ព័ត៌មានទាន់ហេតុការណ៍៖

លោក រដ្ឋលេខាធិការ ក្រសួងមហាផៃ្ទ ហ៊ុយ វណ្ណៈ : «តើប្រយោជន៍ជាអ្វី?» ក្នុងនោះលោកបញ្ជាក់ ៧ចំណុចសំខាន់ៗ !

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា, (ស.ស.ស.ក) នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានលើកឡើងអំពីប្រយោជន៍ ! ដោយលោកអធិប្បាយថា, • ប្រយោជន៍ចម្រើន និង ប្រយោជន៍បំផ្លាញ!

ខ្ញុំសូមចែករំលែកសំណេរពិចារណាមួយ សម្រាប់ចុងសប្តាហ៍ ហើយក៏សូមអធ្យាស្រ័យអត្ថបទរាងវែងបន្តិច។ សម្រាប់លោកអ្នកដែលមានចំណេះដឹងជ្រៅជ្រះ ក៏សូមជួយបំពេញន័យសេចក្តីបន្ថែម តាមការគួរ។ 

១/. ព្រះពុទ្ធ ទូន្មានថា ធ្វើអ្វីក៏ដោយត្រូវឱ្យមាន «ប្រយោជន៍» ដែលផ្តល់សេចក្តីសុខដល់ខ្លួនឯង និងដល់អ្នកដទៃ»។ ប្រយោជន៍ ត្រូវបានគេយល់ថា មានអត្ថន័យទាំងវិជ្ជមាន ហើយក្នុងន័យអវិជ្ជមាន គេប្រើពាក្យរិះគន់ថា «ប្រយោជន៍និយម» សំដៅដល់ «ភាពសួនតួនិយម»។ អ្នកខ្លះក៏ធ្វើរឿងខុស ដើម្បីប្រយោជន៍ ហើយខ្លះវិញហួងហែង កំញាញ់ បើបាត់បង់ប្រយោជន៍ខ្លួន សូម្បីតែបន្តិច មិនបានទេ។ ការមិនយល់ច្បាស់ ការមិនចែករំលែក ការមិនលះបង់ ការដណ្តើម និងភាពមិនយុត្តិធម៌ក្នុង ប្រយោជន៍ ជាប្រភពនៃ «ទំនាស់»។ ទោះបីជាយ៉ាងណា នៅពេលបុគ្គលគ្រប់គ្នាយល់អំពី ប្រយោជន៍ បានច្បាស់ មានការថ្លឹងថ្លែង សុច្ចរិត ចែករំលែក ហើយសង្គមយល់ព្រមទទួល នោះភាពសុខុដមរមនា និងការរីកចម្រើនរួមគ្នា នឹងបន្តកើតមានឥតឈបឈរ។ សេចក្តីបន្ថែម មានដូចខាងក្រោមបន្តទៀត។

២/. ការពិត មូលហេតុដែលមនុស្សម្នាក់ៗលើលោកនេះ ខិតខំប្រឹងប្រែងកិច្ចការអ្វីមួយ គឺសុទ្ធសឹងតែមានហេតុផលនៃ «ប្រយោជន៍» នេះឯង។ គ្រាន់ថា គោលដៅនៃប្រយោជន៍នោះ បានទៅដល់អ្នកណាខ្លះ? ហើយជាអ្វី? ឧទាហរណ៍៖

 • យុវជន យុវនារី សិស្ស និស្សិត ដែលខិតខំប្រឹងសិក្សារៀនសូត្រ ក៏ព្រោះចង់ចេះ ចង់ដឹង ចង់កើនប្រាជ្ញា ហើយខ្លួនអាចមានការងារ ប្រាក់ចំណូល តួនាទី មុខតំណែង ហើយប្រយោជន៍ គឺបានដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ករណីខ្លះក៏មានការបន្ទុចបង្អាក់ដែរថា «រៀនបានអីស៊ី!»។ នេះគឺជាភាសាខុសឆ្គងធំណាស់។ វិជ្ជា គឺជាទ្រព្យជាប់ប្រាណ ហើយមានតម្លៃមហាសាល ព្រោះសមិទ្ធផលកើតពីការធ្វើប្រកបដោយបញ្ញា។

