ព័ត៌មានទាន់ហេតុការណ៍៖

ថៃ៖​ រកឃើញមនុស្សជិត​ ៤ពាន់នាក់​ ឆ្លង​ជំងឺ​កូវីដ​-១៩ថ្មី​ និងអ្នកជំងឺ ៣៤នាក់ទៀតស្លាប់,​ ខណៈរដ្ឋាភិបាលថៃ គ្រោងនឹងចាត់វិធានការបន្ថែមទៀត ដើម្បីជួយសេដ្ឋកិច្ចប្រទេសឡេីងវិញ

ចែករំលែក៖

អន្តរជាតិ​៖ សារព័ត៌មានថៃ Bangkok Post​ នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ បានរាយការណ៍ថា​ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ អាជ្ញាធរ​មូលដ្ឋាន​រកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៣,៧៥៩ករណីបន្ថែមទៀត ខណៈចំនួនករណីស្លាប់វិញ គឺបានធ្លាក់ចុះវិញបន្តិច បើធៀបនឹងប៉ុន្មានថ្ងៃមុននេះ។

ក្រសួងសុខាភិបាលថៃ បានរាយការណ៍បន្ថែមថា​ ក្រោយការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ ក៏បានរាយការណ៍ពីតួលេខអ្នកស្លាប់ចំនួន ៣៤នាក់ផងដែរ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ​ មាន ១,២៩៤នាក់ជាករណីឆ្លងក្នុងពន្ធនាគារ។ ចំណែកឯអ្នកជំងឺជិត ៣,០០០នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។

ប្រភពដដែល​ បន្តថា​ បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៤៤,៩៧៦ករណី ក្នុងនោះមានអ្នកស្លាប់ ៩៥៤នាក់ និងអ្នកជាសះស្បើយជាង ៩៧,៨៧២នាក់។

ដោយឡែក គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ​ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញនោះ ប្រទេសថៃ​ ដែលមានប្រជាជនសរុបជិត ៧០លាននាក់ សម្រេចបានចំនួន ៣.២១លានដូស ក្នុងនោះប្រជាជន ២.២១លាននាក់បានចាក់ដូសដំបូង (ស្មើនឹង ៣.២% នៃចំនួនប្រជាជនសរុប) និងជិត ១លាននាក់ បានចាក់គ្រប់ដូស (១.៤% នៃចំនួនប្រជាជនសរុប)។

ជាមួយគ្នានេះ​ រដ្ឋាភិបាលថៃ គ្រោងនឹងចាត់វិធានការបន្ថែមទៀត ដើម្បីរក្សាការងារ និងបង្កើនការចំណាយក្នុងស្រុក ដើម្បីជួយសេដ្ឋកិច្ចប្រទេសមួយនេះ ដែលបានរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែការផ្ទុះឡើង នៃជំងឺ COVID-19។​ ខណៈ​ប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍មួយនេះ បាននឹងកំពុងតស៊ូជាមួយនឹងរលកទី៣ នៃការឆ្លងជំងឺ COVID-19 ដែលវាមានចំនួនស្មើជាង៨០ភាគរយ នៃចំនួនករណីឆ្លង និងករណីស្លាប់សរុប។

បើតាមសម្តីលោក Danucha Pichayanan ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គម​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖«យើងចាំបាច់ត្រូវមានអ៊ុកស៊ីសែនគ្រប់គ្រាន់ សម្រាប់វិស័យអាជីវកម្ម ក្នុងការបន្តទៅមុខ…និងដើម្បីរក្សាការចំណាយនៅកម្រិតធម្មតា»។ លោក​ បន្ត​ថា «យើងអាចស្រោចស្រង់បាន ប្រសិនបើយើងជួយគ្នាទៅវិញទៅមក»។

លោកបានលើកឡើង ដោយមិនផ្តល់ព័ត៌មានលម្អិតថា វិធានការណ៍ ដែលត្រូវបានរៀបចំនោះ រួមមាន ការរក្សាការងារនៅក្រុមហ៊ុនតូចៗ និងជួយដល់វិស័យទេសចរណ៍ ដែលរងគ្រោះដោយសារការផ្ទុះឡើងនៃជំងឺ។

លោកប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរូបនេះ បានបញ្ជាក់ទៀតថា ទេសចរណ៍ថៃ មិនអាចវិលត្រឡប់មកធម្មតាវិញនោះទេ លុះត្រាដល់ឆ្នាំ២០២៦, ដែលបានប៉ះពាល់ដល់កម្មករជាង៧លាននាក់, ខណៈអត្រាភាពគ្មានការងារធ្វើ នៅក្នុងប្រទេស បានកើនឡើងខ្ពស់ ក្នុងរយៈពេល១២ឆ្នាំ នៅក្នុងត្រីមាសដំបូងឆ្នាំនេះ។​ បន្ថែមពីនេះ​ លោកបន្តថា​ វិធានការថ្មី នឹងត្រូវគាំទ្រហិរញ្ញវត្ថុ ដោយប្រាក់កម្ចីថ្មី៥០០ពាន់លានបាត (១៦ពាន់លានដុល្លារ), ដែលអនុម័តដោយព្រះមហាក្សត្រថៃ កាលពីដើមសប្តាហ៍នេះ។

គួររំលឹកថា រដ្ឋាភិបាលថៃ កាលពីពេលកន្លងទៅនេះ​ បានដាក់ចេញវិធានការណ៍ជំរុញ ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃការផ្ទុះឡើងពីជំងឺ COVID-19 រួមមានការផ្ទេរសាច់ប្រាក់, ឧបត្ថម្ភធន, ប្រាក់កម្ចីគ្មានការប្រាក់ និងការគាំទ្រការជួលការងារ៕ដោយ​៖ស​ តារា​

រូបភាព​៖ឯកសារ

 


ចែករំលែក៖