ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមផលិតវ៉ាក់សាំង Sputnik V ដំបូងដោយជោគជ័យ

ចែករំលែក៖

វ៉ាក់សាំង Sputnik V ផលិតដោយ ក្រុមហ៊ុន Vabiotech នឹងត្រូវបានប្រើប្រាស់ចាក់ជូនពលរដ្ឋនៅទូទាំងប្រទេសវៀតណាម។
នៅថ្ងៃទី២៤ខែកញ្ញា ក្រុមហ៊ុន TNHH MTV Vaccine (Vabiotech)ជាក្រុមហ៊ុនស្ថិតនៅក្នុងការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលបានប្រកាសថា ក្រុមហ៊ុនបានផលិតដោយជោគជ័យនូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩ Sputnik V ដំបូងបង្អស់នៅក្នុងប្រទេសវៀតណាម។
វេជ្ជបណ្ឌិត Tuan Dat ប្រធានក្រុមហ៊ុន Vabiotech បានឱ្យដឹងថា ក្រុមហ៊ុនពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដំបូងបង្អស់ក្នុងប្រទេសវៀតណាម ។ វ៉ាក់សំាងដែលផលិតរួចនឹងបញ្ជូនទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃទី២៦ខែកញ្ញាដើម្បីវិភាគនិងវាយតម្លៃពីគុណភាព។
លោក Tuan Dat បានបញ្ជាក់ថា «ជាមួយវ៉ាក់សាំងផលិតនៅក្នុងប្រទេសវៀតណាម នឹងជួយបំពេញប្រភពផ្គត់ផ្គង់បានល្អ គុណភាពល្អ និងទប់ស្កាត់ការឆ្លងកូវីដ-១៩ក្នុងសង្គម»។

តាមគម្រោងវ៉ាក់សាំង Sputnik V ផលិតក្នុងប្រទេសវៀតណាមដើម្បីចាក់ជូនពលរដ្ឋទូទាំងប្រទេស។
វ៉ាក់សាំង Sputnik V ជាវ៉ាក់សាំងដំបូងប្រឆាំងកូវីដ-១៩ ដែលអនុម័តឲ្យប្រើប្រាស់ដំបូងបង្អស់នៅលើពិភពលោក ។ វ៉ាក់សាំងនេះចាក់ពីរដូស មានគម្លាតពីគ្នា៣សប្តាហ៍ ។ វ៉ាក់សាំងនេះមានប្រសិទ្ធភាពទប់ស្កាត់ការឆ្លងកូវីដ-១៩ដល់ទៅ ៩១,៦% ។ ក្រោយការចាក់ដូសទីពីរ វ៉ាក់សាំងនេះមានប្រសិទ្ធភាពប្រឆាំងកូវីដ-១៩ ដល់ទៅ ៩៨%។
នៅក្នុងប្រទេសវៀតណាម វ៉ាក់សាំង Sputnik V ត្រូវបានក្រសួងសុខាភិបាលវៀតណាមផ្តល់លិខិតអនុញ្ញាតឲ្យប្រើប្រាស់តាំងពីថ្ងៃទី២៣ខែមីនាឆ្នាំ២០២១ ។ នៅថ្ងៃទី២១ខែកក្កដា វៀតណាមបានប្រកាសចាប់ផ្តើមផលិតវ៉ាក់សាំង Sputnik V ៕

រូបថត៖24.COM.vn

ដោយ៖ធីរីណា(រូបថត៖Plo.vn)


ចែករំលែក៖