ព័ត៌មានទាន់ហេតុការណ៍៖

ដល់សម័យនេះទៅហើយ ! ហេតុអ្វីអភិបាលស្រុកពាមជរ ប្រើច្បាប់ព្រៃកេណ្ឌមនុស្សរាប់រយនាក់ ទៅកាប់បំផ្លាញដំណាំចេកអ្នកដទៃ !(មានវីដេអូ)

ចែករំលែក៖

ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋដែលបានរស់នៅក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរខេត្តព្រៃវែង នាំគ្នាហួសចិត្ត និងចោទប្រកាន់ទៅលើអាជ្ញាធរស្រុក បានប្រើច្បាប់ព្រៃ ប្រមូលលោកគ្រូ និងសិស្សានុសិស្សរាប់រយនាក់ ទៅកាប់បំផ្លាញដំណាំចេក ក្នុងចេតនារំលោភយកដីរបស់ពួកគាត់។ សកម្មភាពល្មើសច្បាប់ទាំងនេះ អាជ្ញាធរស្រុកហ៊ានធ្វើទាំងគ្មានដីកាពីតុលាការ ហើយខណៈរឿងទំនាស់ដីធ្លីនេះពុំទាន់មានការសម្រេចណាមួយពីតុលាការនៅឡើយ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានរំលឹកថា,  កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ អភិបាលស្រុកពាមជរ លោក សេង ធា បានដឹកនាំប្រើប្រាស់កម្លាំងសមត្ថកិច្ច លោកគ្រូ សិស្សានុសិស្សរាប់រយនាក់ បានទៅដកបំផ្លាញចេក អស់រាប់រយដើម និងប្រើគ្រឿងចក្រឈូសឆាយភ្លឺ ទាំងមិនមានដីកាពីតុលាការ ។ សកម្មភាពទាំងនេះ ពេលដែលក្រុមគ្រួសារជនរងគ្រោះ សួរនាំ ទៅរកហេតុផល លោកអភិបាលស្រុកបានបញ្ជាឱ្យកម្លាំងចាប់កៀកក្រុមគ្រួសាររបស់ជនរងគ្រោះ។ ដោយលើកហេតុផលថា យកដីទាំងនេះធ្វើជាតារាងបាល់ទាត់សម្រាប់សិស្សសាលា។ 

លោកស្រី យិន កល្យាណ តំណាងឱ្យអតីតគ្រូបង្រៀនទាំង ៥គ្រួសារ បានសំណូមពរឲ្យសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍ ជួយសម្រួលប្រគល់ដីនេះជូនអតីតគ្រូបង្រៀនដែលជាសាស្ត្រាចារ្យចូលនិវត្តន៍ឲ្យបានរស់នៅលើដីនេះ នៃជីវិតចុងក្រោយសម្រាប់គ្រួសារពួកគាត់ ក្នុងគុណបំណាច់ដែលបានចូលរួមខិតខំបម្រើជាតិកន្លងទៅនោះ។

តំណាងអតីតគ្រូបង្រៀនទាំង ៥គ្រួសារ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា វិទ្យាល័យរស្មីសាមគ្គីនេះ បានបង្កើតឡើងក្នុងឆ្នាំ១៩៩១ និងបានផ្លាស់ប្ដូរនាយកចំនួន ២ទៅ ៣នាក់ហើយ ដែលមិនបានសើរើអំពីដីរបបគ្រូឡើយ។ ទើបតែលោកឆែម ឈាង មកកាន់ជានាយកវិទ្យាល័យរស្មីសាមគ្គីនេះ នឹងមានគ្រូចំនួន៥ ទៅ ៦នាក់ទៀតបានប្ដឹងទៅតុលាការខេត្តព្រៃវែងតាំងពីឆ្នាំ២០១៥ ដើម្បីទាមទារដីវិញដោយអះអាងថា ជាដីរបស់សាលាខណៈសាលានៅម្ខាងឯដី នៅខាងផ្លូវជាតិលេខ ៣១០សោះ។ 

