ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ពីការសិក្សាស្តីពីជម្រើសបច្ចេកទេសកសិកម្មវៃឆ្លាតនឹងអាកាសធាតុ លើការគ្រប់គ្រងទឹក និងដី

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ពីការសិក្សាស្តីពីជម្រើសបច្ចេកទេសកសិកម្មវៃឆ្លាតនឹងអាកាសធាតុ លើការគ្រប់គ្រងទឹក និងដី  ដោយលើកឡើងថា, នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម បានអនុវត្តតួនាទី និងភារកិច្ចស្នូលយ៉ាងខ្ជាប់ខ្ជួន ដោយយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រឹងសមត្ថភាពអ្នកពាក់ព័ន្ធ និងប្រជាកសិករលើការងារគ្រប់គ្រងទឹក និងដី ឆ្លើយតបទៅនឹងបរិបទនៃបម្រែបម្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា និងពិភពលោក។ នាយកដ្ឋានបានដាក់ចេញនូវការសិក្សាស្តីពីជម្រើសបច្ចេកទេសកសិកម្មវៃឆ្លាតនឹងអាកាសធាតុលើការគ្រប់គ្រងទឹក និងដី ដោយបានរៀប ចំស្រែបង្ហាញនៅលើស្រែកសិករ តាមរយៈការអនុវត្តបច្ចេកទេសពន្លិចឆ្លាស់និងបង្គោក (Alternate Wetting and Drying AWD) លើដំណាំស្រូវនៅតំបន់ងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ។ បច្ចេកទេសនេះរួមចំណែកបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងអាចកាត់បន្ថយតម្រូវការប្រើប្រាស់បរិមាណទឹកពី ១៦% – ៣៥% ដោយពុំមានការថយចុះទិន្នផលព្រមទាំងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីដំណាំស្រូវដូចជា មេតាន (CH4-) ប្រមាណពី ៣០% – ៤៨% ផងដែរ (IRRI Knowledge Bank)។  គោលបំណងនៃការធ្វើស្រែបង្ហាញគឺដើម្បីឱ្យកសិករចូលរួមធ្វើការផ្ទៀងផ្ទាត់អំពីប្រសិទិ្ធភាពនៃបច្ចេកទេស (AWD) និងធ្វើការប្រៀបធៀបទិន្នផលលើស្រែដែលបានអនុវត្តបច្ចេកទេសពន្លិចឆ្លាស់និងបង្គោកជាមួយនឹងស្រែដាំដុះតាមទម្លាប់ធម្មតា។ ក្នុងដំណើរការធ្វើស្រែបង្ហាញនាយកដ្ឋានបានធ្វើបង្ហាញលើការរៀបចំដី ការកៀរពង្រាបដីឱ្យស្មើល្អ ជម្រើសបច្ចេកទេសដាំដុះ ការគ្រប់គ្រងទឹក ការប្រើប្រាស់ទឹកដោយសន្សំសំចៃ និងការវាស់កម្ពស់ទឹកក្នុងស្រែទាក់ទងនឹងកត្តាអាកាសធាតុប្រែប្រួលលើដំណាំ។ លើសពីនេះ ស្រែនៅតាមទីតាំងនីមួយៗ ក៏បានបង្ហាញអំពីការប្រើប្រាស់ជីធម្មជាតិ និងជីកំប៉ុស្ដក្នុងការបង្កើនគុណភាពដីកសិកម្ម និងរក្សាសំណើមដីដើម្បីទប់ទល់នឹងភាពរាំងស្ងួត។ ការជ្រើសរើសទីតាំងអនុវត្តជម្រើសបច្ចេកទេសវៃឆ្លាតនឹងអាកាសធាតុ គឺជាភាពចាំបាច់ស្របទៅតាមទីតាំងភូមិសាស្រ្តនីមួយៗដែលស្ថិតនៅក្នុងតំបន់ងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ហើយតំបន់នោះបានរងផលប៉ះពាល់មានដូចជា រាំងស្ងួត ទឹកជំនន់ និងសត្វល្អិតបំផ្លាញជាដើម។ ជម្រើសបច្ចេកទេសនេះ ទទួលបានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការផ្តល់ថវិកាតាមកម្មវិធីដល់នាយកដ្ឋាន ដើម្បីនាយកដ្ឋានបន្តធ្វើសកម្មភាពវាយតម្លៃ និងផ្សព្វផ្សាយបច្ចេកទេសនេះជូនដល់កសិករ។ ក្រៅពីកិច្ចការខាងលើ នាយកដ្ឋានកំពុងសិក្សាស្រាវជ្រាវបន្ថែមអំពីបច្ចេកទេសសមស្របថ្មីៗទៀត ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងផ្តល់ការបណ្តុះបណ្តាលបង្កើនសមត្ថភាពជំនាញដល់គ្រប់ភាគីពាក់ព័ន្ធនៅថ្នាក់ជាតិ ក្រោមជាតិ និងសហគមន៍កសិករនៅមូលដ្ឋាន។ នាយកដ្ឋានបានយកចិត្តទុកដាក់លើកកម្ពស់ការផ្តល់ចំណេះដឹង ជំនាញ ចែករំលែកបទពិសោធន៍ និងបង្កើនការផ្សព្វផ្សាយបច្ចេកទេសថ្មីៗដែលមានសមត្ថភាពវៃឆ្លាតនឹងអាកាសធាតុជូនកសិករ និងសហគមន៍កសិកម្មនៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជា។

