ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី២០ និងពិធីប្រារព្ធខួបលើកទី៤៥ របស់អាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១២ កម្ពុជាជាប្រទេសចុងក្រោយគេ ដែលបានក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអ្នកដែលនាំកម្ពុជាចូលអាស៊ាន បានលើកឡើងនូវកត្តាចម្បងបួន ដែលកម្ពុជាចូលជាសមាជិកអាស៊ាន៖ (១).កត្តាមិនជ្រៀតកិច្ចការផ្ទៃក្នុងផងគ្នាទៅវិញទៅមក ដែលតាមរយៈនេះ អាស៊ានបានក្លាយជារបាំងដ៏សំខាន់ សម្រាប់ការពារអធិបតេយ្យ នៃរដ្ឋជាសមាជិក, (២).កត្តាស្មារតីសហគមន៍ គឺរបៀបនៃការធ្វើសេចក្តីសម្រេច ចិត្តរបស់អាស៊ាន គឺផ្អែកលើគោលការណ៍កុងសង់ស៊ីស គឺសិទ្ធិស្មើគ្នាក្នុងការធ្វើសេចក្តីសម្រេចចិត្ត ដោយមិន គិតថា សមាជិកចាស់ ឬសមាជិកថ្មី ឬប្រទេសអ្នកមាន ឬប្រទេសអ្នកក្រ, (៣).កត្តាសមាហរណកម្មតំបន់ ពោលគឺជាស្នូលនៃនិម្មាបនកម្មតំបន់ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច និងសង្គម និង(៤). អាស៊ានជាច្រកទ្វារ ការទូតដ៏សំខាន់សម្រាប់កម្ពុជា។ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ មកអាស៊ាន តែងតែជាផ្នែកដ៏សំខាន់មួយនៃគោលនយោបាយការបរទេសរបស់កម្ពុជា។
រយៈពេល ២០ឆ្នាំកន្លងមកនេះ កម្ពុជាបានចាប់យកនូវឱកាសជាច្រើន ពីសមាជិកភាពរបស់ខ្លួននៅក្នុងអាស៊ាន ហើយកម្ពុជាក៏បានចូលរួមចំណែកយ៉ាងធំធេងផងដែរ ក្នុងការកសាងសហគមន៍អាស៊ាន និយាយជារួម និងការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន និយាយដោយឡែក។ ចាប់តាំងពីពេលដែលកម្ពុជា បាន ក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ មក កម្ពុជាធ្លាប់បានធ្វើជាប្រធានអាស៊ានចំនួន២លើករួចមក ហើយ គឺលើកទី១នៅឆ្នាំ២០០២ និងលើកទី២នៅឆ្នាំ២០១២ ហើយនៅឆ្នាំ២០២២ ខាងមុខនេះ កម្ពុជានឹង ធ្វើជាប្រធានអាស៊ានជាថ្មីម្តងទៀត។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ តើអ្វីជាឱកាសសម្រាប់កម្ពុជា ក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន? តើកម្ពុជាគួរត្រៀមលក្ខណៈបែបណាខ្លះ ដើម្បីចាប់យកឱកាសទាំងនោះ?