លោកស្រី យិន កល្យាណ បានលើកឡើងថា បច្ចុប្បន្នលោកគ្រូអ្នកគ្រូទាំងអស់មានវ័យចំណាស់ចូលនិវត្តន៍អស់ហើយ អ្នកខ្លះទៀតក៏បានបាត់បង់ជីវិត នៅសល់តែផ្ទះនិង ដី ដែលប្រពន្ធកូនបានរស់នៅបន្ត។ ដោយឡែកសម្រាប់ឪពុកម្ដាយរបស់លោកស្រី គឺលោកគ្រូ ហ៊ុន ស៊ាប និងអ្នកគ្រូ សាយ ហ៊ុន ទទួលបានពីរបបពីរក្បាលដីជាប់គ្នាមានប្រវែង ៦០ម៉ែត្រគុណនិង ១១០ ម៉ែត្រ ដែលបានបង្កបង្កើនផលដំណាំស្រូវ ពោត សណ្ដែក ចេក ចិញ្ចឹមជីវិតកូនចៅតរហូតមក។ 

លោករៀង អុល អតីតមេភូមិបង្អែក ក៏ដូចជាប្រជាពលរដ្ឋ ជាច្រើន បានទទួលស្គាល់និងដឹងឮថាដីនេះពិតជាដីរបស់លោកគ្រូអ្នកគ្រូទាំង ៥គ្រួសារនោះពិតប្រាកដមែន គ្រប់គ្រងកាន់កាប់អាស្រ័យផលយូរឆ្នាំមកហើយ បើសិនអាជ្ញាធរធ្វើបែបនេះ ពិតជាអយុត្តិធម៌បំផុតសម្រាប់គ្រួសារពួកគាត់ ដែលបានដីទាំងនោះរស់នៅសម្រាប់បង្កបង្កើនផលជាដើម។

សូមបញ្ជាក់ថា ជុំវិញការចោទប្រកាន់ខាងលើនេះ លោក សេង ធា អភិបាលនៃគណៈអភិបាលស្រុកពាមជរ ជាមួយនឹងអ្នកសារព័ត៌មាន លោកមិនអាចធ្វើការបំភ្លឺបានទេ ជំរុញឲ្យទៅសួរខាងមន្ទីរព័ត៌មាន ចំពោះលោកគឺលោកមិនឆ្លើយ។

មន្ត្រីសាលាស្រុកមួយចំនួនបានលើកឡើងថា រឿងទាំងនេះបានក្តីក្តាំនៅតុលាការហើយ ដូច្នេះជាសមត្ថកិច្ចតុលាការ មិនគួរណាអាជ្ញាធរស្រុកប្រើប្រាស់អំណាចរំលោភបំពានទៅលើប្រជាពលរដ្ឋ ទាំងពុំទាន់សម្រេចរឿងក្តីនិងមិនមានដីកាពីតុលាការនោះ។

ពួកគាត់បានលើកឡើងថា បើដីគ្មានទំនាស់ ឡើងដល់តុលាការ ឬពុំទាន់មានប្លង់រឹង នោះជាសមត្ថកិច្ចរបស់អាជ្ញាធរជាអ្នកធ្វើការដោះស្រាយ ។ ប៉ុន្តែក្នុងករណីនេះរឿងវិវាទបានដល់តុលាការ ជាសមត្ថកិច្ចរបស់តុលាការជាអ្នកសម្រេច។ ការប្រមូលកម្លាំងនិងប្រមូលមនុស្សទៅកាប់បំផ្លាញដំណាំរបស់ប្រជាពលរដ្ឋ គឺជាអំពើល្មើសច្បាប់ បញ្ហានេះគួរណាស់តែថ្នាក់លើពិនិត្យពិចារណាធ្វើការស៊ើបអង្កេតស្រាវជ្រាវជុំវិញសកម្មភាពបំពានមកលើប្រជាពលរដ្ឋនេះផង៕

ដោយ៖សហការី


ចែករំលែក៖