ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានសេចក្ដីណែនាំបន្ថែម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី ។
ក្នុងសេចក្ដីណែនាំថ្មីបន្ថែមនេះ បានបញ្ជាក់ថា ក្រោយការសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី រដ្ឋបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពវិវឌ្ឍនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាននេះជាពិសេស ក្នុងចំណោមអាជីវករ សន្តិសុខ និងបុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ ដែលមានការឆ្លងជាបន្តបន្ទាប់សរុបត្រឹ រយៈពេល៤ថ្ងៃ បានរកឃើញអ្នកតេស្តវិជ្ជមានជំងឺកូវីដ-១៩ ប្រមាណជាង១០០នាក់។ ចំពោះមុខដើម្បីឈានទៅកាត់ផ្តាច់ប្រភពចម្លង និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការក្រើនរំលឹក និងណែនាំដូចខាងក្រោម៖
*ទី១៖ ដើម្បីចៀសវាងការពិន័យអន្តរការណ៍ និងការទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន សូមបងប្អូនអាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារនេះ គិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១មក ដែលមិនទាន់បានអញ្ជើញ ទៅយកសំណាក ត្រូវរួសរាន់ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅក្នុងបរិវេណវិទ្យាល័យបាក់ទូក និងត្រូវអនុវត្តវិធានចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺត្រូវនៅក្នុងផ្ទះ ឬបន្ទប់ដាច់ដោយឡែកគ្រប់ពេលវេលាទាំងអស់ ក្នុងរយៈពេល១៤ថ្ងៃ ហាមដាច់ខាតដើរចេញក្រៅផ្ទះ ឬបន្ទប់ ឬទីកន្លែងដែលខ្លួនត្រូវធ្វើចត្តាឡីស័ក។
*ទី២៖ ចំពោះអាជីវករ សន្តិសុខ និងបុគ្គលិក-កម្មករ បម្រើការងារក្នុងផ្សារ ដែលមិនព្រមសហការទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ តាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឲ្យបន្តអាជីវកម្មលក់ដូរ ឬចេញ-ចូលមកបម្រើការងាររបស់ខ្លួនឡើយ នៅពេលដែលផ្សារនេះ ត្រូវបានបើកដំណើរការជាប្រក្រតីឡើងវិញ
*ទី៣៖ ចំពោះប្រជាពលរដ្ឋដែលមានលំនៅឋានរស់នៅក្បែរខាង ជាមួយអាជីវករ សន្តិសុខ និងបុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារអូរឫស្សី ក្នុងកាលៈទេសៈនេះដាច់ខាត គឺមិនត្រូវជួបប្រាស្រ័យទាក់ទងជាមួយគ្នាឡើយ និងត្រូវចូលរួមឃ្លាំមើលពីការអនុវត្តវិធានចត្តាឡីស័ករបស់ពួកគាត់។
ក្នុងករណីពិនិត្យឃើញថា មានបុគ្គលណាមួយ មិនព្រមអនុវត្ត ឬអនុវត្តមិនបានពេញលេញ តាមវិធានចត្តាឡីស័ក សូមបងប្អូនប្រជាពលរដ្ឋ ធ្វើការណែនាំ និងរាយការណ៍ជាបន្ទាន់ មកអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬទំនាក់ទំនងទៅកាន់លេខ ១២៩៩ ហើយរដ្ឋបាលរាជធានីភ្នំពេញ ធានារក្សាការសម្ងាត់ជូនដើម្បីឲ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការ បានទាន់ពេលវេលា ចៀសវាងការចម្លងជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរទៅក្នុងមូលដ្ឋានភូមិ-សង្កាត់ ដែលខ្លួនកំពុងរស់នៅ។
*ទី៤៖ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលមានអាជីវករ សន្តិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ កំពុងរស់នៅក្នុងមូលដ្ឋានដែនដីដែលខ្លួនគ្រប់គ្រង ត្រូវចុះផ្សព្វផ្សាយជំរុញឲ្យពួកគាត់ ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ និងត្រូវដាក់កម្លាំងគ្រប់គ្រង ឃ្លាំមើលណែនាំ និងមានចំណាត់ការឲ្យបានទាន់ពេលវេលា ដើម្បីធានាថាពួកគាត់ពិតជា បានអនុវត្តយ៉ាងខ្ជាប់ខ្លួនតាមវិធានចត្តាឡីស័ក និងការណែនាំរបស់ក្រសួងសុខាភិបាល។
គួរជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៣០២៨នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន២៤៩៦នាក់, អ្នកជាសះស្បើយចំនួន ១៩១៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន១០៨៥នាក់, អ្នកស្លាប់ចំនួន ២៤នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕ដោយ៖សំរិត