ព័ត៌មានទាន់ហេតុការណ៍៖

ដេនី ក្វាន់ លាតប្រដាងមុខមាត់ និងស្នេហាពិត

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីព្យាយាមលាក់មុខមាត់គូស្នេហ៍ជាយូនោះពេលនេះ តារាសិចស៊ី ដេនី ក្វាន់ បានប្រកាសបញ្ចេញមុខបុរសជាគូស្នេហ៍ ដែលធ្វើឲ្យគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ការភ្ញាក់ផ្អើលនេះព្រោះក្រៅពីបង្ហាញមុខជាមួយភាពផ្អែមល្ហែមនាងក៏ទទួលស្គាល់ថា បុរសនោះមិនមែនជាអ្នកមានទ្រព្យហូរហៀរ និងយសសក្កិខ្ពង់ខ្ពស់ដូចមនុស្សជាច្រើនគិតនោះដែរ ។

ដេនី ក្វាន់ ច្រើនតែលើកឡើងថា នាងមិនទាន់មានស្នេហានោះទេប៉ុន្តែក្នុងឱកាសឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូកនេះនាងបានបង្ហាញជាសាធារណ:មុខមាត់បុរសម្នាក់ដែលកំពុងសាងភាពផ្អែមល្ហែមយ៉ាងខ្លាំងជាមួយនាងនៅកោះឋានសួគ៌ក្នុងខេត្តព្រះសីហនុ។ ទោះជាយ៉ាងណាបុរសនោះត្រូវបានគេស្គាល់ឈ្មោះ ចាន់ មករា ជាអ្នកដឹកនាំថតស្ពតធំៗមួយចំនួន ដែលធ្លាប់ទាំងដឹកនាំថតស្ពតរបស់លោកព្រាប សុវត្ថិ កាលពីអតីតកាល និងជាម្ចាស់អាជីវកម្មលក់រថយន្តធំមួយ នៅភ្នំពេញ។ អ្នកជិតដិតនាងបញ្ជាក់ថា នាង និងលោក មករា បានសាងភាពផ្អែមល្ហែម និងកៀកកិតជិតគ្នាជាយូឆ្នាំមកហើយ ប៉ុន្តែពួកគេមិនដែលបង្ហាញជាសាធារណៈ។ ប្រភពថាលោក មករាជាមនុស្សល្អក្រៅពីសុភាពមិនសូវនិយាយច្រើនក៏ជាមនុស្សអត់ធន់ខ្ពស់ម្នាក់ដែរ។

តារាសម្ដែងកញ្ញា ដេនី ក្វាន់ អមជាមួយសំណេរគួរឲ្យចាប់អារម្មណ៍ថា «សម្រាកការងារ! មកលំហែកាយជាមួយ My Honey នៅកោះឋានសួគ៌។

ដេនី ក្វាន់លើកឡើងដែរថា “មានមនុស្សជាច្រើនសួរខ្ញុំថាហេតុអីខ្ញុំរើសយកម្នាក់ហ្នឹង ខ្ញុំក៏មិនដឹងឡើយថារើសខុស ឬក៏រើសទៅត្រូវ តែបើអោយរើសថ្មីម្តងទៀតខ្ញុំនៅតែរើសយកម្នាក់ហ្នឹងដដែល.. ព្រោះស្នេហារបស់ខ្ញុំទាំងពីរមិនមែនស្ថិតលើមាត់អ្នកដទៃ ខ្ញុំសុខចិត្តធ្វើព្រះនាងរបស់ប្តីអ្នកក្រ ប្រសើរជាងធ្វើទាសករប្តីអ្នកមាន. !”។ នាងបន្តថាគ្មានពាក្យថាស្តាយក្រោយដែលមានលោក មករាជាសង្សារបស់នាង ទោះអ្នកដទៃមើលមកបង មិនល្អ មិនស្អាត មិនសង្ហា មិនមែនជាឧកញ្ញាឬឯកឧត្តម តែសម្រាប់នាង តែងតែមើលឃើញចំណុចល្អរបស់សង្សានាងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដោយទង្វើ និងចិត្តស្មោះត្រង់របស់សង្សា។ នាងថានាងនិងលោកមករា បានស្គាល់គ្នា បានកាន់ដៃគ្នា ផ្តល់ភាពស្និទ្ធិស្នាលនឹងស្នាមញញឹមចំពោះគ្នា ទាំងដែលបានឆ្លងកាត់ឧបសគ្គ ជាច្រើន ពាក្យគេច្រណែន ពាក្យគេចង់បំបែក។ នាងថា ពាក្យគេថានាងនិងសង្សាមិនសមនឹងគ្នា កែវភ្នែកគេមើលមក គ្រាន់តែជាមនុស្សធម្មតាមិនស្មើគេ ហើយនាងនិងសង្សាបានបែកបាក់គ្នាជាច្រើនលើកតែចុងក្រោយនាងនិងសង្សាក៏អាចត្រលប់មកដូចដើមដោយសារក្តីស្រលាញ់និងងអាណិតរវាងនាងនិងសង្សា ។

តបអ្នកសាកសួរជាច្រើនលោកមករាបញ្ជាក់ថា ដេនី ក្វាន់ គឺជាម្ចាស់បេះដូងរបស់លោក ដោយមិនមែនជាការសម្ដែង ឬការថតរូបបែបផ្អែមល្ហែមលេងៗនោះផងដែរ។ក៏មាន អ្នកគាំទ្រនៅលើហ្វេសប៊ុក សុទ្ធតែសរសើរថាលោកចាន់ មករា គឺជាបុរសសំណាងផុតលេខ ដែល កញ្ញា ដេនី ក្វាន់ យល់ព្រមទទួលជាស្នេហា ហើយដេនីក្វាន់ក៏ជាមនុស្សស្រីសំណាងដែលបានលោកមករាជាគូស្នេហ៍នោះ៕ វឌ្ឍនា


ចែករំលែក៖