ព័ត៌មានទាន់ហេតុការណ៍៖

សុន្ទរកថាគន្លឹះ សម្តេចតេជោ ហ៊ុន ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ក្រោមប្រធានបទ “កសាងអនាគតឌីជីថលប្រកបដោយចិរភាពរបស់យើង” ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ៖ សុន្ទរកថាគន្លឹះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទកិច្ចបជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ក្រោមប្រធានបទ ៖ “កសាងអនាគតឌីជីថលប្រកបដោយចីរភាពរបស់យើង» ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១, តាមរយៈប្រព័ន្ធវីដេអូថតទុកជាមុន (រយៈពេលថ្លែង ១៥ នាទី)

ព្រះចៅ ស៊ុលតង់, ឯកឧត្ដមថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន; ឧកញ៉ាបណ្ឌិត ស៊ីទី រ៉ូហមេវីយ៉ានធី ហាជី អាប់ឌុលរ៉ាម៉ាន់ (Siti Rozaimeriyanti Hi Abd Rahman) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ ២០២១; លោកស្រីបណ្ឌិត ហាស់លីណា តស៍ (Haslina Taib) ប្រធានកិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ាន ឆ្នាំ ២០២១;

ឯកឧត្តម, លោកជំទាវអ្នកឧកញ៉ា, លោក, លោកស្រី !

ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្ស ដោយបានចូលរួមថ្លែងសុន្ទរកថាគន្លឹះ សម្រាប់ពិធីបិទនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២១ ក្រោមប្រធានបទស្តីពី “កសាងអនាគតឌីជីថលបកបដោយចីរភាពរបស់យើង” ។ ជាមួយគ្នានេះ ខ្ញុំសូមអបអរសាទរការផ្ទេរភាព ជាប្រធាននៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានពីព្រុយណេមកកម្ពុជា ហើយក៏សូមធ្វើការ វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបាន ក្រោមភាពជាប្រធានរបស់ព្រុយណេ ក្នុងឆ្នាំ ២០២១ នេះ ។ ការរីករាលដាលនៃជំងឺកូវីដ-១៩ មិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈ និងបង្កគ្រោះ ថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្ទច់បង្អាក់ដល់ការអភិវឌ្ឍអាស៊ាន ជារួម ផងដែរ ។ ទោះជាយ៉ាងនេះក្តី ក្នុងឆ្នាំ ២០២១ និងឆ្នាំ ២០២២ សេដ្ឋកិច្ចសកល ត្រូវបានរំពឹងថា នឹងងើបឡើងវិញជាបណ្តើរៗ ដែលទ្រទ្រង់ដោយការកើនឡើងជាបន្តបន្ទាប់នូវទំហំពាណិជ្ជកម្ម ទំនិញ ខណៈពាណិជ្ជកម្មសេវាកម្មក៏មានកំណើនសន្សឹមៗផងដែរ ។ ជារួម ការណ៍នេះបញ្ជាក់ឱ្យឃើញ ពីប្រសិទ្ធភាពនៃការអនុវត្តវិធានការក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងគោលនយោបាយស្ដារឡើងវិញ

ដោយសុវត្ថិភាព, ការបង្កើនសមត្ថភាពមីក្រូសហគ្រាស, សហគ្រាសធុនតូច និងមធ្យម (MSMEs) ជា ដើម ។ល។

ទន្ទឹមនេះ ខ្ញុំក៏សូមឆ្លៀតយកឱកាសនេះ លើកឡើងអំពីតួនាទីសំខាន់ៗមួយចំនួនរបស់វិស័យ ឯកជន ក្នុងការរួមចំណែកសម្រេចឱ្យបាននូវការងារអាទិភាព និងផែនការការងារអាស៊ានក្នុងឆ្នាំ ២០២២ ដូចតទៅ៖

ទី១. ត្រូវទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ាន ដែល មានស្រាប់ ជាពិសេសកិច្ចព្រមព្រៀង អាសិប (RCEP) ដែលគ្រោងនឹងចូលជាធរមាននៅដើមឆ្នាំ ២០២២ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការជំរុញវិនិយោគផ្ទាល់ពីបរទេស ដើម្បីបង្កើតការងារ, បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច ។