 ស្រែបង្ហាញស្តីពីជម្រើសបច្ចេកទេសកសិកម្មវៃឆ្លាតនឹងអាកាសធាតុលើការគ្រប់គ្រងទឹកនិងដី តាមរយៈការអនុវត្តបច្ចេកទេសពន្លិចឆ្លាស់និងបង្គោក (AWD) លើដំណាំស្រូវ មានដូចជា៖

 (ក). ការប្រើប្រាស់ព័ត៌មានព្យាករណ៍អាកាសធាតុ៖ ការប្រើប្រាស់ព័ត៌មានព្យាករណ៍អាកាសធាតុសម្រាប់ វិស័យ កសិកម្ម (កសិ-ឧតុនិយម) ជាជំនួយក្នុងការរៀបចំផែនការ និងប្រតិទិនដាំដុះ ការត្រៀមបង្កាជាមុននៅពេលមានហានិភ័យអាកាសធាតុ។ ព័ត៌មានកសិ-ឧតុនិយម បានអនុវត្តក្នុងពេលដំណើរការរៀបចំដី ការគ្រប់គ្រងទឹកតាមដំណាក់កាលលូតលាស់នីមួយៗរបស់ដំណាំ  ពេលវេលាដាក់ជី បាញ់ថ្នាំកសិកម្ម ការថែទាំ ពេលវេលាប្រមូលផលនិងទុកដាក់។

 (ខ). ការប្រើប្រាស់ជីធម្មជាតិ និងជីកំប៉ុស្ដ៖ ការភ្ជួរលប់គល់ជញ្រ្ជាំងក្រោយពីពេលប្រមូលផលរួច និងលើកទឹកចិត្តកសិករលើការប្រើប្រាស់ជីធម្មជាតិ និងជីកំប៉ុស្ដឱ្យបានទូលំទូលាយ ដើម្បីចូលរួមកែលម្អការប្រើប្រាស់ដី ការបង្កើនគុណភាពដីកសិកម្ម និងរក្សាសំណើមដីទប់ទល់នឹងភាពរាំងស្ងួត។

(គ). ការកៀរពង្រាបដីស្រែ៖ ការអនុវត្តអាស្រ័យទៅតាមទីតាំងភូមិសាស្រ្ដជាក់ស្ដែង  វិធីសាស្រ្តនៃការកៀរពង្រាបដីដែលមានផ្ទៃដីតូច គឺអនុវត្តលើស្រែដែលភ្ជួររួច ដោយប្រើគោ ក្របី គោយន្ត ត្រាក់ទ័រ ដោយបំពាក់ជាមួយរនាស់ធ្មេញធម្មតា។ ចំពោះផ្ទៃដីដាំដុះដែលមានទំហំធំ គេប្រើប្រាស់ត្រាក់ទ័រដើម្បីកៀរពង្រាបដីដែលបញ្ជាដោយប្រព័ន្ធ ឡាហ៊្សែរទំនើបអាចអនុវត្តបាននៅក្នុងស្រែគោក ឬមិនប្រើប្រាស់ទឹកដែលអាចជួយសន្សំសំចៃទឹកទុកស្រោចស្រពដំណាំ។ វិធីសាស្ត្រនេះអាចអនុវត្តបាននៅក្នុងរដូវប្រាំង ឬនៅលើដីស្រែទំនេរ មិនទាន់មានការដាំដុះដំណាំនៅឡើយ។ ការកៀរពង្រាបដីស្រែមានសារៈប្រយោជន៍មួយចំនួនដូចជា ផ្តល់ភាពងាយស្រួលដល់ការប្រើប្រាស់គ្រឿងយន្តកសិកម្ម ផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងទឹក រក្សារបាយទឹកឱ្យស្មើល្អនៅក្នុងស្រែ ការសន្សំសំចៃទឹកស្រោចស្រពការប្រើប្រាស់ជីនិងការគ្រប់គ្រងស្មៅចង្រៃមានប្រសិទ្ធភាព និងដំណាំដុះលូតលាស់ស្មើល្អផ្តល់ភាពងាយស្រួលក្នុងការច្រូតកាត់ដោយដៃ ឬម៉ាស៊ីនច្រូត (កុំបៃ) និងការដឹកជញ្ជូន ព្រមទាំងជួយកាត់បន្ថយការចំណាយថវិកានិងពលកម្មច្រើន។                                                                                                     