 • បណ្ឌិត បញ្ញវ័ន្ត ដែលខិតខំសិក្សាស្រាវជ្រាវ បង្កើតបាន ប្រយោជន៍ ជាស្នាដៃកិត្តិយសផ្ទាល់ខ្លួន ហើយម្យ៉ាង ក៏បានបន្សល់ទុកស្នាដៃចែកចាយផ្សព្វផ្សាយបន្តជូនសាធារណជន សង្គមជាតិ និងមនុស្សជាតិ។ អំណាចរបស់ បណ្ឌិត បញ្ញវ័ន្ត គឺការពិត។ ពេលសង្គមរកឃើញការឆ្នៃប្រឌិត ការបង្កើតថ្មី និងដំណោះស្រាយនានា គឺសង្គមរីកចម្រើនឥតឈប់ឈរ។ វិទ្យាសាស្ត្រ ការស្រាវជ្រាវ កើតចេញពី បណ្ឌិត បញ្ញវ័ន្ត មិនមែនចេញតែពីអ្នកនយោបាយនោះទេ។ វាមានជ្រុងនិងតម្លៃខុសៗ ហើយអាចបំពេញឱ្យគ្នា។

 • ពាណិជ្ជករ ដែលប្រឹងប្រែងធ្វើមុខរបរជំនួញ ព្រោះចង់បានប្រាក់កាស ទ្រព្យសម្បត្តិ ធនធានច្រើន។ ម្យ៉ាងទៀត ប្រយោជន៍ ពីអាជីវកម្ម ក៏បានជួយបង្កើតការងារ បង្កើតប្រាក់ចំណូលក្នុងសេដ្ឋកិច្ចជាតិផងដែត។ ការចំអកថា មុខលុយ ខ្ពើមលុយ មិនមែនជាភាសាពាណិជ្ជករទេ។ សង្គមសម្ភារៈ និងការរីកចម្រើននានា រួមទាំងហេដ្ឋារចនាសម្ព័ន្ធសង្គម គឺមានចំណែកពីពាណិជ្ជករ។ 

 • កម្មករ ពលករ ដែលបានប្រើប្រាស់កម្លាំងនិងប្រាជ្ញា ប្រឹងប្រែងធ្វើការ គឺគោលបំណងទទួលបាន ប្រយោជន៍ ជាប្រាក់ខែនិងកម្រៃផ្សេងៗ សម្រាប់យកទៅផ្គត់ផ្គងជីវភាពខ្លួនឯងនិងក្រុមគ្រួសារ។ គាត់បានបង្កើតប្រយោជន៍ និងការរីកចម្រើនជាប្រចាំឱ្យថៅកែ។ ក៏ប៉ុន្តែ បើថៅកែ ឬមេការ បែរជាមើលតម្លៃពួកគាត់ទាប ហើយថែមទាំងជិះជាន់ រំលោភសិទ្ធិ នោះកើតជាទំនាស់ហើយ។ ប្រយោជន៍ ត្រូវតែផ្តល់ទៅវិញទៅមក។

 • អ្នកនយោបាយ ដែលប្រឹងតស៊ូ ប្រយោជន៍ដែលចង់បានគឺ «អំណាច» ដើម្បីមានសិទ្ធិតាមច្បាប់ និងមានតួនាទីធ្វើការងារដឹកនាំ សម្រេចចិត្ត ចាត់ចែង បញ្ជា និងបែងចែក «ប្រយោជន៍សង្គម» ឱ្យមានកំណើន។ ប្រទេសជាតិមានអ្នកដឹកនាំល្អប្រកបដោយធម៌ នោះប្រជាជនបានសុខសាន្ត ប្រទេសជាតិរីកចម្រើន ថ្កុំថ្កើន។ ចំពោះ អ្នកនយោបាយដែលនិយាយថា «ខ្ពើមអំណាច» គឺជាការភូតកុហកសង្គម ឬអាចជាពួកធ្វើនយោបាយដែលបរាជ័យ ប្រឹងប្រែងនិយាយបន្លប់ចិត្តខ្លួនឯង។ បើអ្នកនយោបាយ មិនត្រូវការអំណាច ពួកគេលាឈប់ពីឆាកនយោបាយអស់ទៅហើយ។