ជាការណ៍ពិតណាស់ តួនាទីជាប្រធានអាស៊ានអាចជាមោទនភាពផង ហើយក៏អាចជាសម្ពាធផង ជាឱកាសផង ហើយក៏អាចជាបញ្ហាប្រឈមផងដែរ។ ក៏ប៉ុន្តែជាបឋមអ្វីដែលជាឱកាសម្រាប់កម្ពុជានៅពេលនេះ គឺជាពេលវេលា ដែលយើងអាចបង្ហាញប្រកបដោយក្តីមោទនភាពថា កម្ពុជាដែលពីមុនជាប្រទេស ត្រូវទទួលរងការហ៊ុម ព័ទ្ធ និងឯកោទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវបានក្លាយជាប្រទេសមួយដែលកំពុង សមាហរណកម្មខ្លួន យ៉ាងសកម្ម ទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងពិភពលោក និងជាប្រទេសដែលកំពុងតែដើរតួនាទី យ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ និងប្រកាន់ខ្ជាប់ជានិច្ចនូវ គោលការណ៍ពហុភាគីនិយម។
ជាមួយគ្នានេះដែរ តួនាទីកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២វាជាឱកាសដែលកម្ពុជាអាចបង្ហាញពីសមត្ថភាព ខាងធនធានមនុស្ស និងហិរញ្ញវត្ថុ ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំបែបនេះ។ ប៉ុន្តែ សន្តិភាព និងស្ថិរភាពនយោបាយនៅប្រទេសកម្ពុជាគឺជារឿងដែលមិនអាចមើលរំលងបាន។ បើសិនជាកម្ពុជាស្ថិតក្នុងចលាចល ខាងនយោបាយ និងការហែកហួរដោយសង្គ្រាម គឺយើងពិតជាមិនមានឱកាសទទួល ភារកិច្ចដ៏ធំបែបនេះបាន នោះទេ។ ព្រឹត្តិការណ៍នេះនឹងជួយឱ្យកម្ពុជាលើកមុខមាត់របស់ខ្លួន ទាំងវិស័យនយោបាយ ការទូតសេដ្ឋកិច្ច ប្រតិបត្តិការសន្តិភាព និងការងារមនុស្សធម៌អន្តរជាតិ។
នៅក្នុងតំបន់ក៏ដូចជាពិភពលោក បញ្ហាប្រឈមខាងសន្តិសុខជាប្រពៃណី និងមិនមែនប្រពៃណីជាច្រើនកំពុង កើតឡើងដូចជាការប្រកួតប្រជែងរវាងមហាអំណាច, បញ្ហាសមុទ្រចិនខាងត្បូង, បញ្ហាការប្រើប្រាស់ទឹកនៅ ក្នុងតំបន់មេគង្គ, ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាការទូតវ៉ាក់សាំង, ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយ ជំងឺកូវីដ-១៩, គ្រោះមហន្តរាយធម្មជាតិ, ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត, ឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស, ជនបាត់បង់ទីលំនៅក្នុងស្រុក, ពលករចំណាកស្រុក,ការផ្លាស់ប្តូរអាកាសធាតុ ជាដើម នឹងបន្តក្លាយជាបញ្ ហាប្រឈម ដែលកាន់តែស្មុគស្មាញឡើង។ បញ្ហាទាំងអស់នេះមិនមានកំណត់ព្រំដែនឬជាការ ទទួលខុស ត្រូវដាច់ដោយឡែករបស់ប្រទេសណាមួយនោះទេ តែវាជាការទទួលខុសត្រូវរួមរបស់សហគមន៍អន្តរជាតិ ដែលក្នុងនោះ កម្ពុជាក៏មានចំណែកមួយក្នុងនោះដែរ។ ដូច្នេះ តួនាទីរបស់កម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ខាងមុខ គឺជាឱកាសដែលកម្ពុជាអាចបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញខាងលើ។