(ឃ). ការអនុវត្តបច្ចេកទេសពន្លិចឆ្លាស់និងបង្គោក៖ គឺជាបច្ចេកវិទ្យាសន្សំសំចៃទឹកដែលកសិករអាចអនុវត្តដើម្បីកាត់បន្ថយតម្រូវការប្រើប្រាស់ទឹកប្រមាណពី ១៦% – ៣៥% ដោយពុំមានការថយចុះទិន្នផល។ ការសន្សំសំចៃទឹកជាមួយនឹងការបញ្ចេញបញ្ចូលទឹកក្នុងស្រែ (AWD) មានផលវិជ្ជមានទៅលើការប្រើប្រាស់ទឹក ជាពិសេសនៅតាមតំបន់ដែលងាយរងគ្រោះរាំងស្ងួត។ ក្នុងការអនុវត្តជាក់ស្តែង ស្រែត្រូវពន្លិចទឹកនិងបង្គោក អាចមានគម្លាតរហូតដល់ជាង១០ថ្ងៃ អាស្រ័យលើប្រភេទដី អាកាសធាតុនៅតំបន់ដាំដុះ ប្រភេទពូជដំណាំ និងដំណាក់កាលលូតលាស់នីមួយៗ។ ការបញ្ចេញបញ្ចូលទឹកក្នុងស្រែអាចចាប់ផ្ដើមក្នុងពេល ១ –  ២ សប្តាហ៍ក្រោយពេលស្ទូងរួច។ ក្រោយពេលបញ្ចូលទឹករួច ជម្រៅទឹកក្នុងដីស្រែនឹងកើនឡើងបន្តិចម្ដងៗ (មើលបំពង់វាស់ទឹក)។ នៅពេលកម្រិតទឹកធ្លាក់ចុះដល់១៥សង់ទីម៉ែត្រ ក្រោមស្រទាប់ដីផ្នែកខាងលើ (មើលកម្រិតទឹកក្នុងបំពង់) គួរធ្វើការបញ្ចូលទឹកដើម្បីពន្លិចនៅក្នុងស្រែម្ដងទៀតដោយរក្សាកម្ពស់ទឹកក្នុងស្រែចន្លោះពី ៥ – ១០សង់ទីម៉ែត្រ ទៅតាមតម្រូវការទឹកនៃវគ្គនីមួយៗរបស់ដំណាំ។ នៅពេលមានស្មៅចង្រៃច្រើន គួរផ្អាកការបញ្ចេញទឹកពីស្រែក្នុងរយៈពេល ២ – ៣ សប្ដាហ៍សិន ហើយត្រូវបំផ្លាញស្មៅចង្រៃឱ្យអស់ពីក្នុងស្រែ។ ការប្រើប្រាស់ជីត្រូវអនុវត្តតាមការណែនាំអំពីប្រភេទជី និងប្រភេទពូជដំណាំស្រូវដែលបានពន្លិចទឹក និងជីដែលត្រូវប្រើសម្រាប់ដីស្ងួតមុនពេលបញ្ចូលទឹក។ ក្រោយពេលស្រូវចេញផ្កាត្រូវធ្វើការរក្សាកម្ពស់ទឹកក្នុងស្រែជាមធ្យមពី ១០ – ១៥សង់ទីម៉ែត្រ។ ប៉ុន្តែបើក្នុងករណីបង្គោកទឹកចេញវិញ មិនត្រូវឱ្យលើសរយៈពេល ៣ ឬ ៥ថ្ងៃឡើយ។ ក្នុងអំឡុងពេលស្រូវដាក់គ្រាប់ និងពេលស្រូវទុំ យើងអាចបង្គោកទឹកចេញឱ្យធ្លាក់ចុះដល់កម្រិត១៥សង់ទីម៉ែត្រ ក្រោមស្រទាប់ដីផ្នែកខាងលើ (មើលកម្រិតទឹកក្នុងបំពង់) បានម្ដងទៀត។

