ខេត្តសៀមរាប ៖ រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសជាសមាជិកអេកម៉ិក (ACMECS) បានជំរុញឱ្យមានតភ្ជាប់គោលដៅទេសចរណ៍រួមគ្នារវាងប្រទេសទាំង៥ក្នុងតំបន់ ដែលមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមយុទ្ធនាការ «ប្រទេសប្រាំ គោលដៅតែមួយ» តាមរយៈការលើកទឹកចិត្តដល់ក្រុមហ៊ុនអាកាសចរណ៍ពង្រីកការហោះហើរត្រង់ក្នុងតំបន់បន្ថែមទៀត។ នេះបើយោងតាមការបង្ហោះលើផេកផ្លូវការ របស់ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ការជំរុញយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងជាប្រធានប្ដូរវេននៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ទន្លេអាយ៉េយ៉ាវ៉ាឌី-ចៅផ្រាយ៉ា-មេគង្គ ហៅកាត់ថាអេកម៉ិក (ACMECS) នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប។ កិច្ចប្រជុំអន្តរជាតិនេះដែរមានការចូលរួមពីប្រតិភូក្រសួងទេសចរណ៍កម្ពុជា ប្រតិភូឡាវដឹកនាំដោយលោកស្រី Suanesavanh Vignaket រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ ប្រតិភូមីយ៉ាន់ម៉ាដឹកនាំដោយលោក Htay Aung រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ ប្រតិភូថៃដឹកនាំដោយលោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីទេសចរណ៍ និងកីឡា និងប្រតិភូវៀតណាមដឹកនាំដោយលោក Doan Van Viet អនុរដ្ឋមន្ត្រីវប្បធម៌ កីឡា និងទេសចរណ៍។
នាឱកាសនោះ អង្គប្រជុំបានចូលរួមស្ដាប់នូវប្រសាសន៍ថ្លែងសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសកិច្ចកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥នេះ។ បន្ទាប់ពីស្ដាប់នូវខ្លឹមសានេះហើយ លោករដ្ឋមន្ត្រី ថោង ខុន ប្រធានអង្គប្រជុំបានថ្លែងថា សម្តេចតេជោ ហ៊ុន សែន មានទស្សនវិស័យស៊ីជម្រៅលើវិស័យទេសចរណ៍អេកម៉ិក។
អង្គប្រជុំក៏បានគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ណែនាំទាក់ទងនឹងការលើកកម្ពស់ការធ្វើដំណើរផ្ទៃក្នុងតំបន់អេកម៉ិក (ACMECS-Intra Travelers) ដោយសង្កត់ធ្ងន់លើការតភ្ជាប់ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកបន្ថែមទៀត រួមទាំងការជំរុញទេសចរណ៍បើកបរដោយខ្លួនឯង និងការបន្តយុទ្ធនាការ «ប្រទេសប្រាំ គោលដៅតែមួយ» ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីក្រៅតំបន់ និងភាពចាំបាច់ក្នុងការពង្រឹងយន្តការស្ថាប័នទេសចរណ៍អេកម៉ិក។
លោករដ្ឋមន្ត្រី ថោង ខុន និងរដ្ឋមន្ត្រីទេសចរណ៍សមាជិកអេកម៉ិកដទៃទៀតបានស្វាគមន៍កំណើនភ្ញៀវទេសចរអន្តរជាតិក្នុងប្រទេសអេកម៉ិក ដែលកើនឡើងដល់ប្រមាណ១០លាននាក់ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២ ក្នុងនោះចំនួនភ្ញៀវទេសចរផ្ទៃក្នុងមានប្រមាណ៤.៨លាននាក់ ស្មើនឹង៤៩ភាគរយនៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប។ រដ្ឋមន្ត្រីទេសចរណ៍សមាជិកអេកម៉ិកបានជំរុញឱ្យមានការតភ្ជាប់ផលិតផលទេសចរណ៍ និងការចូលរួមពីវិស័យឯកជន ដើម្បីជំរុញភ្ញៀវទេសចរបន្ថែមទៀត។
លោករដ្ឋមន្ត្រី ថោង ខុន និងរដ្ឋមន្ត្រីទេសចរណ៍សមាជិកអេកម៉ិកដទៃបានគាំទ្រការជំរុញបង្កើតឱ្យមានកញ្ចប់ទស្សនកិច្ចរួមពីផ្នែកឯកជននៅក្នុងតំបន់អេកម៉ិក និងលើកទឹកចិត្តអាកាសចរណ៍ជាតិនិងអន្តរជាតិពង្រីកប្រតិបត្តិការហោះហើរត្រង់បន្ថែមទៀតរវាងគោលដៅទេសចរណ៍នានាក្នុងប្រទេសអេកម៉ិក ក៏ដូចជាពីគោលដៅចម្ងាយឆ្ងាយផងដែរ ព្រមទាំងឯកភាពភ្ជាប់នូវគោលដៅទេសចរណ៍នានាតាមផ្លូវសមុទ្រ និងទន្លេ។
រដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកបានលើកទឹកចិត្តឱ្យបន្តការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ក្នុងចំណោមប្រទេសសមាជិកអេកម៉ិក ដើម្បីធានាថាតំបន់អេកម៉ិកនៅតែមានភាពប្រកួតប្រជែង និងក្លាយជាគោលដៅទេសចរណ៍តែមួយប្រកបដោយសុវត្ថិភាព និងកក់ក្តៅ។ កិច្ចប្រជុំបន្តបញ្ជាក់ជាថ្មីថាសុវត្ថិភាព អនាម័យ និងភាពធន់ គួរបន្ថែមនូវការបញ្ជ្រាបការយល់ដឹង និងពង្រីកការអនុវត្តក្នុងសកម្មភាពទេសចរណ៍ទាំងអស់។