 • មុខងារនីមួយៗ គឺទាក់ទងនឹង ប្រយោជន៍ ដែលសូម្បី ព្រះសង្ឃ ក៏បានជួយផ្តល់ ប្រយោជន៍ ជាស្រែបុណ្យ សង្គមមានធម៌ មនុស្សមានសុជីវធម៌ ស្គាល់បុណ្យនិងបាប ស្គាល់ខុសឬត្រូវ ។ សង្គមមានធម៌ ជាសង្គម មានវិន័យនិងថ្លៃថ្នូរ។ 

៣/. តើអ្វីជាទុក្ខទោសដោយសារតែយល់ ប្រយោជន៍ មិនច្បាស់? នោះគឺការស្វែងរកប្រយោជន៍ ដែលឃ្លាតឆ្ងាយពីភាពត្រឹមត្រូវ ខុសច្បាប់ ប្រាស់ចាកសេចក្តីល្អ ដែលនាំឱ្យមានភាពក្តៅក្រហាយ គឺនាំឱ្យមានទុក្ខទោស។ អ្នកនយោបាយ បើចង់បានអំណាចតាមផ្លូវមិនត្រឹមត្រូវ ខុសច្បាប់ ក៏ទទួលទុក្ខទោស។ បើចង់រក្សាអំណាចដោយមិនស្របច្បាប់ ក៏មិនបានសុខស្រួល។ ដូច្នេះ ប្រយោជន៍ ត្រូវតែបានដោយធម៌ ដោយត្រឹមត្រូវ ដោយស្របច្បាប់ ដោយការគាំទ្រ។ ពាណិជ្ជករ បើដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន តែបែរជាលួចកិបកេងគៃបន្លំ មិនបង់ពន្ធ ជិះជាន់កម្មករ រំលោភសិទ្ធិមនុស្ស ផ្តល់សេវាជូនអតិថនមិនល្អ លួចគុណភាព ខ្វះបរិមាណ គឺសុទ្ធតែជាអំពើក្តៅក្រហាយ ខុសច្បាប់ ហើយមានបាប។

៤/. តើធ្វើយ៉ាងណាដើម្បីទទួលបានប្រយោជន៍? គឺត្រូវខិតខំ ប្រឹងប្រែ តស៊ូ ពុះពារ លះបង់។ បើមិនខំប្រឹងដោយស្មោះត្រង់។ អ្នកនយោបាយ បើមិនសន្សំប្រជាប្រិយភាពនិងការគាំទ្រដ៏យូរអង្វែងពីប្រជាជន បែរជាគិតតែពីដណ្តើមអំណាច ពីអ្នកនយោបាយដូចគ្នា ក៏មិនមែនជាការគិតត្រឹមត្រូវទាំងស្រុងនោះទេ។ នៅក្នុងប្រយោជន៍អំណាច គេមានពាក្យថា «អាចបែងចែងអំណាចគ្នា តាមតួនាទី ប៉ុន្តែគ្មាននរណាឆោតល្ងង់ រហូតដកសិទ្ធិអំណាចខ្លួនទាំងស្រុង ប្រគល់ឱ្យគេនោះទេ»។

