ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាមិនធម្មតាមែន! ក្រុមហ៊ុនធំៗចំនួនពីរនៅអាមេរិក​ រួមដៃគ្នា ផលិតរថយន្តសម្រាប់អវកាសយានិក បើកបរលើឋានព្រះច័ន្ទ

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមវែបសាយព័ត៌មាន Space នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១​ បានចុះផ្សាយថា​ បច្ចុប្បន្ននេះ​នៅសហរដ្ឋអាមេរិក មានក្រុមហ៊ុនធំៗចំនួនពីរ កំពុងរួមដៃគ្នាអភិវឌ្ឍយានជំនិះ សម្រាប់ឲ្យអវកាសយានិកជិះធ្វើដំណើរ នៅលើផ្ទៃព្រះច័ន្ទនាពេលអនាគត។

វែបសាយព័ត៌មាន Space បាននិយាយបន្ថែមថា​ កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រុមហ៊ុន Lockheed Martin និងក្រុមហ៊ុន GM បានប្រកាសថា ពួកគេកំពុងអភិវឌ្ឍយានជំនិះមួយ ដែលអាចប្រើប្រាស់នៅក្នុងកម្មវិធី Artemis របស់ទីភ្នាក់ងារអវកាសអាមេរិក NASA។ កម្មវិធី Artemis មានគោលដៅកសាងមូលដ្ឋានឲ្យមនុស្សស្នាក់នៅ ប្រកបដោយនិរន្តរភាពនៅលើផ្ទៃ និងជុំវិញឋានព្រះច័ន្ទ មុនចុងទសវត្សរ៍នេះ។

ជាក់ស្ដែង​ចំពោះ​ដំណើរការអភិវឌ្ឍន៍ នៃយានជំនិះខាងលើនេះ កំពុងស្ថិតនៅដំណាក់កាលរចនាដំបូងៗនៅឡើយ ប៉ុន្តែអ្នកតំណាងក្រុមហ៊ុន Lockheed និង GM បានឲ្យដឹងថា វានឹងជាយានជំនិះដើរដោយថាមពលអគ្គិសនីសុទ្ធសាធ និងមានមុខងារស្វ័យប្រវត្តិច្រើន ហើយម៉ូដែលដំបូង ប្រហែលអាចផ្ទុកអវកាសយានិកបាន ០២នាក់។

ក្រុមហ៊ុន Lockheed និង GM ពុំមានកិច្ចសន្យារបស់ NASA ដើម្បីអភិវឌ្ឍយានជំនិះ LTV ទេ ហើយ NASA ផ្ទាល់ ក៏ពុំទាន់បានផ្តល់កិច្ចសន្យាបែបនេះ ដល់ក្រុមហ៊ុនណាមួយដែរ ប៉ុន្តែក្រុមហ៊ុនទាំងពីរកំពុងព្យាយាម ក្តាប់យកឱកាសឲ្យបានមុនគេនៅពេល NASA ចាប់ផ្តើមពិចារណាជ្រើសរើសក្រុមហ៊ុនណាមួយ ឬនៅពេលមានអតិថិជនណាផ្សេងចាប់អារម្មណ៍។

សូមជម្រាបថា​ កាលពីឆ្នាំមុន NASA បានស្នើឲ្យក្រុមហ៊ុនដែលមានឯកទេសខាងផ្នែកអវកាស ជួយផ្តល់គំនិតអំពីការអភិវឌ្ឍយានជំនិះហៅថា LTV ដែល អាចជួយដល់ការងាររុករកនៅឯតំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ជាកន្លែងដែលក្រុមអវកាសយានិកនៃបេសកកម្ម Artemis នឹងចុះទៅដល់ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ និងជាកន្លែងដែល NASA មានចក្ខុវិស័យបង្កើតមូលដ្ឋានស្រាវជ្រាវមួយនៅទីនោះ។

គួរបញ្ជាក់ថា LTV នឹងមិនមែនជាយានជំនិះតែមួយគត់ សម្រាប់អវកាសយានិកនៃបេសកកម្ម Artemis ឡើយ។ ប្រសិនបើ អ្វីៗប្រព្រឹត្តទៅបានរលូនតាមការគ្រោងទុក NASA ក៏មានបំណងផ្តល់យានជិះធំជាងនេះទៅទៀត ដែលអាចឲ្យអវកាសយានិក ស្នាក់នៅក្នុងនោះបានមួយរយៈ ពេលធ្វើដំណើរនៅលើផ្ទៃព្រះច័ន្ទផងដែរ។

ដោយឡែក​ NASA គ្រោងអភិវឌ្ឍយានបែបនេះ ជាមួយទីភ្នាក់ងារអវកាសជប៉ុន JAXA ដែលជាដៃគូសំខាន់មួយ ក្នុងកម្មវិធី Artemis ខណៈ JAXA បាននិងកំពុងតែអភិវឌ្ឍយានជំនិះយ៉ាងដូច្នេះ សម្រាប់ធ្វើប្រតិបត្តិការលើផ្ទៃព្រះច័ន្ទ ក្រោមការសហការជាមួយក្រុមហ៊ុន Toyota៕ដោយ​៖ស​ តារា​

រូបភាព​៖Lockheed Martin


ចែករំលែក៖