ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រាបជូន លោក លោកស្រី ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត
កម្មវត្ថុ ៖ ការធ្វើបច្ចុប្បន្នភាពការព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា (បានបញ្ជាក់ដោយមន្ទីរពិសោធន៍ ឬ ស្ថិតក្នុងករណីសង្ស័យ) ដើម្បីឆ្លើយតបនឹងការវិវត្តថ្មីនៃសភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការរស់នៅក្នុងបរិបទថ្មី។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ ខាងលើ ខ្ញុំសូមជម្រាបជូនលោក លោកស្រី ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ជ្រាបថា យោងការសិក្សាវាយតម្លៃលើលទ្ធផលរត់ស្ត PCR នៃអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតាដែលទទួលបានពីមណ្ឌលព្យាបាល និងមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ចំនួន៥ នៅរាជធានីភ្នំពេញ ព្រមទាំងស្ថានភាពវិវត្តន៍បច្ចុប្បន្ននៃជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា និងការរស់នៅក្នុង បរិបទថ្មី គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមធ្វើការណែនាំ ដូចខាងក្រោម៖
1. ការព្យាបាល និងការធ្វើចត្តាឡីស័កក្រោយពេលព្យាបាល ចំពោះអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា ត្រូវធ្វើដូច គ្នាទៅនឹងសេចក្តីកែសម្រួលលក្ខខណ្ឌក្នុងការបញ្ចប់ការព្យាបាលអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅផ្ទះ លក្ខខណ្ឌក្នុងការបញ្ចប់ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល និង លក្ខខណ្ឌក្នុងការបញ្ចប់ការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ នៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ សម្រាប់អ្នកជំងឺកូវីដ-១៩ ប្រភេទអាល់ហ្វា ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន (ដូចមានក្នុងឧបសម្ព័ន្ធជូនភ្ជាប់)។
2. អនុញ្ញាតឱ្យធ្វើការព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា នៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬ មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ជាមួយគ្នានិងអ្នកជំងឺកូវីដ-១៩ ប្រភេទអាល់ហ្វា ដោយពុំចាំបាច់ធ្វើការ ញែកអ្នកជំងឺឡើយ។
3. អនុញ្ញាតឱ្យវិស័យសុខាភិបាលឯកជនស្របច្បាប់ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា។
4 អនុញ្ញាតឱ្យអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា ធ្វើការសម្រាកព្យាបាលនៅផ្ទះ ដោយមានការចូលរួមយ៉ាង សកម្មពីអាជ្ញាធរមូលដ្ឋាន និងពង្រឹងនូវការអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ឱ្យបានហ្មត់ចត់។
5. ចំពោះអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា ដែលកំពុងសម្រាកព្យាបាលនៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬ មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ លើសពីរយៈពេលកំណត់ក្នុងលក្ខខណ្ឌដែលបានចែង ត្រូវធ្វើតេស្ត PCR
និងទទួលបានលទ្ធផលតេស្តអវិជ្ជមាន មុនអនុញ្ញាតឱ្យបញ្ចប់ការព្យាបាល។
លិខិតលេខ៣៧២សខល ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ស្ដីពីលក្ខខណ្ឌនៃការបញ្ចប់ការព្យាបាលជំងឺ កូវីដ-១៩ ប្រភេទដែលតា (បានបញ្ជាក់ដោយមន្ទីរពិសោធន៍ ឬស្ថិតក្នុងករណីសង្ស័យ) ត្រូវទុកជានិរាករណ៍។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាព តាមភារកិច្ចរៀងៗខ្លួន។ សូមលោក លោកស្រី ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕
ដោយ៖សុខ ខេមរា