ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី វេង សាខុន បង្ហាញពីវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី “ការផ្តល់សេវាបច្ចេកទេសកសិកម្មអភិរក្សដោយមានការបង់ថ្លៃសេវាកម្ម (CASF: Conservation Agriculture Service Provision with a Fee)”

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍លើកឡើងថា, អនុលោមតាមអនុសញ្ញាសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី (UNCCD) រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនតាមរយៈកម្មវិធីសកម្មភាពជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី (២០១៨-២០២៧)។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តកាតព្វកិច្ចនេះដោយឈរស្មារតីទទួលខុសត្រូវតាមរយៈការដាក់ចេញនូវយន្តការសំខាន់ៗមួយ ចំនួន ក្នុងនោះគឺការពង្រឹងកិច្ចសហការអន្តរជាតិ ជាពិសេសជាមួយមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំងសម្រាប់ការអភិវឌ្ឍអន្តរជាតិ (CIRAD) ដើម្បីសិក្សាស្រាវ ជ្រាវ និងអភិវឌ្ឍបច្ចេក វិទ្យាកសិកម្មអភិរក្សតាមគោលការណ៍កសិ-អេកូឡូស៊ី។ 

លោករដ្ឋមន្ត្រីបន្តថា, បច្ចេកវិទ្យា “កសិកម្មអភិរក្សតាមគោលការណ៍កសិ-អេកូឡូស៊ី” អាចអនុវត្តបានសម្រាប់ការដាំដុះដំណាំចម្ការ (ដីមិនលិចទឹក) ជួយបង្កើនផលិតភាពដី កែលម្អគុណភាពដី កាត់បន្ថយការប្រើប្រាស់ធាតុចូលកសិកម្ម ថ្លៃដើម និងទប់ស្កាត់ការធ្លាក់ចុះគុណភាពដី បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន ពេលវេលា និងកម្លាំងពលកម្ម ព្រមទាំងបង្កើនភាពធន់របស់ប្រព័ន្ធផលិតកម្មដំណាំទៅនឹងការប្រែប្រួលអាកាសធាតុ។ បច្ចេកវិទ្យានេះ ត្រូវអនុលោមតាមគោលការណ៍ ០៣សំខាន់ៗរួមមាន ៖ ១- ការដាំដុះដោយមិនភ្ជួររាស់ដី ២- ការរក្សាឱ្យមានគម្របដីជាប្រចាំដោយមិនប្រើថ្នាំកសិកម្ម គីមី (Biopesticides) និង៣- ការដាំដុះដំណាំគម្របដី ដំណាំបង្វិល ហើយបច្ចេកវិទ្យានេះត្រូវការប្រើប្រាស់ឧបករណ៍ និងគ្រឿងយន្តកសិកម្មជាការចំបាច់។ ឃើញច្បាស់ពីគុណ ប្រយោជន៍ក៏ពិត ប៉ុន្តែកសិករមិនទាន់ទទួលយកបច្ចេកវិទ្យានេះទៅអនុវត្តនៅឡើយ ដោយហេតុ ថាការចូលរួមពីផ្នែកឯកជនលើការផ្តល់សេវាប្រើប្រាស់គ្រឿងយន្តកសិកម្មសម្រាប់ការដាំគ្រាប់ស្ងួតលើដីមិនភ្ជួរ ការភ្ជួរលប់ដំណាំគម្របដីដើម្បីដាំដុះគ្រាប់ពូជដំណាំ និងការប្រមូលផលដំណាំនៅមានតិចតួច ហើយការផ្សព្វផ្សាយអំពីបច្ចេកវិទ្យានេះដល់តួអង្គពាក់ព័ន្ធពីសំណាក់ស្ថាប័នជំនាញក៏នៅមានកម្រិត។

យល់ច្បាស់ពីហេតុផលនេះ គម្រោងស្តីពី “ការផ្តល់សេវាបច្ចេកទេសកសិកម្មអភិរក្សដោយមានការបង់ថ្លៃសេវាកម្ម (CASF)” ត្រូវបានផ្តួចផ្តើមអនុវត្តក្នុងគោលដៅឱ្យផ្នែកឯកជនបំពេញតួនាទីរបស់ខ្លួនក្នុងដំណើរវិវឌ្ឍនាការកសិកម្មអភិរក្សតាមគោលការណ៍កសិអេកូឡូស៊ី។ គម្រោងនេះត្រូវបានផ្តួចផ្តើមបង្កើតឡើងក្នុងឆ្នាំ២០១៨ ក្រោមកិច្ចសហការរវាងមជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្ស (CASC) ជាមួយនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និងនាយកដ្ឋានវិស្វកម្មកសិកម្ម មជ្ឈមណ្ឌលស៊ីសេន (CE SAIN) សាកលវិទ្យាល័យ Kansas State University និងអង្គការស្វីសខនថាក់ (Swisscontact)។ គម្រោងមានរយ:ពេល ៣ឆ្នាំ (២០១៨-២០២១) ត្រូវប្រើ ប្រាស់ថវិកាសរុបចំនួន ១៩៥ ០០០ដុល្លារ ដែលបានមកពីជំនួយឥតសំណងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC)។ 

