ក្លិប Paris Saint-Germain គឺជាក្រុមដែលពេញចិត្តបំផុតក្នុងការចុះហត្ថលេខាជាមួយ Messi ចាប់តាំងពីមានការប្រកាសថា កីឡាករអាហ្សង់ទីនរូបនេះនឹងមិនបន្តនៅ Barcelona ។
ទោះយ៉ាងណាក្រុមបិសាចក្រហម Manchester United កំពុងសម្លឹងរកមើលការចង់បានអតីតខ្សែប្រយុទ្ធក្រុម Barcelona រូបនេះជាមួយនឹងកិច្ចសន្យារយៈពេល២ឆ្នាំដែលនឹងធ្វើឱ្យគាត់ទទួលបានប្រាក់ ៦៧២.០០០អឺរ៉ូក្នុងមួយសប្តាហ៍។
យោងតាម The Sun បានអះអាងថា បិសាចក្រហម ManUnited កំពុងរៀបចំសំណើសម្រាប់ Messi ក្នុងគោលបំណងចង់ប្រជែងជាមួយ PSG ដើម្បីចុះហត្ថលេខា។ រហូតមកដល់ពេលនេះរបាយការណ៍ទាំងអស់បានបង្ហាញថា Messi ត្រូវទៅកីឡដ្ឋាន Parc des Princes ដើម្បីលេងជាមួយមិត្តរួមការងារអន្តរជាតិនិងអតីតមិត្តរួមក្រុមដូចជា Angel Di Maria, Leandro Paredes និង Neymar ។
ក្រុមបិសាចក្រហម Manchester United បានបង្ហាញមហិច្ឆតាជាច្រើននៅរដូវក្តៅនេះដោយនាំយក Jadon Sancho ពី Borussia Dortmund និង Raphael Varane ពី Real Madrid ។ ការបន្ថែម Messi ចូលទៅក្នុងខ្សែប្រយុទ្ធដែលមានដូចជា Marcus Rashford, Sancho, EdinsonCavani និង Bruno Fernandes នឹងបង្កើតក្រុមដែលគួរឱ្យខ្លាចមួយ ប៉ុន្តែថាតើក្រុម Man Utd ទុកវាយឺតពេលហើយឬនៅ?
ទោះជាយ៉ាងណាព័ត៌មានជាច្រើនបានផ្សាយថា ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះមានភាគរយខ្ពស់ក្នុងការផ្ទេរទៅកាន់ទឹកដីបារាំងគឺក្លិប Paris Saint-Germain ដោយនៅទីនោះរូបគាត់នឹងជួប Neymar ដែលជាអតីតមិត្តរួមក្រុមចាស់របស់គាត់ ៕
ដោយ៖ ភារៈ(រូបភាព ៖ MARCA)