ព័ត៌មានទាន់ហេតុការណ៍៖

បើកបរមិនប្រកាន់ស្តាំបុកអ្នកជិះម៉ូតូរបួសម្ដាយ និងកូន៣នាក់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ម្ដាយម្នាក់ និងកូនស្រី២នាក់ បានរងរបួសធ្ងន់ ខណៈដែលកំពុងជិះម៉ូតូត្រូវរថយន្តទេសចរណ៍បើកបញ្ច្រាសបុកពេញទំហឹង បណ្ដាលឲ្យដួលច្រងាប់ស្រងឹល បង្កឲ្យមានការកកស្ទះដល់អ្នកធ្វើដំណើរ ក៏ដូចជាអ្នកភូមិនាំគ្នាចោមរោមមើល និងជួយសង្គ្រោះកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ១ ភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ម្ដាយ និងកូនស្រីបានរងរបួសធ្ងន់មានឈ្មោះ ម៉ន ដាវី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិបុស្ស ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង, ឈ្មោះ ខា ស្រីឃុន អាយុ៦ឆ្នាំ និងឈ្មោះ ខា ស្រីឃា អាយុ៥ឆ្នាំ ។ ចំណែកម៉ូតូរបស់ជនរងគ្រោះម៉ាក YAMAHA ស៊ីលូត ពណ៌ខ្មៅ ពាក់ស្លាកលេខ វៀតណាម 70.B1.41973ខូចខាតយ៉ាងដំណំ។

ចំពោះអ្នកបើករថយន្តបង្កហេតុ ឈ្មោះ ឃុត វណ្ណៈ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តទេសចរណ៍ មានទីលំនៅភូមិ ពោធិរោងឃុំ ព្រះបាទជាន់ជុំស្រុក គិរីវង់ខេត្តតាកែវ ត្រូវបានឃាត់ខ្លួនបានភ្លាមៗបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ខេត្តស្វាយរៀង។

តាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុ គេឃើញមានរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម លាយស ធ្វើដំណើរពីលិចទៅកើតលើកំណាត់ផ្លូវជាតិលេខ១ លុះបើកមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែទៅបុកប៉ះនឹងម៉ូតូ១គ្រឿង ម៉ាក YAMAHA ជិះគ្នា៣នាក់ម្ដាយនិងកូនស្រី ដែលបញ្ច្រាសទិសគ្នាពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលតែម្ដង។

ក្រោយមក ស្ត្រីរងគ្រោះ និងកូនស្រីតូចៗត្រូវបានគេដឹកបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ហើយសមត្ថកិច្ចបានវាស់វែង និងអូសយកវត្ថុតាងទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងចាត់ការតាមនីតិវិធី។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ខាងលើនេះ កើតឡើងដោយសារមូលហេតុ អ្នកបើកបរថយន្តមិនប្រកាន់ស្តាំ ទើបជួបករណីនេះកើតឡើង៕ យឹម សុថាន


ចែករំលែក៖