ព័ត៌មានទាន់ហេតុការណ៍៖

ប្រើហិង្សាលើអ្នកដទៃ រួចរត់គេចខ្លួនបាត់ជាង២ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បានបង្កហិង្សាលើអ្នកដទៃបណ្ដាលឲ្យរបួសធ្ងន់ ហើយបានរត់គេចខ្លួនបាត់ពីផ្ទះអស់រយៈពេលជាង២ឆ្នាំ ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម ប្រទះឃើញកំពុងដើរតាមផ្លូវក៏ឃាត់ខ្លួន តាមការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ពីបទហិង្សាដោយចេតនា ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧៖១៥នាទីព្រឹក ថ្ងៃពុធ ១២កើត ខែមិកសិរ ឆ្នាំច សំរិទ្ធិស័កព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យម្នាក់ ឈ្មោះ គីម ប៊ុនធឿន (ហៅបារាំង) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១៤៣១ ផ្លូវលំ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ រត់តុការ (គ្មានផ្ទុកសារធាតុញៀនក្នុងទឹកនោម)នេះ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥៥៦ ដ.ច.ន ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ចេញដោយលោក ថាន់ ឡេង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ(ហិង្សាដោយចេតនា) ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៤៣១ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦។

យោងតាមកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង លុច ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១៤៣១ ផ្លូវលំ ក្រុម១៤ ស្ថិតនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយមានវាយតបគ្នារវាងជនអ្នកបង្កជិតខាងគ្នា ហើយជនសង្ស័យវាយជនរងគ្រោះរយះចិញ្ចើមខាងឆ្វេង កាលពីថ្ងៃទី១៦ ខែ៩ ឆ្នាំ២០១៦ ហើយបុរសជនបង្កមិនព្រមចូលខ្លួនធ្វើការដោះស្រាយ នៅនគរបាលប៉ុស្តិ៍និងព្យាយាមរត់គេចខ្លួនរហូតក៏ធ្វើការសម្របសម្រួលមិនត្រូវ បានបញ្ជូលសំណុំរឿងបញ្ជូលទៅតុលាការរួច និងមានការដីការបង្គាប់ឲ្យចាប់ខ្លួន ហើយព្រឹកមិញនេះ ក៏ប្រទះឃើញជនសង្ស័យដើរតាមផ្លូវ ទើបឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យតែម្ដង។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨នេះ លោក សេង លុច (ជាជនរងគ្រោះ) បានទទួលមរណៈភាពដោយជំងឺដាច់សរសៃឈាមខួរក្បាល ខណៈក្រុមគ្រួសារក៏បានរៀបចំ ធ្វើបុណ្យតាមប្រពៃណីនៅឯផ្ទះរួចរាល់ហើយ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​នីតិវិធី ​៕ស តារា


ចែករំលែក៖