រដ្ឋមន្ត្រីទេសចរណ៍នៃក្រុមប្រទេសជាសមាជិកអេកម៉ិកបានឯកភាពបន្តធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការលើការធ្វើពិពិធកម្មផលិតផលទេសចរណ៍ រួមមាន ទេសចរណ៍សហគមន៍ អេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង ព្រឹតិ្តការណ៍កីឡាទេសចរណ៍ ទេសចរណ៍សុខភាព ទេសចរណ៍ម្ហូបអាហារ និងបានឯកភាពផងដែរក្នុងការជំរុញនយោបាយទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ ក្នុងទិសដៅបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍផលិតផលនិងធុរកិច្ចទេសចរណ៍។
ទន្ទឹមនឹងនោះដែរ រដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកក៏បានដាក់ចេញនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការគាំទ្រដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម (MSME) ឱ្យក្លាយជាឆ្អឹងខ្នងសម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់ និងការទទួលខុសត្រូវ។
លោករដ្ឋមន្ត្រី ថោង ខុន និងរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកដទៃទៀតបានជំរុញការផ្លាស់ប្តូរបទពិសោធន៍លើបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ដូចជា កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថល ការអភិវឌ្ឍជំនាញឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងភាពប្រកួតប្រជែង។
រដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកបានអនុម័តលើនិម្មិតសញ្ញាទេសចរណ៍អេកម៉ិក (Logo of ACMECS Tourism) ដើម្បីលើកកម្ពស់ការសម្រេចបាននូវយុទ្ធនាការ «ប្រទេសប្រាំ គោលដៅតែមួយ» និងបានវាយតម្លៃខ្ពស់ចំពោះការអនុវត្តសកម្មភាពផ្សព្វផ្សាយ និងទីផ្សារទេសចរណ៍រួមគ្នាក្នុងការរៀបចំពិព័រណ៍ទេសចរណ៍អន្តរជាតិ និងព្រឹត្តិការណ៍នានានៅក្នុងប្រទេសអេកម៉ិក។
ពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស រដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកបានគាំទ្រដល់ការបង្កើតបណ្តាញបណ្តុះបណ្តាល និងស្ថាប័នអប់រំសម្រាប់ប្រទេសសមាជិកអេកម៉ិកជាមួយនឹងព័ត៌មានពាក់ព័ន្ធ និងបច្ចុប្បន្នភាពព័ត៌មាន ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អបំផុតលើការអភិវឌ្ឍវិស័យទេសចរណ៍ សេវាកម្មម៉ាយ (MICE) តាមរយៈសិក្ខាសាលាផ្សេងៗ។ រដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកក៏បានលើកទឹកចិត្តបន្ថែមឱ្យមានការចល័តអ្នកជំនាញទេសចរណ៍ក្នុងប្រទេសសមាជិកអេកម៉ិក ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងយោគយល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP)។
រដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកបានទទួលស្គាល់នូវសារៈសំខាន់ និងបានគាំទ្រគំនិតផ្តួចផ្តើមការសិក្សាពីលទ្ធភាពបង្កើតលេខាធិការដ្ឋាន ឬការិយាល័យសម្របសម្រួលទេសចរណ៍អេកម៉ិកនៅឆ្នាំ២០២៣ និងឆ្នាំ២០២៤។
រដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកបានព្រមព្រៀងលើសេចក្តីថ្លែងការណ៍ខេត្តសៀមរាបស្តីពីអនាគតនៃវិស័យទេសចរណ៍អេកម៉ិក និងបានទទួលស្គាល់ផងដែរនូវលទ្ធផលនៃកិច្ចសន្ទនាទេសចរណ៍ ACMECS/CLMV លើកទី១ ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រមទាំងបានគាំទ្រឱ្យមានកម្មវិធីនេះជាបន្តបន្ទាប់ទៀតសម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់នៅក្នុងតំបន់។
ចំពោះកិច្ចប្រជុំឧត្តមមន្ត្រី និងរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៦ នឹងត្រូវប្រព្រឹត្តទៅនៅប្រទេសឡាវនាឆ្នាំ២០២៤។
គួរជម្រាបថា អេកម៉ិក គឺមកពីពាក្យពេញថា «យុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ទន្លេអាយ៉េយ៉ាវ៉ាឌី-ទន្លេចៅផ្រាយ៉ា-ទន្លេមេគង្គ» ដែលភាសាបច្ចេកទេសហៅថា Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy ហៅកាត់ ACMECS។ ទន្លេអាយ៉េយ៉ាវ៉ាឌី ឬទន្លេឥស្សរាវតីគឺលាតសន្ធឹងនៅប្រទេសមីយ៉ាន់ ទន្លេចៅផ្រាយ៉ា ឬចៅព្រះពញាលាតសន្ធឹងនៅប្រទេសថៃ ចំណែកឯទន្លេមេគង្គគឺបូកទាំងប្រទេសឡាវ កម្ពុជា និងវៀតណាតផងដែរ៕
ដោយ : សហការី