ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនបត់មិនប្រុងប្រយ័ត្នត្រូវរថយន្តកែច្នៃបុករងរបួសធ្ងន់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ បុរសម្នាក់រងរបួសធ្ងន់សន្លប់ស្ដូកខណៈជិះម៉ូតូក្នុងសភាពស្រវឹងស្រាស្រឿងៗ បើកម៉ូតូលឿនបត់មិនប្រុងប្រយ័ត្នត្រូវរថយន្តកែច្នៃបុក។ ជនរងគ្រោះត្រូវរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ហើយដោយសភាពធ្ងន់ធ្ងរពេក គ្រូពេទ្យបញ្ជូនបន្តទៅខេត្តបាត់ដំបង ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣ និង ១៥នាទីថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

សមត្ថកិច្ចបានថ្លែងថា អ្នកបើកបររថយន្តកែច្នៃ ឈ្មោះ ប្រាក់ ហាន ភេទប្រុស អាយុ៣៥ឆ្នាំ ជាកសិករ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (គ្មានរបួស) ។ ចំណែកជនរងគ្រោះ ឈ្មោះ ប៊ុត ភេន ភេទប្រុស អាយុ៣៤ឆ្នាំ ជាកសិកររ រស់នៅភូមិមានជ័យ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ដោយជិះម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1Q.7318 (រងបួសធ្ងន់ បាក់ជើងស្តាំ ។

សមត្ថកិច្ចថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូ១គ្រឿង ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែ ដល់ត្រង់ចំណុចផ្លូវកោង ស្រាប់តែបុរសរូបនោះបានជិះម៉ូតូបត់មកឆ្វេង ដោយខ្វះការប្រុងប្រយ័ត្នមិនមើលឆ្វេងស្តាំ ស្រាប់តែមានរថយន្តកែច្នៃបើកបរមកពីក្រោយក្នុងល្បឿនលឿនក៏បុកចំម៉ូតូបុរសបត់យ៉ាងពេញទំហឹងតែម្តង ៕ ស សារ៉េត


ចែករំលែក៖