ភ្នំពេញ ៖ ក្នុងបរិបទនៃវិបត្តិនៃជំងឺកូវីដ-១៩, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ ក្រោមស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ ក្នុងគោលបំណងបន្តគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ និងបន្តជួយរក្សាលំនឹងអាជីវកម្ម-ធុរកិច្ចក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ។ ជាមួយគ្នានេះផងដែរ, រាជរដ្ឋាភិបាលកម្ពុជានៅបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ បើទោះជាជំងឺកូវីដ-១៩ ស្ថិតក្នុងស្ថានភាពគ្រប់គ្រង បានក៏ដោយ ហើយជាចុងក្រោយនេះ បានបន្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ ដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) សំដៅបង្កើនភាពស៊ាំបុគ្គល ក៏ដូចជាភាពស៊ាំសង្គម-សេដ្ឋកិច្ច ។ ជាការពិត, បន្ទាប់ពីប្រទេសកម្ពុជាបានចាប់ផ្ដើមបើកដំណើរការពេញលេញឡើងវិញនូវគ្រប់សកម្មភាពសង្គម-សេដ្ឋកិច្ច តាមរយៈការបន្ធូរបន្ថយវិធានការសុខាភិបាល និងលក្ខខណ្ឌតម្រូវនានាចំពោះអ្នកដំណើរមកកាន់កម្ពុជា ដែលបានចាក់វ៉ាក់សាំងរួច, វិស័យមួយចំនួនដែលធ្លាប់បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ បានចាប់ផ្តើមមាន សកម្មភាពអាជីវកម្មនិងបានកើនឡើងវិញគួរឱ្យកត់សម្គាល់ ។ ជាក់ស្ដែង, ការនាំចេញផលិតផលកាត់ដេរ សម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង និងផលិតផលវាយនភណ្ឌរបស់កម្ពុជា បានកើនឡើង ប្រហែល ២៥,២% គិតត្រឹមត្រីមាសទី១ នៃឆ្នាំ ២០២២ នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ដោយឡែកសម្រាប់វិស័យទេសចរណ៍, ទោះបីជាចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិមានការកើនឡើងក៏ដោយ, បញ្ហាមួយចំនួនដូចជា ការបន្តគំរាមកំហែងដោយជំងឺកូវីដ-១៩ និងការកើនឡើងនៃអត្រាអតិផរណាជាសកល នៅតែជាសម្ពាធដល់ការកើនឡើងវិញនៃភ្ញៀវទេសចរ ដែលនាំឱ្យប្រតិបត្តិករជាច្រើននៅក្នុងវិស័យទេសចរណ៍ នៅបន្តជួបប្រទះនូវបញ្ហាប្រឈមនានាក្នុងអាជីវកម្មរបស់ខ្លួន ។
ក្នុងស្មារតីនេះ, ទន្ទឹមនឹងការដាក់ចេញនូវវិធានការ គោលនយោបាយ និងផែនការយុទ្ធិសាសនានា ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងទិសដៅបន្តជំរុញលំនឹងអាជីវកម្ម-ធុរកិច្ចក្នុង វិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ, រាជរដ្ឋាភិបាលយល់ឃើញពីភាពចាំបាច់ក្នុងការដាក់ចេញនូវពិធានការ បន្ថែមសម្រាប់បន្តគ្រប់គ្រង និងវាយតម្លៃផលប៉ះពាល់ ព្រមទាំងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍ ក្នុងកាលៈទេសៈដ៏លំបាកនេះ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានសហការជាមួយវិស័យឯកជន និង ក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីដាក់ចេញនូវវិធានការបន្ថែមជូនវិស័យទេសចរណ៍ ដូចខាងក្រោម ៖
ទី១.បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែមចំពោះ សណ្ឋាគារ, ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និង ខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ ខែបន្ថែមទៀត គឺពីខែ កក្កដា ដល់ខែ កញ្ញា ឆ្នាំ២០២២ ។ អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធ អនឡាញសម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែក្នុងអំឡុងពេលនេះ ។ ទី២.បន្តផ្តល់ការសម្របសម្រួលតាមរយៈការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ ២០១៩ និងមិនគិតការពិន័យសម្រាប់ឆ្នាំ ២០២២ សម្រាប់វិស័យទេសចរណ៍ ។
ទី៣.ជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួន ដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិ អភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់ ។
ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវសេចក្ដីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួនឱ្យមាន ប្រសិទ្ធភាពខ្ពស់បំផុត ។
រាជរដ្ឋាភិបាលនឹងបន្តតាមដានជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ-១៩, លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកល, តំបន់ និងក្នុងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ ១៩. មកលើវិស័យសំខាន់ៗ ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមចាំបាច់ ដើម្បីស្ដារកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងពេលចំពោះមុខ និងរយៈពេលមធ្យម ឱ្យត្រឡប់ទៅកំណើនសក្ដានុពល និងពង្រឹងភាពធន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្នក្រោមក្របខណ្ឌ យុទ្ធសាស្ត្រ និងកម្មវិធីស្តា និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ កន្លង ប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ ៕
ដោយ ៖ សិលា