១- គោលបំណង ៖ 

– ពង្រឹងសមត្ថភាពសេវាករគ្រឿងយន្តកសិកម្ម ភ្នាក់ងារផ្សព្វផ្សាយកសិកម្ម កសិករ អ្នកអនុវត្តបច្ចេកទេស និងផ្នែកឯកជនឱ្យយល់និងទទួលយកប្រព័ន្ធផលិតកម្មដំណាំតាមបច្ចេកទេសកសិកម្មអភិរក្ស

– បង្កើតបណ្តាញនៃបណ្តុំវិនិយោគិន អ្នកចែកចាយបន្តសម្ភារនិងធាតុចូលកសិកម្ម សេវាករ និងកសិករដើម្បីជំរុញការផ្សព្វផ្សាយបច្ចេកទេសកសិកម្មអភិរក្ស

– បង្កើតបរិយាកាសអាជីវកម្មសមស្របដើម្បជំរុញឱ្យវិនិយោគិន សេវាករ កសិករ និងផ្នែកឯកជនចូលរួមផ្លាស់ប្តូរ ការដាំដុះតាមទម្លាប់ដែលមានការភ្ជួររាស់ដី មកអនុវត្តបច្ចេកទេសកសិកម្មអភិរក្ស។

២- សកម្មភាពគោល/សមាសភាពសំខាន់ៗរបស់គម្រោងរួមមាន៖

– ការពង្រឹងសមត្ថភាពបច្ចេកទេសដល់សេវាករលើការប្រើប្រាស់គ្រឿងយន្តកសិកម្ម

– ការបង្កើតក្រុមកសិករផលិតគ្រាប់ពូជដំណាំគម្របដីដោយផ្សារភ្ជាប់ជាមួយក្រុមហ៊ុនឯកជន 

– ការបំពាក់បំប៉នចំណេះដឹងដល់កសិករលើគោលការណ៍អនុវត្តបច្ចេកទេសកសិកម្មអភិរក្ស

– ការបង្កើតជាបណ្តាញនៃបណ្តុំតួអង្គសំខាន់ៗរួមមាន សេវាករ កសិករ អ្នកចែកចាយធាតុចូលកសិកម្ម ក្រុមកសិករ ក្រុមហ៊ុន មន្ត្រីបច្ចេកទេសរួមគ្នាដើម្បីផ្សព្វផ្សាយបច្ចេកទេស ធ្វើការបង្ហាញពីប្រសិទ្ធភាព និងប្រសិទ្ធផលនៃប្រព័ន្ធផលិតកម្មកសិកម្មអភិរក្សតាមគោលការណ៍កសិ-អេកូឡូស៊ី

– ការបណ្តុះបណ្តាលនិសិ្សតឱ្យក្លាយជាអ្នកជំនាញកសិកម្មវ័យក្មេងមានសមត្ថភាពគ្រប់គ្រាន់ទាំងចំណេះដឹងបច្ចេកទេស និងការអនុវត្តផ្ទាល់ ព្រមទាំងជំនាញទន់ដែលពួកគេអាចក្លាយជាភ្នាក់ងារផ្សព្វផ្សាយកសិកម្មអភិរក្ស និងសេវាករនៅតាមសហគមន៍នាពេលខាងមុខ

– ការលើកកម្ពស់ការស្វែងយល់ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ការគ្រប់គ្រងចំណេះ ដឹង ការចងក្រងឯកសារ ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងការវាយតម្លៃពីប្រសិទ្ធភាពនៃការផ្សារភ្ជាប់ជាមួយផ្នែកឯកជន។ 

