ្លូវរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និសមត្ថកិច្ចចុះទៅឃាត់អ្នកបើកបរកាលពីវេលាម៉ោង៩ និង ១៥ នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅកសិដ្ឋានកាប់ជ្រូកនៅតាមបណ្ដោយផ្លូវវេងស្រេង នៅក្នុងភូមិដំណាក់ធំ ៥ខណ្ឌសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អ្នកបេីកបររថយន្តបង្កមានឈ្មោះ​ វែន​ ឃុន​ អាយុ៤០ឆ្នាំ​ មុខរបរកាប់ជ្រូក ស្នាក់នៅភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យទី 3 ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិជ្រុងពពេល​  ឃុំមរាម​ ស្រុកមាសហែក ខេត្តស្វាយរៀង ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីម្នាក់បានដើរយូរកន្ត្រកទៅផ្សារ ដើរលើចិញ្ចើមផ្លូវវេងស្រេងក្នុងទិសដៅពីកើតមកលិចស្របពេលនោះក៏មានបុរសជាកម្មករកាប់ជ្រូកបានបើករថយន្តម៉ាកកូរ៉េ ពណ៌សពាក់ស្លាកលេខ 2AB -9171 បើកបុកទម្លុះទ្វារបង និងបុកស្ត្រីបណ្តាលឲ្យរបួសហើយរថយន្តក៏បានហោះឆ្លងសួនពុះចែកទ្រូងផ្លូវទៅជ្រុលទៅបុកចូលផ្ទះលក់គ្រឿងអគ្គិសនីមួយនៅកន្លែងកើតហេតុ បណ្ដាលឱ្យរកការខូចខាតសម្ភារៈសរុបទាំងអស់ជាង ៤ពាន់ដុល្លារ ។ ចំណែកស្ត្រីរងគ្រោះត្រូវបានរថយន្តរបស់មន្ទីរពេទ្យសួគាបានដឹកយកមកសង្គ្រោះភ្លាមៗ រីឯអ្នកបើកបររថយន្តត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ។

នៅចំពោះមុខសមត្ថកិច្ចបុរសជាកម្មករកាប់ជ្រូកបានប្រាប់ឲ្យដឹងថា រូបគាត់ចង់ចេះបើករថយន្តខ្លាំងពេក ហើយពេលខ្លះក៏ធ្លាប់បានតៃកុងរថយន្តបង្រៀនបើកខ្លះៗដែរ ហើយដល់ពេលនេះគាត់ឡើងទៅបើកតែម្នាក់ឯងមិនដឹងថាជាន់ហ្រ្វាំងឬក៏ជាន់ហ្គែទេ ជ្រុលទៅបុករបងហើយក៏ជ្រុលមកបុកផ្ទះលក់គ្រឿងអគ្គិសនីតែម្ដង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ សហការជាមួយសមត្ថកិច្ចជំនាញចរាចរខណ្ឌមានជ័យ បានចុះទៅវាស់វែងយករថយន្តមករក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