៥/. តើទំនាស់លើ ប្រយោជន៍ ជាអ្វី? និយាយឱ្យខ្លីគឺបណ្តាលមកពីយល់ថា «អញ» ហើយគ្មានទស្សនៈការចែករំលែកនេះឯង។ ពាណិជ្ជករខ្លះ បើគិតតែពី «ប្រយោជន៍អញ» ហើយសកម្មភាពខ្លួនបំផ្លិចបំផ្លាញផលប្រយោជន៍សង្គមជាតិ គឺជាដើមចមនៃទំនាស់ហើយ។ សកម្មជននយោបាយខ្លះ ដែលយកប្រយោជន៍ពីខាងក្រៅមកធ្វើសកម្មភាព បម្រើឱ្យរដ្ឋបរទេសខាងក្រៅ បែរជាជ្រុលនិយមប្រឆាំងច្បាប់រដ្ឋខាងក្នុង នោះក៏បង្កើតជាទំនាស់ដែរ ហើយជាទំនាស់ដែលស្រួចស្រាវហើយ។ ពលរដ្ឋ រដ្ឋការ ដែលទទួលប្រយោជន៍ផ្ទាល់ខ្លួនពីភាពមិនត្រឹមត្រូវ ធ្វើឱ្យប្រយោជន៍ជាតិខាតបង់ នោះហើយជាទំនាស់។ អ្នកនយោបាយ ដែលចង់ប្រយោជន៍អំណាចផ្ទាល់ខ្លួន ដោយមិនបានគិតពីសុខទុក្ខប្រជាជន និងផលប្រយោជន៍ប្រទេសជាតិ នោះហើយជាទំនាស់ ហើយប្រជាជននឹងមិនគាំទ្រឱ្យសម្រេចបំណងប្រាថ្នាខ្លួននោះឡើយ។ ខ្ញុំក៏គួរបន្ថែមថា បរទេសខ្លះបានផ្តល់ប្រយោជន៍ទៅវិញទៅមក គោរពគ្នាទៅវិញទៅមក។ តែករណីមួយចំនួន បរទេសខ្លះ គឺរកតែប្រយោជន៍ខ្លួនឯង មិនបានចែករំលែក ឬគិតដល់ប្រយោជន៍នៃប្រទេសមួយទៀត ក្នុងភាពដៃគូសហប្រត្តិតិការ នោះក៏ជាប្រភពទំនាស់។

៦/. តើអ្វីជាគម្លាត់ ប្រយោជន៍? នេះជារឿងដែលត្រូវយកចិត្តទុកដាក់បំផុត។ គម្លាត់ប្រយោជន៍ បង្កើតឱ្យមានគម្លាតសង្គម អំពើពុករលួយ និងឱ្យមានការបែងចែកវណ្ណៈភាពសង្គម ការស្អប់ខ្ពើមមនុស្ស ការរើសអើងមនុស្ស អ្នកមាននិងអ្នកក្រ ដែលជាឫសគល់នៃទំនាស់ស្រួចស្រាល់ និងស្មុគស្មាញ។

៧/. សេចក្តីសរុប៖ ដំណើរអ្វីក៏ដោយ បើគ្មានភាពដឹកនាំ គ្មានការគិតគូរវែងឆ្ងាយ គ្មានការលះបង់ ការចែករំលែក គឺមិនអាចសម្រេចផល មិនអាចសម្រេចគោលដៅ និងក៏មិនអាចទទួលជោគជ័យដ៏ប្រណិតនោះទេ។ យើងត្រូវរួមគ្នាកសាងសង្គមមួយសម្រាប់ការរស់ ការធ្វើសកម្មភាព ការស្វែងរកប្រយោជន៍ និងមានជំនឿលើអ្វីមួយដែលមាន «ហេតុនិងផល» មិនគួរជាសង្គមប្រជាភិថុត ឬការបោកប្រាស់នោះទេ ព្រោះវានាំកើតទំនាស់ឥតឈប់ឈរ។ គ្រប់គ្នាដែលចង់បានប្រយោជន៍ ក៏ត្រូវប្រឹងប្រែង។ ការចាំតែទាមទារ គឺមិនអាចទទួលបានប្រយោជន៍គ្រប់គ្រាន់ទេ ជួនកាល បង្កើតទំនាស់ថែមទៀតផង។ ករណីកម្ពុជាយើង កត្តាសន្តិភាព បានផ្តល់ឱកាសឱ្យមានកំណើន និងការកែទម្រង់ជាបន្តបន្ទាប់បានល្អប្រសើរ គោលដៅគឺដើម្បីបម្រើដល់ «ប្រយោជន៍ប្រជាជន និងប្រយោជន៍ប្រទេសជាតិ» បានយូរអង្វែង»៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