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា, បាត់ដំបងគឺជាខេត្តគោលដៅ ដោយផ្តោតលើផលិតកម្មដំណាំចម្ការប្រចាំរដូវ (ពោត ដំឡូងមី សណ្តែក) ឈើហូបផ្លែ និងការចិញ្ចឹមសត្វនៅតំបន់ខ្ពង់រាបក្នុងស្រុករតនៈមណ្ឌល និងផលិតកម្មស្រូវទំនាបរំពឹងទឹកភ្លៀងក្នុងស្រុកបាណន់។ មានកសិករ សហគមន៍កសិកម្ម ក្រុមហ៊ុនផ្តត់ផ្គង់គ្រាប់ពូជដំណាំគម្របដី និងសេវាករគ្រឿងយន្តដែលទទួលបានការគាំទ្របច្ចេកទេសលើការថែទាំដំណាំ និងសេវាកម្មរៀបចំដី និងដាំដុះពីអ្នកជំនាញ ព្រមទាំងនិស្សិត និងអ្នកស្រាវជ្រាវ។ សេវាករ ទទួលបានឱកាសវិនិយោគថ្មីៗលើការផលិតឧបករណ៍កៀរពង្រាបដី ផលិតដោយរោងជាងក្នុងស្រុក (ឡារ៉ាណូ) និងការនាំចូលម៉ាស៊ីនដាំគ្រាប់ស្ងួតផ្ទាល់លើដីអត់ភ្ជួរនាំចូលពីក្រៅប្រទេស។ និស្សិត និងអ្នកស្រាវជ្រាវទទួលបានការបណ្តុះបណ្តាលផ្នែកទ្រឹស្តីនិងការអនុវត្តផ្ទាល់លើបង្គុំបច្ចេកទេកសិកម្មអភិរក្ស។ គម្រោងត្រូវបានអនុវត្តនៅទីតាំងគោលសរុបចំនួន ១៨ភូមិ ក្នុងស្រុករតនៈមណ្ឌល សំឡូត និងស្រុកបាណន់ដែលសម្រេចបានលទ្ធផលរួមមានជាអាទិ៍ ៖ 

ក. ការវិនិយោគរបស់ផ្នែកឯកជន៖ មានក្រុមហ៊ុនចំនួន២ ដែលបានសម្រេចដាក់ទុនវិនិយោគគឺ៖ 

• រោងជាងផលិតឧបករណ៍កសិកម្មឬស្សីកែវ (ឡារ៉ាណូ) បានវិនិយោគលើការផលិតឧបរណ៍កៀរពង្រាបដី ឧបករណ៍ជ្រោយបំបែកស្រទាប់បាតនង្គ័ល និងនាំចូលម៉ាស៊ីនដាំគ្រាប់ស្ងួត និងដាំ ដំឡួងមីដោយមិនភ្ជួរដី សរុបចំនួន១១គ្រឿង សម្រាប់លក់ជូនសេវាករផ្សេងទៀតក្នុងស្រុក។

• ក្រុមហ៊ុនស្មាតអាក្រូ (SmartAgro) បានវិនិយោគលើការផលិតគ្រាប់ពូជដំណាំគម្របដីតាមកិច្ចសន្យាជាមួយកសិករនៅស្រុករតនៈមណ្ឌលដើម្បីលក់បន្តដល់កសិករនៅក្នុងតំបន់គោលដៅគម្រោង និងនៅទូទាំងប្រទេស។ ស្មាតអាក្រូបានផលិតគ្រាប់ពូជដំណាំគម្របដីចំនួន ១២ប្រភេទ ដែលមានបរិមាណសរុបប្រមាណ ៣០តោន ដែលអាចដាំលើផ្ទៃដីប្រហែលជាង១ ៥០០ហ.ត។   

ខ. ការគាំទ្របច្ចេកទេស និងការសម្របសម្រួលការផ្តល់សេវាកម្មដោយមានការបង់ថ្លៃ៖ 

ក្នុងរយៈពេល០៣ឆ្នាំ គម្រោងបានសម្របសម្រួលការផ្តល់សេវាកម្មដល់កសិករតាមរយៈការបង់ថ្លៃនៅក្នុងស្រុកគោលដៅគម្រោងដោយផ្តោតលើផលិតកម្មស្រូវ ពោត ដំឡូងមី និងពិពិធកម្មដំណាំប្រចាំរដូវ ហើយថ្មីៗនេះលើផលិតកម្មឈើហូបផ្លែ និងបញ្ចូលការដាំដំណាំចំណីសត្វ(ចិញ្ចឹមគោ) ទៅក្នុងប្រព័ន្ធផលិតកម្មដំណាំ ដែលមានកសិករចូលរួមសរុបចំនួន៦៦០គ្រួសារ លើផ្ទៃដីចំនួន ១ ៦៨៦ហ.ត។ 

គ. ការពង្រឹងសមត្ថភាពប្រើប្រាស់គ្រឿងយន្ត និងបច្ចេកទេសកសិកម្មអភិរក្ស ៖ 

គម្រោងបានបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងដល់អ្នកពាក់ព័ន្ធមួយចំនួនរួមមាន ៖