កម្ពុជា ដែលពីមុនល្បីថា ជាវាលពិឃាត, ជាតំបន់អសន្តិសុខ, ជាចម្ការមីនដែលគេភ័យខ្លាចគ្រប់គ្នា, ឥឡូវនេះ បានក្លាយទៅជា «កោះសន្តិភាព» និងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាពនៅក្នុងតំបន់អាស៊ី អាគ្នេយ៍ ដែលទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ។ កម្ពុជា ដែលពីមុនល្បីក្នុងការប្រើប្រាស់ អាវុធដើម្បីដណ្តើមអំណាចគ្នា និងក្នុងការផ្លាស់ប្តូររដ្ឋាភិបាល, ឥឡូវនេះ បានក្លាយទៅជាប្រទេសមួយដែលគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការរៀបចំយ៉ាងទៀត ទាត់នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឱ្យប្រជាពលរដ្ឋជ្រើសតាំងតំណាងដឹកនាំប្រទេស, ជានីតិរដ្ឋដែលគោរពគោលការណ៍ច្បាប់ដោយឥតងាករេ និងជារដ្ឋអធិបតេយ្យ ដែលមានបូរណភាពទឹកដី ពេញលេញ។ ទាំងនេះជាមេរៀននិងបទពិសោធន៍នៃការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ និងការអនុវត្ត នយោបាយឈ្នះ-ឈ្នះ ដែលកម្ពុជាអាចចែករំលែកជាមួយសមាជិកអាស៊ានដទៃទៀតក្នុងឱកាស ដែលកម្ពុជាធ្វើជាប្រធានអាស៊ាននាពេលខាងមុខ។
ការជំរុញដំណើរសមាហរណកម្មតំបន់ពេញលេញរបស់អាស៊ាន និងការលើកម្ពស់កិច្ចសហប្រតិបត្តិការខាងក្រៅរបស់អាស៊ាន ជាកិច្ចការដ៏សំខាន់ដែលប្រធានអាស៊ានផ្តោតការយកចិត្តទុកដាក់។ ដូច្នេះ ឆ្នាំ២០២២ ខាងមុខនេះ ជាឱកាសសម្រាប់កម្ពុជាក្នុងការជំរុញការយល់ព្រមលើសមាជិកភាពរបស់ប្រទេសទីម័រខាងកើត ជាសមាជិកទី១១ របស់អាស៊ាន និងការពង្រីកដៃគូសន្ទនាដទៃទៀតរបស់អាស៊ាន។ ទន្ទឹមនឹងនោះដែរ ចុងក្រោយជាឱកាសដែលកម្ពុជាអាចបង្ហាញពីសក្តានុពលនៃការអភិវឌ្ឍ និងការទាក់ទាញការវិនិយោគផ្ទាល់ ពីបរទេស និងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់ខ្លួន ប្រសិនបើយើងអាចរៀបចំប្រជុំនានាដោយផ្ទាល់បាន។
ខាងលើជាឱកាសខ្លះៗ ដែលកម្ពុជាអាចទទួលបានក្នុងឋានៈជាប្រធានអាស៊ាននាឆ្នាំ២០២២ខាងមុខនេះ។ ប៉ុន្តែ សំណួរសួរថា តើកម្ពុជាគួរត្រៀមលក្ខណៈបែបណាខ្លះដើម្បីចាប់យកឱកាសទាំងនោះ?
ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជានឹងមានទាំងឱកាសទាំងបញ្ហាប្រឈម។ ក្នុងន័យនេះ កម្ពុជាត្រូវត្រៀម លក្ខណៈទាំងខាងក្នុង និងខាងក្រៅឱ្យបានគ្រប់គ្រាន់ ដើម្បីចាប់យកឱកាសផង និងទប់ទល់នឹងបញ្ហាប្រឈមផង។ ខាងក្រោមនេះជាការពិចារណាខ្លះៗអំពីការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន។
