ព័ត៌មានទាន់ហេតុការណ៍៖

ក្រោកពីដំណេកបាត់គោ៧ក្បាល សមត្ថកិច្ចស្គាល់ជនសង្ស័យជាចោរនោះហើយ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្រុមគ្រួសារមួយមានការសោកស្តាយហួសកម្រិតរហូតដល់ហាស្តីលែងចេញ ខណៈក្រោកពីដំណេកបាត់គោអស់ពីក្រោលចំនួន៧ក្បាល និងប្រទះឃើញឆ្កែងាប់៣ក្បាល ឆ្មា២ក្បាល និងមាន់១ក្បាល ដែលសង្ស័យថា ក្រុមចោរបានដាក់ថ្នាំបំពុលសត្វទាំងនេះ មុនពេលធ្វើសកម្មភាពលួចដឹកគោចេញពីក្រោល ។ សមត្ថកិច្ចមូលដ្ឋានបានកំណត់មុខសញ្ញាជាជនសង្ស័យលួចសត្វគោនេះហើយ ដោយបង្ហើបថា អាចមានមនុស្ស២នាក់ ចាស់ម្នាក់ និងក្មេងម្នាក់ ហើយបាននិងកំពុងតាមប្រមាញ់ផងដែរ។

ករណីនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមាត់ស្ទឹងពោធិ៍សាត់ ភូមិអូរតូង សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចជំនាញដែលចុះពិនិត្យដល់ទីតាំងកើតហេតុបញ្ជាក់ថា ម្ចាស់គោឈ្មោះ នួន ណាក់ ភេទប្រុស អាយុ ៦៨ឆ្នាំ ប្រពន្ធឈ្មោះអ៊ុក សំអៀង អាយុ៦១ឆ្នាំ។

ប៉ូលិសបញ្ជាក់ថា ជនសង្ស័យអាចមានមនុស្ស២នាក់ ចាស់ម្នាក់ និងក្មេងម្នាក់ (តាមការពិនិត្យដានជើង) ហើយពេលនេះ សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួនហើយ។ ជនសង្ស័យបានដឹកគោ៧ក្បាលឡើងឡានដែលចតនៅចម្ងាយពីផ្ទះកើតហេតុប្រហែល៣០០ម៉ែត្រ ហើយបើកគេចទៅបាត់៕ ប៉ឹម ពិន


ចែករំលែក៖