ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង ៖ កិច្ចការជាអទិភាពចំនួន៧ធំៗក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ នឹងកែប្រែកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

ចែករំលែក៖

ភ្នំពេញ, បើយោងតាមអង្គភាព នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបញ្ជាក់ឲ្យដឹងថា,សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា មានកិច្ចការជាអទិភាពចំនួន៧ធំៗក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ដើម្បីអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ (២០២១-២០៣០) ដើម្បីកែប្រែកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ដោយកិច្ចការជាអទិភាពចំនួន៧ នេះរួមមាន៖
ទី១៖ការពង្រឹងការដឹកនាំ និងគ្រប់គ្រងការងារកំណែទម្រង់ ដោយកិច្ចការនេះផ្តោតទៅលើការពង្រឹង យន្តការដឹកនាំ សម្របសម្រួល និងគាំទ្រដល់ដំណើរការទូទៅនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដោយផ្តោតជាសំខាន់លើការពង្រឹងភាពជាម្ចាស់របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងអនុវត្តវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែមានប្រសិទ្ធភាព។

ទី២៖ការពិនិត្យឡើងវិញនូវមុខងារ និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋាបាលថ្នាក់ក្រោមជាតិ ដោយកិច្ចការនេះផ្តោតសំខាន់លើការបែងចែកឱ្យច្បាស់លាស់នូវសិទ្ធិអំណាច មុខងារ ការទទួលខុសត្រូវ និងខ្សែ គណនេយ្យភាពរវាងក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ទី៣៖ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ដែលបញ្ហានេះគឺផ្តោតសំខាន់លើកិច្ចការជាអទិភាព លើការគ្រប់គ្រងបុគ្គលិក និងការអភិវឌ្ឍសមត្ថភាពបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ទី៤៖វិមជ្ឈការហិរញ្ញវត្ថុ គឺបន្តផ្តោតលើការរៀបចំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ទទួលបានធនធានហិរញ្ញវត្ថុពីប្រភពនានា ដែលមានទំហំសមស្របសម្រាប់អនុវត្តមុខងារជាកាតព្វកិច្ចរបស់ខ្លួន។

ទី៥៖ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដែលកិច្ចការអទិភាពនេះ នឹងត្រូវកំណត់ឱ្យបានច្បាស់លាស់នូវមុខងារជាកាតព្វកិច្ច និងមុខងាជាជម្រើសរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការរៀបចំវិធានការនានាដែលបង្កលក្ខណៈឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានយន្តការនិតិវិធី និងស្តង់ដាសេវាច្បាស់លាស់ព្រមទាំងមានសមត្ថភាពសមស្របក្នុងការគ្រប់គ្រង ចាត់ចែងការអនុវត្តមុខងារ ដើម្បីធានាដល់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

ទី៦៖អភិបាលកិច្ចតាមប្រព័ន្ធអេឡិចត្រូនិច ដែលបច្ចុប្បន្ន ប្រព័ន្ធបច្ចេកវិទ្យាក្នុងពិភពលោកកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ទាំងក្នុងស្ថាប័នសាធារណៈ និងវិស័យឯកជននានាក្នុងការគ្រប់គ្រងការងារ ការចែករំលែកព័ត៌មាន ការប្រាស្រ័យទាក់ទងសាធារណៈរបស់ខ្លួន។

ទី៧៖កិច្ចការអន្តរវិស័យ កម្មវិធីជាតិដំណាក់កាលទី២ ក៏នឹងបន្តផ្តោតទៅលើការងារអន្តរវិស័យនានា រួមមានការលើកកម្ពស់បរិយាប័ន្ន និងសមធម៌សង្គម តាមរយៈការបញ្ជ្រាបកិច្ចការអន្តរវិស័យទាំងនេះក្នុងរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលក្រោមជាតិគ្រប់លំដាប់ថ្នាក់ ដើម្បីធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗបំពេញការងាររបស់ខ្លួនទាំងក្នុងការគ្រប់គ្រងធនធានមនុស្ស ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានដោយគ្មានការរើសអើង ការប្រកាន់ជាតិសាសន៍ សាសនា ភេទ ក្រុមជនងាយរងគ្រោះផ្សេងទៀត៕

ដោយ៖ សិលា


ចែករំលែក៖