ពិតហើយ កម្ពុជាជារបស់យើងទាំងអស់គ្នា មិនមែនជារបស់រាជរដ្ឋាភិបាលឬស្ថាប័នរដ្ឋណាមួយដាច់ដោយ ឡែកនោះទេ។ ភាពជោគជ័យឬបរាជ័យរបស់កម្ពុជា ជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា រាប់ទាំង ប្រជាពលរដ្ឋគ្រប់រូបរបស់កម្ពុជាផងដែរ។ ក្នុងន័យនេះ ជាទិដ្ឋភាពផ្ទៃក្នុង គឺត្រូវធានាថា មានការចូលរួមពី គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីគាំទ្រដល់ការទទួលធ្វើជាប្រធានអាស៊ាន ជាប្រវត្តិសាស្ត្រនេះឱ្យទទួល បានជោគជ័យ គឺត្រូវត្រៀមលក្ខណៈទាំងធនធានមនុស្ស, សម្ភារៈ, ថវិកា, បច្ចេកទេស, ការងារសន្តិសុខ, ការងារពិធីការ និងបដិសណ្ឋារកិច្ច ជាពិសេស ការងារឯកសារសម្រាប់បម្រើដល់កិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ ព័ន្ធនានា ដែលជាការងារដ៏មានសារៈសំខាន់បំផុតសម្រាប់ព្រឹតិ្តការណ៍នេះ។
ទន្ទឹមនឹងនោះដែរ គណបក្សនយោបាយនានាគួរតែមានជំហររួមទៅលើគោលបំណង និងអាទិភាពគោល នយោបាយការបរទេសរបស់ជាតិ ដើម្បីអធិបតេយ្យ បូរណភាពទឹក និងផលប្រយោជន៍ជាតិ, ស្ថាប័នសិក្សា ស្រាវជ្រាវ ធនាគារខួរក្បាលជាតិ ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវដទៃទៀត គួររួមចំណែកជាមួយស្ថាប័ន ពាក់ព័ន្ធ ក្នុងការផ្តល់យុទ្ធសាស្ត្រ និងអនុសាសន៍គោលនយោបាយនានា ដើម្បីឱ្យកម្ពុជាអាចទទួលបាននូវផល ប្រយោជន៍ដ៏លើសលប់ពីតួនាទីរបស់ខ្លួនជាប្រធានអាស៊ាន, ទាំងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ត្រូវជំរុញការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីតួនាទីរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន និងផ្សព្វផ្សាយព័ត៌មានពិត អំពីកម្ពុជាជូនទៅដល់សាធារណជនទាំងក្នុង និងក្រៅប្រទេស, អង្គការសង្គមស៊ីវិលនានាក៏ត្រូវរួមចំណែក លើកម្ពស់មុខមាត់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាននេះដែរ ហើយត្រូវរួមចំណែកផ្តល់អនុសាសន៍ក្នុងន័យ ស្ថាបនាដល់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ហើយចុងក្រោយ ពលរដ្ឋកម្ពុជា ក៏មានចំណែកក្នុងភាព ជោគជ័យរបស់កម្ពុជាផងដែរ ត្រូវរៀបចំខ្លួនជាពលរដ្ឋដែលមានវិន័យ ជាពលរដ្ឋដែលមានការទទួលខុសត្រូវ ជាពលរដ្ឋប្រកបដោយពុទ្ធិ និងជាពលរដ្ឋដែលសកម្ម។
