ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបគ្នាយ៉ាងលឿនមិនប្រយ័ត្ន ជ្រុលបុករថយន្ដកំពុងឆ្លងផ្លូវរងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសពីរនាក់បានរងរបួសបែកមុខមាត់ ខណៈជិះម៉ូតូមួយគ្រឿងឌុបគ្នា ក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុល ទៅបុករថយន្ដមួយគ្រឿង កំពុងបើកឆ្លងផ្លូវ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភ្លើងស្តុបវត្តសន្សំកុសល តាមបណ្ដោយផ្លូវលេខ ២៧១ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2P-6370 បានធ្វើដំណើរចេញពីរង្វង់មូលផ្សារដើមថ្កូវឡើងមកផ្លូវលេខ២៧១ និងបានបទឆ្វេងឆ្លងផ្លូវ ។ ខណៈនោះ ស្រាប់តែមានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CQ-7182 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន និងមិនប្រយ័ត្នជ្រុលមកបុករថយន្ដចំពីចំហៀង បណ្ដាលឲ្យម៉ូតូដួល និងរងរបួសទាំងពីរនាក់ ចំណែកម៉ូតូ និងរថយន្ដរងការខូចខាតផងដែរ ។

ក្រោយពីកើតហេតុ រថយន្ដសង្គ្រោះបន្ទាន់បានទៅដឹកជនរងគ្រោះទាំង២នាក់ ខាងភាគីម៉ូតូដើម្បីព្យាបាលរបួស រីឯរថយន្ដ និងម៉ូតូសមត្ថកិច្ចវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