• អ្នកបច្ចេកទេសវ័យក្មេងរបស់សហគមន៍ចំនួន០៦នាក់ និងនិស្សិតកសិកម្មវ័យក្មេង ០៨នាក់ 

• សេវាករគ្រឿងយន្តកសិកម្ម និងអ្នកបើកបរត្រាក់ទ័រ ស្តីពីគំរូអាជីវកម្ម ការប្រើប្រាស់ និងថែទាំគ្រឿងយន្តកសិកម្ម ចំនួន១៨នាក់

• ការចែករំលែកចំណេះដឹងដល់ភាគីពាក់ព័ន្ធនានារួមមាន៖ កសិករ និងសេវាករក្រៅតំបន់គោល ដៅ អ្នកស្រាវជ្រាវ បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល មន្ត្រីបច្ចេកទេស អ្នកផ្សព្វផ្សាយ តាមរយៈទិវាស្រែបង្ហាញ ការប្រជុំថ្នាក់ភូមិ និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី មានអ្នកចូលរួមសរុបចំនួន ១ ២៤៧នាក់។

៣- ទិសដៅអនុវត្តបន្ត ៖

ស្ថិតក្នុងបរិបទនៃការរាតត្បាតជំងឺឆ្លងកូវីដ-១៩ សកម្មភាពសម្រាប់ឆមាសទី១ ឆ្នាំ២០២១ ត្រូវបានពន្យារពេល។ ក្រុមការងារនៅតែបន្តបំពេញការងារយ៉ាងសកម្មដោយជួបផ្ទាល់ជាមួយកសិករគំរូម្នាក់ៗដើម្បីជំរុញប្រតិបត្តិការដាំដុះតាមប្រតិទិនដាំដុះនៅលើទីវាលឱ្យបានរលូន។ ក្នុងឆមាសទី២ ក្រុមការងារគម្រោងនឹងបន្តសម្របសម្រួលលើការផ្តល់សេវាកម្មគ្រឿងយន្ត និងគ្រាប់ពូជដំណាំគម្របដីឱ្យបានទាន់ពេលវេលា ផ្តល់ការប្រឹក្សាយោបល់បច្ចេកទេសលើការថែទាំដំណាំ ចែករំលែកចំណេះដឹងតាមរយៈបណ្តាញសង្គមទៅដល់តួអង្គនៃបណ្តាញកសិកម្មអភរិក្ស រៀបចំវគ្គបណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីបច្ចេកទេសតាមប្រព័ន្ធអនឡាញ និងវាយតម្លៃប្រសិទ្ធភាពនៃប្រព័ន្ធដាំដុះរបស់បណ្តាញកសិករក្នុងឆ្នាំ២០២១។ 

ខាងក្រោមនេះគឺជាព័ត៌មានសង្ខេបអំពីប្រភេទសេវាកម្មជូនដល់កសិករ ៖ 

១- ការកៀរពង្រាបដីចម្ការ ១៤០ ០០០៛/ហត ដីស្រែ ៦០០ ០០០៛/ហត   

២- ការដាំដំណាំគម្របដីមុនដាំពោតនិងស្រូវ ១២០ ០០០៛/ហត 

៣- ការដាំស្រូវ ពោត សណ្តែកដោយម៉ាស៊ីនដាំគ្រាប់ស្ងួតលើដីមិនភ្ជួររាស់១៤០ ០០០៛/ហត

៤- ការដាំដំឡូងមីដោយម៉ាស៊ីនលើដីមិនភ្ជួររាស់ ៣៥០ ០០០៛/ហត

៥- ការដាំពោត និងស្រូវលើគម្របដីស្រស់ ១៤០ ០០០៛/ហត

៦- ការដាំដំណាំចំណីសត្វ ១៤០ ០០០៛/ហត  

៧- ការដាំដំណាំគម្របដីក្នុងចន្លោះឈើហូបផ្លែ ១៤០ ០០០៛/ហត  

សរុបផ្ទៃដីអនុវត្តបានចំនួន ១ ៦៨៦ហត និង ៦៦០ គ្រួសារទទួលបានសេវាកម្មនេះ។ 

បើចង់ជ្រាបច្បាស់អំពីគម្រោងសូមអញ្ជើញទាក់ទងទៅបណ្ឌិត សេង វ៉ាង (០១២ ៨០៤១៨១) ប្រធាននាយកដ្ឋានធនធានដីកសិកម្ម លោក ងិន កុសល (០១២ ៩១២០៣៧) ប្រធាននាយកដ្ឋានវិស្វកម្មកសិកម្ម និងឯកឧត្តម ង៉ោ ប៉ុនថាន (០១២ ៩២៩ ៨៨៨) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម៕

ដោយ ៖ សិលា


ចែករំលែក៖