ជាទិដ្ឋភាពខាងក្រៅ តំបន់ និងពិភពលោកកំពុងពើបប្រទះបញ្ហាប្រឈមធំៗ តួយ៉ាង ការប្រកួតប្រជែងនៃពួក មហាអំណាច បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាក្នុងតំបន់មេគង្គ ក៏ដូចជាការប្រជែងគ្នារវាងយុទ្ធសាស្ត្រគំនិត ផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (Belt and Road Initiative – BRI) និងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific Strategy) ជាដើម។ ក្នុងស្ថានភាពនេះ គឺទាមទារឱ្យកម្ពុជាអនុវត្តការទូតស្ងាត់ស្ងៀម និងការពិគ្រោះយោបល់ ដើម្បីស្វែងរកមូលដ្ឋានរួមសម្រាប់កិច្ចសហប្រតិបត្តិការតំបន់ក្នុងចំណោមប្រទេសនានានៅក្នុងតំបន់ ដើម្បីកុំឱ្យ សមាជិកអាស៊ានបែកបាក់ ដែលម្ខាងរត់ទៅរកសហរដ្ឋអាម៉េរិក ម្ខាងរត់ទៅរកចិន ដើម្បីផលប្រយោជន៍រៀងៗ ខ្លួន។ ពោលគឺជំរុញរបៀបវារៈទាំងឡាយណាដែលចងភ្ជាប់អាស៊ាន ជាជាងបញ្ហាដែលធ្វើឱ្យអាស៊ានបែកបាក់ ជាពិសេសគឺរក្សាសាមគ្គីភាព ឯកភាព និងអព្យាក្រឹតភាពអាស៊ាន និងបង្ហាញឱ្យឃើញថា អាស៊ានជាកម្លាំងទប់ ក្នុងការគ្រប់គ្រងការប្រកួតប្រជែងអំណាចរវាង ចិន និងសហរដ្ឋអាម៉េរិក ដើម្បីរក្សា និងគ្រប់គ្រងស្ថានភាព ឬបរិស្ថាន ដែលអំណោយផលដល់សន្តិភាព និងស្ថិរភាព ដើម្បីទ្រទ្រង់ការជំរុញវិបុលភាពក្នុងតំបន់។ លើសពី នេះទៀត កម្ពុជាត្រូវដាក់ចេញនូវរបៀបវារៈដែលអាចផ្តល់នូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ ពលរដ្ឋអាស៊ាន ដើម្បីឱ្យពលរដ្ឋអាស៊ានមានមោទនភាពនិងក្តីសង្ឃឹមសម្រាប់អនាគតនិងមានទំនុកចិត្តសម្រាប់សុខុមាលភាព របស់មនុស្សជំនាន់ក្រោយ និងព្យាយាមធ្វើឱ្យមានតុល្យភាពផងដែររវាងសសរស្តម្ភទាំង៣របស់អាស៊ាន រួមមានសហគមន៍នយោបាយ-សន្តិសុខ, សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌។
ក្នុងឱកាសដ៏ពិសេសនោះ កម្ពុជាគួរផ្តួចផ្តើមគំនិតបង្កើត «ក្រុមប្រឹក្សាត្រួតពិនិត្យ និងសម្របសម្រួលអាស៊ាន» មួយដែលដើរតួនាទីជាស្ថាប័នត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកិច្ចព្រមព្រៀង សេចក្តីថ្លែងការណ៍ និង លិខិតូបករណ៍នានារបស់អាស៊ាន ព្រោះអាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារនានារាប់ មិនអស់ ប៉ុន្តែការអនុវត្តជាក់ស្តែងហាក់ដូចជានៅមានកម្រិតនៅឡើយ ហើយអាស៊ានមិនទាន់មានយន្តការ អចិន្ត្រៃយ៍ និងអាណត្តិពេញលេញក្នុងកិច្ចការនេះនោះទេ។ ទន្ទឹមនឹងនេះដែរ ក្រុមប្រឹក្សានេះនឹងដើរតួនាទី ជាយន្តការសម្រាប់សម្របសម្រួលឬដោះស្រាយវិបត្តិផ្ទៃក្នុង នៃរដ្ឋជាសមាជិក ជម្លោះរវាងរដ្ឋជាសមាជិក និងធ្វើបុរេសកម្មភាពដើម្បីទប់ទល់ការជ្រៀតជ្រែកពីមហាអំណាចខាងក្រៅ។
