ព័ត៌មានទាន់ហេតុការណ៍៖

អំពើហិង្សាលើកុមារគ្រប់ទម្រង់ បង្កផលវិបាកធ្ងន់ធ្ងរដល់សង្គមជាតិ និងប៉ះពាល់ស្ទើរពេញមួយជីវិតរបស់ជនរងគ្រោះ

ចែករំលែក៖

ខេត្តសៀមរាប ៖ តំណាងរាជរដ្ឋាភិបាល និងអង្គការដៃគូ បញ្ជាក់ថា អំពើហិង្សាលើកុមារគ្រប់ទម្រង់ បានបង្កផលវិបាកធ្ងន់ធ្ងរដល់សង្គមជាតិ និងប៉ះពាល់ស្ទើរពេញមួយជីវិតរបស់ជនរងគ្រោះ ដែលនេះជាសកម្មភាពដែលមិនអាចអត់ឱនឱ្យបាន ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីប្រកាសបើកយុទ្ធនាការ”គ្រួសាររឹងមាំ” ការលើកកម្ពស់ការយល់ដឹង ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ក្នុងក្រុងសៀមរាប។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពី អង្គភាព មន្ទីរព័ត៌មាន ខេត្តសៀមរាប នៅរសៀលនេះ។ 

មន្ទីរព័ត៌មាន បានបន្តថា,លោកស្រី ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ហៅកាត់ថា គ.ក.ស.ក. និងជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បង្ហាញថា អំពើហិង្សាលើកុមារ គឺជាបញ្ហាសកលដែល បង្កផលវិបាកធ្ងន់ធ្ងរដល់សង្គមជាតិ និងប៉ះពាល់ស្ទើរពេញមួយជីវិតរបស់ជនរងគ្រោះ។ អំពើហិង្សាលើកុមារ គឺជាសកម្មភាព ដែលមិនអាចអត់ឱនបាន ទោះនៅក្នុងរូបភាពណាក៏ដោយ ព្រោះថាអំពើហិង្សាធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍរបស់កុមារ សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍធនធានមនុស្សនាពេលអនាគត។ លោកស្រី បន្តថា អំពើហិង្សាលើកុមារ កើតមានស្ទើរតែគ្រប់ទីកន្លែងក្នុងបណ្ដាប្រទេសទាំងអស់ទូទាំងពិភពលោក រីឯខេត្តសៀមរាប ក៏នៅតែមានបញ្ហាប្រឈមនេះដូចគ្នាផងដែរ។ តាមរយៈកិច្ចខិតខំរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពកិច្ចការពារកុមារនៅខេត្តសៀមរាប មានភាពល្អប្រសើរឡើងជាលំដាប់ ដោយសារការអនុវត្តផែនការសកម្មភាពខេត្ត ពាក់ព័ន្ធនឹងកិច្ចការពារកុមារ ការចិញ្ចឹមកូនបែបវិជ្ជមាន ដែលដឹកនាំសម្របសម្រួលដោយ គ.ក.ស.ក ខេត្ត ការចាត់វិធានការក្នុងការគ្រប់គ្រងការថែទាំកុមារនៅក្នុងមណ្ឌល និងបង្កើនសេវាកិច្ចការពារដល់កុមារនៅក្នុងខេត្ត ប៉ុន្តែកុមារមួយចំនួន នៅតែប្រឈមនឹងបញ្ហា ទទួលបានកិច្ចការពារកុមារនេះនៅឡើយ។

មន្ទីរព័ត៌មាន បានគូសបញ្ជាក់ថា, តាមការឱ្យដឹងពី លោក ស៊ា សុឃន់ ទីប្រឹក្សាអង្គការយូនីសេហ្វ ប្រចាំកម្ពុជា ការទទួលបានព័ត៌មានពីអំពើហិង្សាលើកុមារនៅជុំវិញពិភពលោក មានកម្រិតខុសៗគ្នា ក្នុងនោះកម្ពុជា កុមារជាងពាក់កណ្តាលបានជួបប្រទះអំពើហិង្សាយ៉ាងហោចណាស់ម្តងនៅមុនពួកគេមានអាយុ១៨ឆ្នាំ។ លោកបន្តថា អំពើហិង្សាមានផលប៉ះពាល់ធ្ងន់ធ្ងរ និងយូរអង្វែងដល់ជីវិតកុមារ និងមនុស្សពេញវ័យ។

