ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់​ក្រសួង​សុខាភិបាល​ ទទួលវ៉ាក់សាំងប្រភេទ Pfizer ជាជំនួយរបស់អូស្ត្រាលី សម្រាប់ចាក់ជូនកុមារ ចំនួនជាង ២៨ម៉ឺនដូស

ចែករំលែក៖

ភ្នំពេញ​៖​​ វ៉ាក់សាំងប្រភេទ Pfizer ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី សម្រាប់ចាក់ជូនកុមារ ចំនួនជាង ២៨ម៉ឺនដូស​ បានដឹកមក​ដល់​កម្ពុជា​ហើយ​ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ នៅឯអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

នៅក្នុង​ពិធី​នោះ​ដែរ​ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក Andreas Zurbrugg ភារធារីស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលនូវវ៉ាក់សាំងប្រភេទ Pfizer សម្រាប់កុមារចំនួន ២៨៣ ២០០ដូស បន្ថែមទៀត (លើកទី២) ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ផ្តល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។​ អូស្ត្រាលី ជាប្រទេសមួយដែលបានជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងបរិក្ខារផ្សេង សម្រាប់រួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា។ 

សូមជម្រាបថា​ កម្ពុជាក៏ទទួលបានវ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer ជាជំនួយរបស់ប្រទេសអូស្ត្រាលី ចំនួន១៩៦ ៨០០ដូស សម្រាប់ចាក់ជូនកុមារកាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ។ ចំណែកកាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅ រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ចំនួនជាង ២.៣លានដូសរួចម្តងហើយ។ ការផ្តល់ជំនួយវ៉ាក់សាំង និងបរិក្ខារផ្សេងៗនេះ បានបង្ហាញឃើញពីការយកចិត្តទុកដាក់ខ្ពស់មួយរបស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាជួយការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរពីជំងឺកូវីដ១៩។

វ៉ាក់សាំង គឺជាបង្អែកដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គមេបញ្ជាការកំពូលក្នុងសង្គ្រាមកូវីដ១៩ បានផ្តល់តម្លៃខ្ពស់បំផុតលើការងារចាក់វ៉ាក់សាំង ដើម្បីលុបបំបាត់ជំងឺកូវីដ១៩ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងការអំពាវនាវឱ្យពលរដ្ឋអនុវត្តន៍វិធានសុខាភិបាលក្នុងការការពារជំងឺកូវីដ១៩ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងតាមយុទ្ធសាស្ត្រផ្ការីក។ តាមរយគោលនយោបាយចាក់ស្រោចវ៉ាក់សាំងនេះ បានធ្វើឱ្យកម្ពុជាឈានទៅទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

យោងតាមលោកស្រី យក់ សម្បត្តិ រហូតមកដល់ពេលនេះកម្ពុជា កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ៧៤លានដូស ហើយនៅសល់ក្តុងឃ្លាំងចំនួនជាង ៧លានដូស។​ ជាក់ស្ដែង​របាយការណ៍របស់ក្រសួងសុខាភិបាល ក៏បានឱ្យដឹងដែរថា មកដល់ពេលបច្ចុប្បន្ន កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជិត ៩៥ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ ក្នុងនោះ ដូសទី១ បានជាង ១៥លាននាក់, ដូសទី២ បានជាង ១៤លាននាក់, ដូសទី៣ បានជិត ១០លាននាក់, ដូសទី៤ បានជិត ៤លាននាក់ និងដូសទី៥ បានជាង ៦០ម៉ឺននាក់៕

ដោយ​៖សហការី​


ចែករំលែក៖