ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខេត្តព្រះវិហារ សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើចុះឆែកឆេរកន្លែងសន្និធិឈើនឹងការដឹកជញ្ជូនឈើនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារដោយគ្មានច្បាប់

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ក្រោមការចង្អុលបង្ហាញពីសំណាក់លោក គីម រិទ្ធីអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តនឹងជាអនុគណៈកម្មការទប់ស្កាត់នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ខេត្ត ។

កម្លាំងជំនាញខណ្ឌរដ្ឋបាលព្រៃឈើ នឹង កម្លាំងកងរាជអាវុធហត្ថខេត្តចេញប្រតិបត្តិការរុករក កន្លែងសន្និធិឈើ នឹងធ្វើការ បង្ក្រាបការដឹកជញ្ជូនឈើដោយខុសច្បាប់ ហើយក៏ចុះពិនិត្យមើលការកាប់រុករានយកដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ធិនៅក្នុងភូមិសាស្ត្រនានាក្នុងខេត្តព្រះវិហារផងនោះដែរ ។

ជាក់ស្តែងនៅថ្ងៃទី ១៣ ខែសីហា កម្លាំងទាំង ៤ មាន ៖ ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ កម្លាំងមន្ទីរបរិស្ថានខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត នឹង កម្លាំងនគរបាលខេត្តព្រះវិហារ បានបែងចែកចេញប្រតិបត្តិការ ៣ មុខព្រួញ ។

លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារដឹកនាំកម្លាំងចម្រុះចុះស្រុករវៀង ។ 

លោក វង្ស វិសិដ្ឋ នាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យមើលដេប៉ូស្តុកឈើចំនួន ៣ នៅក្រុងព្រះវិហារនឹងស្រុកត្បែងមានជ័យ ។

អនុសេនិយ៍ឯក ជន បូរ៉ា មេបញ្ជាការអាវុធហត្ថស្រុកជាំក្សាន្ត សហការជាមួយកម្លាំងបរិស្ថានដែនជម្រកសត្វព្រៃព្រះរការចុះត្រួតពិនិត្យមើលការកាប់ជ្រៀកឈើនឹងរុករានដីព្រៃនៅក្នុងដែនព្រៃព្រះរការ ។

នៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដឹកនាំដោយលោក វង្ស វិសិដ្ឋ នឹងកម្លាំងអាវុធហត្ថខេត្តចុះពិនិត្យមើលដេប៉ូស្តុកឈើ ចំនួន ៣ មិនមានភស្តុតាងបញ្ជាក់ថាមានបទល្មើសឡើយ ។

កម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត កម្លាំងអាវុធហត្ថឆែប កម្លាំងអាវុធហត្ថស្រុកត្បែងមានជ័យនឹងកម្លាំងបរិស្ថានចុះល្បាតព្រៃព្រះរការ ក៏រកមិនឃើញបទល្មើសដែរ ។

ជាលទ្ធផលសម្រេចបាន នៅស្រុករវៀង បង្ក្រាបបានរថយន្តដឹកឈើល្មើសច្បាប់ចំនួន៣គ្រឿងរឹបអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀងទុកជាសម្បត្តិរដ្ឋ ។

លោកឧត្តមសេនីយ៍ កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឆ្លើយតបទៅនឹងអ្នកសារព័ត៌មាន បានចោទសួរ មកលោកចំនួន ៣ សំណួរ ៖

ទី ១. តើលោកឆ្លើយតបបែបណាពាក់ពន្ឋ័ការចោទប្រកាន់ពីសហគមន៍ការពារព្រៃឈើនឹងសកម្មជនការពារព្រៃឈើរកឃើញថា មានបទល្មើសកាប់ឈើចំនួន ៣០០ ករណីក្នុងមួយថ្ងៃដឹកកាត់ភូមិប្រមេរ ស្រុកត្បែងមានជ័យ ?

ទី ២. តើលោកមានចំណាត់ការបែបណាចំពោះបទល្មើសព្រៃឈើនៅក្នុងព្រៃព្រះរការ ?

ទី ៣. ប្រជាសហគមន៍នឹងសកម្មជនការពារព្រៃឈើចោទប្រកាន់ថា បទល្មើសព្រៃឈើមានជាប់ពាក់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋាន តើលោកមានចំណាត់ការបែបណាចំពោះមន្ត្រីទាំងនោះ?

លោកឧត្តមសេនីយ៍ កង សៅគុណ បានឱ្យដឹងថា បទល្មើសមួយថ្ងៃ ៣០០ ករណី វាជារឿងប្រឌិតខុសទំនង ពីព្រោះការចោទប្រកាន់ទាំង ៣ ចំណុចខាងលើអត់មានចំណុចណាមួយឱ្យពិតប្រាកដ ពីព្រោះបើមានសេចក្តីរាយការណ៍ថាមានបទល្មើសនៅចំណុចណាកម្លាំងអាវុធហត្ថសហការជាមួយកម្លាំងជំនាញចុះដល់ចំណុចនោះ តែជាក់ស្តែងរកមិនឃើញបទល្មើសដូចការចោទប្រកាន់នោះឡើយ ។

លោកឧត្តមសេនីយ៍ កង សៅគុណ បានបន្តថា ក្រោយទទួលបានព័ត៌មានរាយការណ៍ខាងលើ លោក បានបញ្ជាទៅកម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត អាវុធហត្ថស្រុកឆែប អាវុធហត្ថស្រុកត្បែងមានជ័យ សហការជាមួយកម្លាំងបរិស្ថានចុះទៅដល់ចំណុចដំណាក់យាយ រកអត់ឃើញបទល្មើសទេ ។

លោកបានបន្តថា អាវុធហត្ថខេត្ត បានដើរតួនាទីយ៉ាងសកម្មក្នុងការសហការបង្ក្រាបបទល្មើសយ៉ាងមានប្រសិទ្ឋភាព ទៅតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងជាប្រធានគណៈកម្មការជាតិ ទប់ស្កាត់នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសអនុវត្តន៍ទៅតាមបទបញ្ជារបស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នឹងជាប្រធានអនុកម្មការទប់ស្កាត់នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ខេត្ត ។

នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត លោកកង សៅគុណ បានស្នើឱ្យអ្នកសារព័ត៌មាន សហការជួយផ្តល់ព័ត៌មានពិត ស្តីពីបទល្មើសធនធានធម្មជាតិ មកសមត្ថកិច្ចពាក់ព័ន្ធឱ្យបានឆាប់ដើម្បីមានវិធានការបង្ក្រាប ។

លោកលើកឡើងថា (ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបំរើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប ) នេះជាពាក្យស្លោករបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ៕

ដោយ៖អ្នកប្រម៉ាញ់


ចែករំលែក៖