ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តតាកែវនិងរដ្ឋបាលជលផលបើកផ្លូវឲ្យមានបទល្មើសនេសាទនៅស្រុកអង្គរបុរី

ចែករំលែក៖

គេមិនដឹងថា តើអភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈ និងអគ្គនាយករដ្ឋបាលជលផលលោក អេង ជាសាន បានដឹងអំពីបទល្មើសនេសាទ ដែលកំពុងកើតមានយ៉ាងក្តៅគគុកនៅស្រុកអង្គរបុរីដែរឬយ៉ាងណានោះទេ? បញ្ហាបទល្មើសនេសាទនេះបានបំផ្លាញទឹកចិត្តប្រជាពលរដ្ឋខ្មែរឲ្យអាក់អន់ស្រពន់ចិត្តចំពោះគោលនយោបាយរាជរដ្ឋាភិបាលជាខ្លាំង ក៏ព្រោះតែពួកគាត់ជាខ្មែរម្ចាស់ស្រុកមិនត្រូវបានអនុញ្ញាតឲ្យនេសាទដើម្បីចិញ្ចឹមក្រពះនោះទេ ផ្ទុយទៅវិញ ពួកមន្ត្រីជលផលប្រចាំការនៅតំបន់នោះយកលុយរាប់ពាន់ដុល្លារពីការអនុញ្ញាតឲ្យជនជាតិវៀតណាមចូលនេសាទតាមអំពើចិត្ត។

លោកសៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវបានដាក់កម្លាំងពិសេសរបស់ខ្លួនធ្វើប្រតិបត្តិការជាមួយបណ្តាជនវៀតណាមដឹកនាំដោយមេខ្យល់ ង្វៀង ចាន់ត្រាយ កេណ្ឌជនជាតិវៀតណាមចូលនេសាទក្នុងដែននេសាទ ខ្មែរនៅស្រុកអង្គរបុរី។ ទូកកន្ទុយកណ្តុរ របស់ជនជាតិវៀតណាមត្រូវបង់ឲ្យលោក អ៊ឹម ផាត នាយផ្នែករដ្ឋបាលជលផលអង្គរបុរីយ៉ាងហោចណាស់៧០០ដុល្លារ។ ទូកធំៗត្រូវឡើងថ្លៃទៅតាមទំហំ។ បទល្មើសផ្សេងទៀតមានរបាំងស្បៃមុងរាប់ពាន់ម៉ែត្រ និងការដាក់សម្រាស់ត្រីជាដើម ។ បណ្តាជនខ្មែរដែលចូលនេសាទដើម្បីចិញ្ចឹមក្រពះត្រូវលោកអ៊ឹម ផាត ដេញបាញ់រយះក្បាលទូក និងចាប់អ្នកនេសាទខ្មែរដាក់គុកទៀតផង។ ចំណុចនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរនៅស្រុកអង្គរបុរីឆ្អែតចិត្តចំពោះការព្រងើយកន្តើយរបស់អាជ្ញាធរស្រុក ខេត្តដែលមិនបើកភ្នែកមើលការលំបាករបស់ពួកគាត់។

ថាពួកមន្ត្រីជលផលទៅចុះពាក់ព័ន្ធនឹងអំពើពុករលួយយកលុយពីអ្នកនេសាទវៀតណាម លើសនេះទៅទៀត អាជ្ញាធរខេត្តតាកែវដឹកនាំដោយលោកឡាយ វណ្ណៈ ក៏ដូចជារដ្ឋបាលជលផលដឹកនាំដោយលោកអេង ជាសាន មិនដែលខ្វល់នឹងការដែលពួកមន្ត្រីជលផលបំផ្លិចបំផ្លាញគោលនយោបាយរាជរដ្ឋាភិបាលនោះឡើយ។ មិនមែនថ្នាក់ដឹកនាំខេត្តតាកែវ និងរដ្ឋបាលជលផលមិនដឹងអំពីបញ្ហាបទល្មើសនេសាទនៅស្រុកអង្គរបុរីនោះទេ ប៉ុន្តែវាហាក់ដូចជាយល់ស្របទៅនឹងការលើកឡើងថា ធនធានជលផលទាំងនោះ បើមិនឲ្យបណ្តាជនវៀតណាមចូលនេសាទទេ ក៏វាគង់តែហូរតាមទឹកទៅប្រទេសវៀតណាមដដែល! ដូច្នេះ ឲ្យជនជាតិវៀតណាមចូលនេសាទយកប្រាក់គឺវាចំណេញ(Sic) ។ ប៉ុន្តែប្រជាពលរដ្ឋខ្មែរឈឺចាប់ខ្លាំងណាស់ ៕


ចែករំលែក៖