. ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ នៅព្រលប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការដកហូតអាជ្ញាប័ណ្ណក់ងារសវាកម្មពន្ធដារជាស្ថាពររបស់ក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សែនេសសីលូសិន ឯ.ក ។
បើយោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននូវព្រលប់នេះ បញ្ជាក់ថា, អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូន លោក-លោកស្រីអភិបាល ក្រុមហ៊ុន អ្នកជាប់ពន្ធ និងសាធារណជនទូទៅ ជ្រាបថា ថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការស៊ើបអង្កេត និងបាន រកឃើញថា ក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សែននេស សឹលូសិន ឯ.ក (FEDTAX BUSINESS SOLUTION CO., LTD.) លេខ អត្តសញ្ញាណកម្មសារពើពន្ធ+ K005-901702390 និងកាន់កាប់អាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារលេខ TA201707005 មិនបានបំពេញកាតព្វកិច្ចជាភ្នាក់ងារសេវាកម្មពន្ធដារស្របតាមប្រការ ១០ និងបានប្រព្រឹត្តអំពើខុសឆ្គងដូចមានចែងក្នុង ប្រការ ១៥ នៃប្រកាសលេខ ៤៥៥ សហវ.ប្រក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ស្តីពីភ្នាក់ងារសេវាកម្មពន្ធដារ ដោយ ខកខានមិនអនុវត្តបានត្រឹមត្រូវតាមប្រកាសនេះល្មើសច្បាប់និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ ដូចខាងក្រោម+
១. មិនបានប្រកាស និងបង់ពន្ធក្រុមហ៊ុនខ្លួនឯងឱ្យបានត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ
២. ផ្តល់សេវាចុះបញ្ជី និងបច្ចុប្បន្នភាពព័ត៌មានសហគ្រាស និងសេវាប្រកាសពន្ធឱ្យអតិថិជន ដោយពុំមានវិជ្ជាជីវះ និងសុចរិតភាព
៣. មិនបានចូលរួមចំណែកទប់ស្កាត់បទល្មើសកេងបន្លំប្រាក់ពន្ធតាមរយៈការផ្តល់ព័ត៌មានជូនរដ្ឋបាលសារពើពន្ធ អំពីសកម្មភាពគេចវេសពន្ធ
៤. មិនបានទំនាក់ទំនង ឬធ្វើការជាមួយរដ្ឋបាលសារពើពន្ធប្រកបដោយភាពស្មោះត្រង់
៥. បានធ្វើ និងចូលរួមជាមួយអតិថិជនក្នុងសកម្មភាពលួចបន្លំប្រាក់ពន្ធ
៦. ផ្តល់សេវាដល់អតិថិជនមិនត្រឹមត្រូវដែលនាំឱ្យអតិថិជនប្រព្រឹត្តខុសច្បាប់និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ
៧. មានចេតនាធ្វើឱ្យរាំងស្ទះដល់ការកំណត់ និងការប្រមូលពន្ធ
៨. កេងប]ប្រាក់ពន្ធស្ថាប័នរដ្ឋ និងអតិថិជន។
អនុលោមតាមប្រការ ១០ ប្រការ ១៥ និងប្រការ ១៦ នៃប្រកាសលេខ ៤៥៥ សហវ.ប្រក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ស្តីពីភ្នាក់ងារសេវាកម្មពន្ធដារ អគ្គនាយកដ្ឋានពន្ធដារសម្រេចដកហូតអាជ្ញាប័ណ្ណបញ្ឈប់សកម្មភាពអាជីវកម្ម ភ្នាក់ងារសេវាកម្មពន្ធដារជាស្ថាពរ របស់ក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សែននេស សីលូសិន ឯ.ក ចាប់ពីថ្ងៃនេះតទៅ។
តាមរយះការសម្រេចដកហូតអាជ្ញាប័ណ្ណបញ្ឈប់សកម្មភាពអាជីវកម្មជាស្ថាពរនេះ ក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សែននេស សីលូសិន ឯ.ក ពុំមាននីតិសម្បទាជាភ្នាក់ងារសេវាកម្មពន្ធដារ និងមិនអាចបន្តប្រកបអាជីវកម្មជាភ្នាក់ងារសេវាកម្មពន្ធដារ ឬផ្តល់សេវាកម្មពាក់ព័ន្ធនឹងពន្ធដារ ជូនអតិថិជនទៀតនោះទេ។ អគ្គនាយកដ្ឋានពន្ធដារ សូមជម្រាបជូន លោក-លោកសី អភិបាលក្រុមហ៊ុន អ្នកជាប់ពន្ធ និងសាធារណជនទួទៅ ដែលធ្លាប់ ឬមានបំណងប្រើប្រាស់សេវាកម្មពន្ធដាររបស់ក្រុមហ៊ុនខាងលើ បញ្ឈប់ការប្រើប្រាស់សេវាកម្មពន្ធដាររបស់ក្រុមហ៊ុននេះចាប់ពីពេលនេះតទៅ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រីអភិបាលក្រុមហ៊ុន អ្នកជាប់ពន្ធ និងសាធារណជនទូទៅ ជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕
ដោយ ៖ សុខ ខេមរា