ព័ត៌មានទាន់ហេតុការណ៍៖

ដឹកប្រពន្ធកូនមកពីលេងនៅមហាសង្ក្រាន្តពោធិ៍សែនជ័យជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករ៉ឺម៉កកង់បីដឹកប្រពន្ធកូនមកពីលេងមហាសង្ក្រានពោធិ៍សែនជ័យ បំណងទៅផ្ទះស្រាប់តែមានម៉ូតូហុងដាមួយគ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលបុកចំពីមុខពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខ វិទ្យាស្ថាន វិទ្យាសាស្ត្រ ខ ភ ម តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ គង់ សុវណ្ណ ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបររត់រ៉ឺម៉កកង់បី ស្នាក់នៅបន្ទប់ជួលភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅខេត្តស្វាយរៀង។

តាមសាក្សីពីបងប្អូនជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបាននាំប្រពន្ធកូនទៅចូលរួមមើលពិធីមហាសង្ក្រាន្តពោធិ៍សែនជ័យ នៅវត្តជន្លង់ម្លូ ស្ថិតក្នុងសង្កាត់ភ្លើងឆះរទះ ក្រោយពីដើរលេងរួច ក៏ដឹកប្រពន្ធ និងកូនចំនួន២នាក់ទៀតមកវិញ បំណងទៅបន្ទប់ជួលវិ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៤ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ 3523 បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿន ក៏ជ្រុលបុកចំពីមុខពេញទំហឹងបណ្តាលឲ្យអ្នកបើករ៉ឺម៉កកង់បីស្លាប់ភ្លាមនៅកន្លែងកើតហេតុ ចំណែកភាគីខាងម៉ូតូរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុជនបើកម៉ូតូបង្កហេតុត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចណែកម៉ូតូ និងរ៉ឺម៉កកង់បីត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយពេលក្រោយ រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ សុខាសែនជ័យ


ចែករំលែក៖