ពាក់ព័ន្ធនឹងវិបត្តិនយោបាយបាយនៅប្រទេសមីយ៉ាន់ម៉ា កម្ពុជាគួរបង្កើតក្រុមការងារពិសេសមួយដើម្បីធ្វើការ ជាមួយ បណ្តាគូជម្លោះនៅមីយ៉ាន់ម៉ាដោយស្ងាត់ស្ងៀមឬការទូតទ្វារក្រោយ ដើម្បីចែករំលែកមេរៀន និង បទពិសោធន៍នៃការកសាងសន្តិភាព និងការអនុវត្តនយោបាយឈ្នះ-ឈ្នះ សម្រាប់ប្រទេសមីយ៉ាន់ម៉ា ហើយវាក៏ជាឱកាសដើម្បីបង្ហាញថា កម្ពុជាមានសមត្ថភាពជួយដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេស ជាសមាជិកអាស៊ានដូចគ្នា។ ការជួយដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា មិនមែនជាការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះនោះទេ ប៉ុន្តែជាការបង្ហាញសាមគ្គីភាពអាស៊ាន និងការជួយគ្នាទៅវិញទៅមក ដោយឈរលើការគោរពអធិបតេយ្យគ្នាទៅវិញទៅមក។
កម្ពុជាត្រូវបន្តលើកកម្ពស់តួនាទី និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ តាមរយៈការជំរុញបន្ថែមទៀត នូវដំណើរការមជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន ដែលជាផ្នែកមួយនៃការទូតសាធារណៈរបស់កម្ពុជា ដែលជាប្រទេសធ្លាប់រងគ្រោះដោយសារមីន ទៅជាប្រទេសដែលមានសកម្មភាពលេចធ្លោក្នុងការបោស សម្អាតមីន, ចូលរួមយ៉ាងសកម្មថែមទៀតក្នុងបេសកកម្មរក្សាសន្តិភាព និងការងារមនុស្សធម៌អន្តរជាតិ, ការប្រកាន់ខ្ជាប់នូវនីតិរដ្ឋ, អភិបាលកិច្ចល្អ, គោលការណ៍ប្រជាធិបតេយ្យ ក៏ដូចជាការលើកកម្ពស់នូវការគោរព និងការការពារសេរីភាព សិទ្ធិមនុស្ស និងការលើកកម្ពស់យុត្តិធម៌សង្គមជាដើម ដើម្បីកសាងមុខមាត់ និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ។
កម្ពុជាចាំបាច់ត្រូវធ្វើសកម្មភាពចាប់ពីពេលនេះតទៅ ក្នុងការជំរុញការគាំទ្រការបញ្ចូលសមាជិកភាពប្រទេសទីម័រ ខាងកើតទៅក្នុង អាស៊ាន។ ទីម័រខាងកើតជារដ្ឋមួយដូចកម្ពុជាដែរដែលបានឆ្លងកាត់ជម្លោះ និងអំពើប្រល័យ ពូជសាសន៍ពីអតីតកាល កម្ពុជាបានយល់ច្បាស់ពីសារៈសំខាន់នៃការចូលរបស់ទីម័រខាងកើតទៅក្នុងអាស៊ាន។ ក្នុងនាមជាសមាជិកចុងក្រោយរបស់អាស៊ាន កម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើនពីសមាជិកភាព របស់ខ្លួននៅក្នុងអាស៊ាន។ ដូច្នេះ វាជាកាតព្វកិច្ចរបស់កម្ពុជាក្នុងការគាំទ្រ និងជួយដល់ទីម័រខាងកើតក្នុងការចូល ជាសមាជិកអាស៊ានដើម្បីធ្វើឱ្យសមាហរណកម្មតំបន់អាស៊ានមានលក្ខណៈពេញលេញ។ ទន្ទឹមនឹងនោះ កម្ពុជាក៏ត្រូវជំរុញការពង្រីកដៃគូសហប្រតិបត្តិការខាងក្រៅរបស់អាស៊ានដើម្បីផលប្រយោជន៍អាស៊ានផង និងដើម្បីតុល្យភាពផង។