 យោងតាមការសិក្សាស្រាវជ្រាវថ្នាក់ជាតិឆ្នាំ២០១៣ ដែលធ្វើឡើងដោយ គណៈកម្មការអន្តរក្រសួងចំនួន១៣ ដឹកនាំដោយក្រសួងកិច្ចការនារី និងក្រសួងសង្គមកិច្ច អតីតយុទ្ធ និងយុវនីតសម្បទា គាំទ្រពីអង្គការយូនីសេហ្វ និងមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងកិច្ចបង្ការ (CDC) បានបង្ហាញថា កុមារ៥០% បានរងនូវអំពើហិង្សាលើរាងកាយ ២០% បានរងអំពើហិង្សាផ្លូវចិត្ត និង៥%ផ្លូវភេទ។

លោកស្រី ច័ន្ទ ហារ៉ាវដ្តី អនុរដ្ឋលេខាធិការក្រសួង សង្គមកិច្ទ អតីតយុទ្ធជន និងយុវនីតិសម្បទា បង្ហាញថា តាមរយៈការសិក្សាស្រាវជ្រាវថ្នាក់ជាតិឆ្នាំ២០១៣នេះដែរ ការសិក្សាវិភាគអំពីបន្ទុកសេដ្ឋកិច្ច ចំពោះផលវិបាកផ្នែកសុខភាព ដោយសារអំពើហិង្សាលើកុមារនៅប្រទេសកម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ២០១៣ កម្ពុជាបានខាតបង់ថវិកាចំនួន១៦៨លាន ដុល្លាសហរដ្ឋអាមរិក ។ លោកស្រីបន្តថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកកម្ពស់អនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងច្បាប់អន្តរជាតិ ពាក់ព័ន្ធនានា ឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និងកិច្ចការពារជាពិសេសសម្រាប់កុមារ ដើម្បីអាចឱ្យកុមាររស់នៅក្នុងសេរីភាព សន្តិភាព និងការអភិវឌ្ឍ តាមរយៈការដាក់ចេញនូវ វិធានការជាច្រើនរួមមាន ការរៀបចំច្បាប់ គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និង លិខិតបទដ្ឋាននានាជាច្រើន ដើម្បីធានាដល់កិច្ចការពារកុមារឱ្យកាន់តែប្រសើរឡើង។ ឆ្លើយតបទៅនឹងស្ថានភាពថ្មីៗ ច្បាប់ស្ដីពីកិច្ចការពារកុមារ កំពុងត្រូវបានតាក់តែងឡើង សំដៅធានានូវកិច្ចការពារពិសេសសម្រាប់កុមារឱ្យបានគ្រប់ជ្រុងជ្រោយ។

សូមរម្លឹកថា រាជរដ្ឋាភិបាល បានដាក់ចេញអនុក្រឹត្យស្ដីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខណ្ឌ សំដៅលើកម្ពស់ប្រសិទ្ធភាព ក្នុងការគ្រប់គ្រង ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាននៅថ្នាក់ក្រុង ស្រុក និងខណ្ឌ។ទន្ទឹមនេះ គោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដែលមានភាពគ្រប់ជ្រុងជ្រោយស្របតាមដំណាក់កាល និងកម្រិតនៃការអភិវឌ្ឍប្រទេស ត្រូវបានអនុវត្តតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវា ដល់ប្រជាជនក្រីក្រងាយរងគ្រោះ ជាពិសេស កុមារកំព្រា និងកុមារងគ្រោះនៅតាមសហគមន៍ ដោយបង្កើននូវការយកចិត្តទុកដាក់ពង្រឹងគុណភាព និងបង្ខិតសេវាឱ្យទៅជិត ជាមួយប្រជាជនតាមរយៈការបង្កើនល្បឿននៃការធ្វើវិមជ្ឈការផ្ទេរការទទួលខុសត្រូវ និងវិភាជន៍ថវិកាទៅរដ្ឋបាលថ្នាក់ក្រោមជាតិជាបណ្តើរៗ៕

ប្រភព: មន្ទីរព័ត៌មាន ខេត្តសៀមរាប


ចែករំលែក៖