ទី២. ចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និង ចំណេះធ្វើ ជាពិសេសការអភិឌ្ឍជំនាញឌីជីថល, ព្រមទាំងការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ តាមរយៈការចូលរួមសហការជាមួយធុរកិច្ច និងវិនិយោគផ្ទាល់ពីបរទេស ដែលជួយការ កាត់បន្ថយគម្លាតឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ ។

ទី៣. លើកកម្ពស់កិច្ចសហការរវាងវិស័យសាធារណៈ និងវិស័យឯកជន ជាពិសេសតាមរយៈ យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងគោលបំណងកៀរគរធនធានហិរញ្ញវត្ថុមកប្រើប្រាស់ក្នុង ការអភិវឌ្ឍ និងការអនុវត្តគំនិតផ្ដួចផ្ដើមនានា ដើម្បីជួយបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុសម្រាប់ការស្ដារ ឡើងវិញនូវកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ។

ព្រះចៅស៊ុលតង់,

ឯកឧត្តម, លោកជំទាវ, អ្នកឧកញ៉ា, លោក, លោកស្រី!

សម្រាប់កម្ពុជា ខ្ញុំសូមជម្រាបអង្គវេទិកាទាំងមូលថា ក្នុងស្មារតីបុរសកម្ម សំដៅលើកកម្ពស់ ការចូលរួមរបស់វិស័យឯកជន ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលប្រកាន់ ភ្ជាប់នូវអភិក្រមនៃការប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព តាមរយៈការដាក់ចេញនិងជំរុញការអនុវត្ត នូវគោលនយោបាយ និងវិធានការសំខាន់ៗ រួមមាន “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គម ឌីជីថលកម្ពុជា ២០២១-២០៣៥” និង “ច្បាប់ស្តីពីវិនិយោគថ្មី“, ព្រមជាមួយនឹងការបញ្ចប់នូវ “ច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន”,”កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន” និង “កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ” ដែលនឹងចូលជាធរមាន ក្នុងពេលឆាប់ៗខាងមុខនេះ។

ជាងនេះទៅទៀត ចំពោះការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយនឹងការពង្រឹងការ អនុវត្តទាំងវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានសុខាភិបាល ដើម្បីការពារសុខភាពនិងអាយុជីវិត ប្រជាជន, គិតត្រឹមថ្ងៃទី ២១ ខែតុលា ២០២១ រាជរដ្ឋាភិបាលសម្រេចការចាក់វ៉ាក់សាំងបានជាង ១៣,៦ លាននាក់ សមមូលនឹងអត្រា ៨៥,២៧% នៃចំនួនប្រជាជនសរុប ១៦ លាននាក់ ។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានកំពុងជំរុញការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ឱ្យបានពេល លេញក្នុងបរិបទនៃប្រក្រតីភាពថ្មី ហើយក៏គ្រោងនឹងដាក់ចេញ

“យុទ្ធសាស្ត្រស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមកន្លងប្រក្រតីភាពថ្មី” នៅចុងឆ្នាំ ២០២១ ។

ជាកិច្ចបញ្ចប់ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជានឹងផ្តល់ការគាំទ្រ និងជួយសម្រួល គ្រប់បែបយ៉ាងដល់កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ដើម្បីឈានសម្រេចបាននូវសមិទ្ធផល ថ្មីៗបន្ថែមទៀត ។ ទន្ទឹមនេះ កម្ពុជានឹងបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន ការធ្វើពាណិជ្ជកម្ម និងវិនិយោគ និងកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូ សំដៅស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ច និង ប្រែក្លាយអាស៊ានឱ្យទៅជាតំបន់ ដែលមានសុខសន្តិភាព ភាពធន់ និងការអភិវឌ្ឍ ។ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោកលោកស្រី មានសុខភាពល្អបរិបូរណ៍ប្រកបដោយសុវត្ថិភាព និងទទួលបាន ជោគជ័យគ្រប់ភារកិច្ច ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