កម្ពុជាត្រូវបន្តធ្វើពិពិធកម្មការទូតជាយុទ្ធសាស្ត្រគាំទ្រគោលការណ៍ពហុភាគីនិយម រក្សាទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រទេសមហាអំណាចទាំងអស់ ពង្រឹងតួនាទីសំខាន់របស់អាស៊ាន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ទំនាក់ទំនងអន្តរជាតិដែលផ្អែកលើច្បាប់ និងលើកកម្ពស់សន្តិភាពតាមរយៈការសន្ទនា និងការចរចា។ ប្រទេសកម្ពុជាត្រូវតែប្រកាន់ជំហរអព្យាក្រឹតដាច់ខាតចំពោះជម្លោះ និងអធិបតេយ្យភាពអន្តរជាតិ។ កម្ពុជាក៏អាចដើរតួជាមេអណ្តើកក្នុងការសម្របសម្រួល បន្ធូរបន្ថយកម្ដៅសមុទ្រចិនខាងត្បូងផងដែរ។
ចុងក្រោយ ទន្ទឹមនឹងកិច្ចប្រជុំនានា កម្ពុជាគួររៀបចំវេទិកាធុរកិច្ច និងវិនិយោគ ដើម្បីបង្ហាញសក្តានុពល និងភាព ទាក់ទាញរបស់កម្ពុជាលើវិស័យពាណិជ្ជកម្មវិនិយោគ និងទេសចរណ៍ ដែលស្របនឹងយុទ្ធសាស្ត្រការទូត សេដ្ឋកិច្ចរបស់កម្ពុជា។ ប៉ុន្តែដើម្បីធានាឧត្តមភាពប្រកួតប្រជែងរបស់ខ្លួន កម្ពុជាចាំបាច់ត្រូវបន្តធ្វើកំណែទម្រង់ស៊ីជម្រៅជាក់ស្តែង និងមានប្រសិទ្ធភាពទៅលើស្ថាប័នរបស់រដ្ឋ, បន្តពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ដែលអាចកាត់បន្ថយថ្លៃសេវាដឹកជញ្ជូន និងថ្លៃដើមចង្វាក់ផលិតកម្ម, ការផ្គត់ផ្គង់អគ្គិសនី និងទឹកក្នុងតម្លៃទាប, កាត់បន្ថយឬលុបបំបាត់ការិយាធិបតេយ្យក្នុងនីតិវិធីវិនិយោគ និងចុងក្រោយគឺពង្រឹងអភិវឌ្ឍធនធាន មនុស្សដើម្បីធានាថា កម្ពុជាមានកម្លាំងពលកម្មជំនាញ និងពាក់កណ្តាលជំនាញ សម្រាប់បំពេញតម្រូវការទីផ្សារ ទាំងក្នុងស្រុក តំបន់ និងអន្តរតំបន់។
ជារួមទៅ ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជានឹងអាចទទួលបាននូវឱកាសយ៉ាងច្រើន ក្នុងការបង្ហាញមុខមាត់ និងកិត្យានុភាពរបស់ខ្លួនលើឆាកអន្តរជាតិ និងសមត្ថភាពក្នុងការរួមចំណែកដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ និងជាមោទនភាពដ៏ធំធេងរបស់កម្ពុជាដែលបានទទួលតួនាទីដ៏ត្រចះត្រចង់នេះ។ ប៉ុន្តែ ភាពជោគជ័យឬបរាជ័យ របស់កម្ពុជា វាអាស្រ័យលើការត្រៀមលក្ខណៈរបស់កម្ពុជា ទាំងកិច្ចការខាងក្នុង និងកិច្ចការខាងក្រៅ និងការ ចូលរួមដោយស្មារតីគិតគូរផលប្រយោជន៍ជាតិខ្ពស់ពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងពីគ្រប់សមាសភាពសង្គមកម្ពុជា រាប់ចាប់ពីគណបក្សនយោបាយ ស្ថាប័នសិក្សាស្រាវជ្រាវ ធនាគារខួរក្បាលជាតិ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន អង្គការសង្គមស៊ីវិលអ្នកសិក្សាស្រាវជ្រាវ និងពលរដ្ឋកម្ពុជាទូទៅ ដែលម្នាក់ៗសុទ្ធតែមានចំណែកចំពោះភាព ជោគជ័យឬបរាជ័យ នៃតួនាទីជាប្រវត្តិសាស្ត្ររបស់កម្ពុជា ជាប្រធានអាស៊ាននេះ៕
ដោយ៖ សូរិយា