ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម Never Care ដឹកដៃ Infinity ទៅការពារជើងឯកអន្តរជាតិ MATIC នៅថៃ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមកីឡាអេឡិចត្រូនិក Never Care ម្ចាស់ជើងឯកអន្តរជាតិ MATIC ឆ្នាំ២០១៧ នឹងដឹកដៃក្រុម Infinity ដែលជាចំណូលថ្មីទៅការពារជើងឯកអន្តរជាតិ MATIC ឆ្នាំ២០១៨ នៅថៃនាខែមករាខាង មុខនេះ។ ក្រុម Never Care និង Infinity សុទ្ធជាក្រុមជើងឯកនិងជើងឯករងនាការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងថ្នាក់ជាតិប្រចាំឆ្នាំ២០១៧ ជាបន្តបន្ទាប់។

ក្រោយគ្រងជើងឯកថ្នាក់ជាតិកីឡា អេឡិចត្រូនិកឆ្នាំ២០១៧ដែលទើបបញ្ចប់កាលពីថ្ងៃ១៥កើត ខែមិគសិរឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវនឹងថៃ្ងទី៣ ធ្នូ ក្រុម Never Care ម្ចាស់ជើងឯកអន្តរជាតិ MATIC ឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ីបានសិទ្ធទៅការពារជើងឯកអន្តរជាតិ MATIC ឆ្នាំ២០១៨នៅប្រទេសថៃ ចាប់ពីថ្ងៃទី១៣ ខែមករា ដល់ថ្ងៃទី១៤ ខែមករាឆ្នាំ២០១៨។ សម្រាប់ការប្រកួតជើងឯកអន្តរជាតិឆ្នាំនេះ ក្រុមជើងឯករងការប្រកួតថ្នាក់ជាតិឆ្នាំ២០១៧ Infinity ដែលជាចំណូលថ្មីក៏រួមដំណើរទៅប្រជែងជើងឯក MATIC ឆ្នាំ២០១៨ នៅថៃផងដែរ។

ការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកអន្តរជាតិ MATIC ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ីក្រុម Never Careបានផ្តួលម្ចាស់ជើងឯកពីរជំនាន់របស់ថៃ Superior នៅវគ្គផ្តាច់ព្រ័ត្រដើម្បីគ្រងជើងឯកប្រចាំព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាអេឡិចត្រូនិកអន្តរជាតិ MATIC 2017។ ជ័យជម្នះនេះក្រុមកម្ពុជាទទួលបានពាន១និងប្រាក់ រង្វាន់លើកទឹកចិត្ត១៥,០០០ដុល្លារ។

មុនក្លាយជាម្ចាស់ជើងឯកអន្តរជាតិ MATIC 2017ក្រុម Never Care បានយកឈ្នះគូប្រជែងជាបន្តបន្ទាប់ក្នុងវគ្គសន្សំពិន្ទុ រួមមានក្រុម KC-Kingover របស់ម៉ាឡេស៊ី, Shui Feng របស់ចិន, ក្រុម Troop History របស់សិង្ហបុរី, ក្រុម Successful កម្ពុជា និង ក្រុមការពារជើងឯករបស់ថៃ Superior។

នៅក្នុងវគ្គ៨ក្រុមចុងក្រោយ Never Care បានទម្លាក់ក្រុម No Excuse របស់សិង្ហបុរី មុនទម្លាក់ក្រុម Shui Feng របស់ ចិននៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងទម្លាក់ក្រុមការពារជើងឯកថៃ Superior នៅវគ្គផ្ដាច់ព្រ័ត្រដើម្បីគ្រងជើងឯក MATIC ប្រចាំឆ្នាំ ២០១៧។

ការប្រកួតកីឡាអេឡិចត្រូនិកជ្រើស រើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៧ មាន២៤ក្រុមចូលរួមក្នុងនោះ១៦ក្រុមប្រកួតប្រជែងលើវិញ្ញាសា AK2 និង៨ក្រុម ប្រជែងលើវិញ្ញាសា Dota 2 ហើយក្រុមទាំងនេះសុទ្ធតែជើងខ្លាំងប្រចាំការប្រកួតតាម តំបន់ទាំង៥។ ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្រុម Never Care គ្រងជើងឯក វិញ្ញាសា AK2 ក្រោយយកឈ្នះក្រុម Infinity ៧-៣ នៅវគ្គផ្តាច់ព្រ័ត្រ។

ជ័យជម្នះនេះ Never Care ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន២ពាន់ដុល្លារ ខណៈ Infinity បាន១ពាន់ដុល្លារ។ ចំណែក ក្រុម Secret ទទួលបានចំណាត់ថ្នាក់លេខ៣ក្រោយយកឈ្នះក្រុម King Attack ក្នុងលទ្ធផល ៥-១។

សម្រាប់វិញ្ញាសា Dota 2 ក្រុម Intelligent Quotient គ្រងជើងឯកជាមួយថវិកាលើកទឹកចិត្តចំនួន១ពាន់ដុល្លារ រីឯក្រុម Glory 5 គ្រងជើងឯករងជាមួយប្រាក់រង្វាន់លើកទឹកចិត្តចំនួន៥០០ដុល្លារ៕ សារីម


ចែករំលែក៖