ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ បុករថយន្តស្លាប់ម្នាក់ នៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖ យុវជនម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងករណីគ្រោះថ្នាក់ចរាចរ បើកម៉ូតូប្រជែងរថយន្តក្នុងស្ថានភាពផ្លូវមានឧបសគ្គ ក៏ជ្រុលល្បឿនទៅបុករថយន្តដឹកទំនិញធុនធំកាលពីវេលាម៉ោង ៣,២៥ នាទីរសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣២_៣៣ ភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ករណីនេះ បង្កឡើងដោយម៉ូតូម៉ាក HONDA C១២៥ ស៊េរី ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GC 8946 បើកបរដោយឈ្មោះខេន ចំរ៉ុង ភេទ ប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅភូមិ វុធធា ឃុំ រំចេក ស្រុក ព្រះស្ដេច ខេត្ត ព្រៃវែង ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលគ្រោះថ្នាក់ ជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង បើកបរក្នុងល្បឿនលឿន ធ្វើដំណើរពីអ្នកលឿងទៅភ្នំពេញ បើកមកដល់ចំណុចកើតហេតុខាងលើ បានជែងរថយន្ត មួយគ្រឿងមិនស្គាល់ម៉ាក់ ស្របពេលដែលកំពុងបើកប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ ក៏មានរថយន្តមួយគ្រឿងម៉ាក់ HINO ប្រភេទដឹកខ្សាច់ ពណ៌ប្រផេះ ពាក់ស្លាកលេខ កណ្ដាល 3A 0500 បើកមកដល់ធ្វើឲ្យជនរងគ្រោះបាត់ម្ចាស់ការខំបើកគេចទៅខាងឆ្វេងដែរតែមិនផុតបណ្តាលឲ្យបុករថយន្តដឹកខ្សាច់ពេញទំហឹងស្លាប់នៅហ្នឹងកន្លែងកើតហេតុតែម្តង ។

ក្រោយកើតហេតុអ្នកបើកបរ រត់គេចខ្លួនបាត់ ចំណែកសាកសពត្រូវបានជំនាញចរាចរស្រុកកៀនស្វាយ ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកមធ្យោបាយទាំង២គ្រឿង ត្រូវបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ សណ្តោស

 


ចែករំលែក៖