(ង). ការប្រើប្រាស់ និងការដាក់បំពង់វាស់ទឹក៖ បំពង់វាស់ទឹកគឺជាឧបករណ៍សម្រាប់តាមដានកម្ពស់ទឹកក្នុងស្រែ ដោយវាស់មើលកម្រិតទឹកនៅក្នុងបំពង់។ បំពង់ត្រូវបានដាក់នៅទីតាំងជ្រើសរើសសមស្របណាមួយ ដូចជានៅតាមកែងស្រែដោយរក្សាក្នុងទម្រង់រូបភាពជាអង្កត់ទ្រូង ឬទម្រង់ជាអក្សរហ្សិត (Z)។  ការដាក់បំពង់វាស់ទឹកក្នុងស្រែគឺអាស្រ័យតាមស្ថានភាពស្រែ និងទឹកនៅក្នុងស្រែនោះ។ ចំនួនបំពង់ចាប់ពី ៤ – ៦បំពង់ ឬច្រើនជាងនេះ អាស្រ័យតាមទំហំស្រែ។  

(ច). ការចែករំលែកចំណេះដឹង និងបទពិសោធន៍៖ លើកកម្ពស់ការផ្តល់ចំណេះដឹង និងចែករំលែកបទពិសោធន៍ 

ដល់អ្នកពាក់ព័ន្ធឱ្យចូលរួមអនុវត្តបច្ចេកទេសលើការគ្រប់គ្រងទឹក និងដី តាមរយៈការប្រើប្រាស់បច្ចេកទេសពន្លិចឆ្លាស់

និងបង្គោក (AWD) នៅសហគមន៍កសិករមូលដ្ឋានក្នុងការគ្រប់គ្រងទឹក សន្សំសំចៃទឹក និងបង្កើនទិន្នផលស្រូវ។

  ស្រែបង្ហាញអំពីប្រសិទ្ធភាពនៃបច្ចេកទេសវៃឆ្លាតនឹងអាកាសធាតុក្នុងការគ្រប់គ្រងទឹក និងដីលើដំណាំស្រូវបានអនុវត្តនៅលើក្រុមដីប្រទះឡាង ទួលសំរោង និងព្រៃខ្មែរ នៅក្នុងខេត្តព្រៃវែង តាកែវ កំពង់ឆ្នាំង និងបាត់ដំបង ដោយ ធើ្វការដំាដុះពូជស្រូវផ្ការំដួលជាប្រភេទស្រូវកណ្តាល និងសែនពិដោរជាប្រភេទស្រូវស្រាល។ បច្ចេកទេសពន្លិចឆ្លាស់និងបង្គោក (AWD) ត្រូវបានអនុវត្តតាមពិធីសារបច្ចេកទេសដែលបានណែនាំដោយការិយាល័យសិក្សាស្រាវជ្រាវតម្រូវការទឹកកសិកម្ម និងបម្រែបម្រួលអាកាសធាតុ នៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម។ ដំណើរការអនុវត្ត រួមមាន ការប្រីប្រាស់ព័ត៌មានព្យាករណ៍អាកាសធាតុ (កសិ-ឧតុនិយម) ក្នុងការរៀបចំប្រតិទិនដាំដុះ និងការគ្រប់គ្រងទឹក។ ការភ្ជួរលប់គល់ជញ្រ្ជាំងក្រោយពេលប្រមូលផលរួច ការរៀបចំដី ការកៀរពង្រាបដីឱ្យសើ្មល្អមុននឹងធ្វើការដាំដុះ ការអនុវត្តបច្ចេកទេសដាំដុះស្ទូងដោយដៃ និងដោយប្រើឧបករណ៍ព្រោះ ការប្រើជីលាមកសត្វ និងជីកំប៉ុស្តិ៍។ ការប្រើជីគីមីតាមកម្រិតណែនាំ (គ.ក្រ N:P2O5:K2O/ហ.ត) ក្រុមដីប្រទះឡាង (50:23:30) ក្រុមដីទួលសំរោង (98:35:0) និងក្រុមដីព្រៃខ្មែរ (28:10:40)។ ការលើកភ្លឺស្រែ និងលើកកូនភ្លឺស្រែតូចៗ ដើម្បីស្ទាក់ទឹកអាស្រ័យតាមស្ថានភាពដី និងជម្រាលដីនៃទីតាំងស្រែជាក់ស្តែង រួមនឹងការគ្រប់គ្រងទឹកដោយអនុវត្តការវាស់កម្ពស់ទឹកនៅក្នុងស្រែជាប្រចាំ ដោយតាមដានមើលកម្រិតទឹកក្នុងបំពង់វាស់ទឹក។ ចំពោះការបង្គោកទឹកត្រូវបានធ្វើឡើងដោយរក្សាសំណើមដីក្នុងកម្រិតទឹក១៥សង់ទីម៉ែត្រក្រោមស្រទាប់ដីផ្នែកខាងលើ រីឯការបញ្ចូលទឹកពន្លិចដីស្រែត្រូវបានអនុវត្តដោយរក្សាទឹកក្នុងស្រែកម្ពស់ពី ៥-១៥សង់ទីម៉ែត្រ អាស្រ័យលើដំណាក់កាលលូតលាស់របស់ដំណាំស្រូវ។ ជាមួយគ្នានេះដែរ យើងបានចុះថែទាំដំណាំ ដកស្មៅ ដាក់ជី និងតាមដានការលូតលាស់របស់ដំណាំជាប់ប្រចាំ។

