ភ្នំពេញ៖ បារីអេឡិចត្រូនិក SISHA និង E-Cigarette គឺជាបារីអេឡិចត្រូនិក ដែលជាផលិតផលញៀនថ្មីកំពុងបង្ក ហានិភ័យដល់យុវជនកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH Cambodia) បានបញ្ជាក់ឲ្យដឹងថ្ងៃសៅរ៍៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៩ ឧសភានេះថា៖ បារីអេឡិចត្រូនិកជាបារីមិនដុត ឬមិនប្រើស្លឹកថ្នាំជក់ តែវាប្រើល្បាយសូឡិចស្យុងផលិតចំហាយជាតិពុលដែលអ្នកប្រើប្រាស់ស្រូបចូល។ បារីអេឡិចត្រូនិកមានឈ្មោះថា SISHA និងE-Cigaretteនេះ វាបានបង្កហានិភ័យ ដល់អ្នកប្រើប្រាស់ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០ នៅសហរដ្ឋអាមេរិកមានការរងរបួសសួតពាក់ព័ន្ធនឹងការប្រើប្រាស់បារីអេឡិចត្រូនិកប្រមាណ ២.៨០០ករណី ក្នុងនោះមានអ្នកស្លាប់ជាង ៦០នាក់។ ហានិភ័យផ្សេងៗទៀតដែលអាចកើតមាន គឺមហារីកសួត មហារីកក្រពះ មហារីកប្លោកនោម មហារីកបំពង់អាហារ ជំងឺផ្លូវដង្ហើម និងជំងឺបេះដូង។ ផលិតផលញៀនថ្មីមួយ ប្រភេទទៀត គឺជាឧបករណ៍កម្តៅ សារធាតុថ្នាំជក់ ដែលស្រដៀងនឹងបារីធម្មតា។ យុវជនត្រូវបានគេបំភ័ន្តថា ការប្រើប្រាស់បារី អេឡិចត្រូនិក គឺជាមធ្យោបាយផ្តាច់បារីដែលមានសុវត្ថិភាព និងមិនប៉ះពាល់ដល់បរិស្ថាន ព្រមទាំងទទួលស្គាល់ដោយអ្នកវិទ្យាសាស្ត្រមួយ ចំនួន។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានលើកឡើងថា នៅពេលបច្ចុប្បន្ននេះបារីអេឡិចត្រូនិក ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមអុីនធឺណេត ហើយជាឧបករណ៍ផ្តាច់បារី ប៉ុន្តែវាពុំដូច្នោះឡើយ។ បារីអេឡិចត្រូនិក គឺជាគ្រឿងញៀនប្រភេទថ្មី ដែលបាន និងកំពុងពង្វក់អារម្មណ៍យុវជនខ្មែរ ឱ្យឈ្លក់វង្វេង ឈានទៅដល់ការបោះ បង់ការសិក្សា ការងារ និងបង្កបញ្ហាសង្គមផ្សេងៗទៀតគួរឱ្យព្រួយបារម្ភ។
លោកបន្តថា ដូចចែងក្នុងសេចក្តីណែនាំស្តីពី វិធានការបង្ការបញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផល SISHA និងE-Cigarette ជាបារីអេឡិចត្រូនិក នៅក្នុងព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរពាក់ព័ន្ធត្រូវចាត់វិធានការ ជាបន្ទាន់ដោយត្រូវរឹបអូសយកផលិតផលទាំងនោះមករក្សាទុក តាមសេចក្តីណែនាំរបស់អាជ្ញាធរជាតិ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ដែលបានរឹតបន្តឹងការអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារ សុខភាពប្រជាជន ជាពិសេសយុវជនកម្ពុជាឱ្យបានទាន់ពេលវេលា ស្របតាមប្រធានបទនៃទិវាពិភពលោកគ្មានថ្នាំជក់នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ដើម្បីការពារយុវជន ពីឧបាយកលឧស្សាហកម្មថ្នាំជក់ និងបង្ការពួកគេឱ្យរួចផុតពីគ្រោះថ្នាក់ដោយការប្រើប្រាស់ថ្នាំជក់និងនីកូទីន៕ដោយ៖ សំរិត