តាមរយៈការអនុវត្តផ្ទាល់លើស្រែកសិករ ជាទូទៅ ការប្រមូលផលគឺទទួលបានទិន្នផលចាប់ពី ២,៧៥ – ៤,៧០ តោនក្នុងមួយហិកតា ទៅតាមប្រភេទដីខុសៗគ្នា (ទិន្នផលមធ្យម ៣,៥៩តោន/ហិកតា)។ ការកត់សម្គាល់ជារួមដោយ ធ្វើការប្រៀបធៀបទិន្នផលស្រូវបានបង្ហាញថា ការអនុវត្តបច្ចេកទេស AWD បានជួយបង្កើនទិន្នផលស្រូវក្នុងបរិមាណពី ១៥០ – ៣៥០ គ.ក្រ/ហ.ត បើប្រៀបធៀបជាមួយនឹងស្រែកសិករដែលមិនបានអនុវត្តបច្ចេកទេសនេះ។ លទ្ធផលនៃការសិក្សាអំពីបច្ចេកទេស AWD នេះ គឺជាការសិក្សាវាយតម្លៃជំហានដំបូងបង្អស់ក្នុងប្រទេសកម្ពុជា។ គោលបំណងនៃបច្ចេកទេសនេះគឺ ការសន្សំសំចៃទឹកដោយមិនបណ្តាលឱ្យបាត់បង់ទិន្នផលស្រូវ។ លទ្ធផលនៃការសិក្សានេះមិនត្រឹមតែឆ្លើយតបនឹងគោលបំណងនេះទេ ថែមទាំងបានបង្កើនទិន្នផលដំណាំមួយកម្រិតទៀត។ ទោះជាយ៉ាងណាក្តី នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នឹងធ្វើការសិក្សាតាមដានបន្តនៅឆ្នាំបន្ទាប់ៗទៀត និងបន្តកិច្ចសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធដទៃទៀត។ 

លោករដ្ឋមន្ត្រីបញ្ជាក់ថា, ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

 – លោកបណ្ឌិត សេង វ៉ាង  ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម (ទូរស័ព្ទ៖ ០១២ ៨០៤ ១៨១) និង

 – លោក តន់ ច័ន្ទតារ៉ា  ប្រធានការិយាល័យសិក្សាស្រាវជ្រាវតម្រូវការទឹកកសិកម្ម និងបម្រែបម្រួលអាកាសធាតុ នៃ

   នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម (ទូរស័ព្ទ៖ ០១២ ៨៤៦ ៨៥៤)៕

ដោយ ៖ សិលា


ចែករំលែក៖