ព័ត៌មានទាន់ហេតុការណ៍៖

ផ្សឹកព្រះសង្ឃមួយអង្គខណៈប៉ុនប៉ងរំលោភសេពសន្ថវ:លើក្មេងស្រីមិនទាន់គ្រប់អាយុ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ព្រះសង្ឃមួយអង្គត្រូវ បានសមត្ថកិច្ចសហការគ្នាឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពប៉ុនប៉ងរំលោភសេពសន្ថវ:មិនបានសម្រេចទៅលើក្មេងស្រីមិនទាន់គ្រប់អាយុម្នាក់កាលពីរសៀលថ្ងៃចន្ទ ៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ទឹកខាងក្រោយការិយា ល័យទេសចរណ៍ ស្ថិតក្នុងភូមិវត្ត សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយ ត្រូវបានចាប់ផ្សឹកភ្លាមៗបន្ទាប់ពីសាកសួរ រួចរាល់ពីសមត្ថកិច្ចនិងមន្ទីរធម្មការនិង សាសនាខេត្តប៉ៃលិន ។ នេះបើតាមការឲ្យដឹងពី លោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន ។

ព្រះសង្ឃជាជនសង្ស័យឈ្មោះ ពិន ចាន់សេរីរ័ត្ន ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ ជាព្រះសង្ឃ គង់នៅវត្តក្រពើ ស្ថិតនៅក្នុងភូមិក្រពើ ឃុំភ្នំសំពៅ ស្រុក បាណន់ ខេត្តបាត់ដំបង ដោយមកស្នាក់ នៅខេត្តប៉ៃលិន មិនដឹងវត្តច្បាស់លាស់ ។ រីឯក្មេងស្រីរងគ្រោះឈ្មោះ ម.ន.ម.ល.យ អាយុ០៣ឆ្នាំ រស់នៅជាមួយឪពុកម្តាយក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងពីប្រជាពល រដ្ឋរងគ្រោះថាមានករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មេងស្រីមិនបានសម្រេចសមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវរក ព្រះសង្ឃ ដែលជាជនសង្ស័យ ប៉ុន្តែត្រូវបាន ជម្លៀសខ្លួនតាមរថយន្តទៅកាន់ខេត្តបាត់ដំបងបាត់ទៅ ។ ពេលនោះសមត្ថកិច្ចជំនាញ ក៏បានទាក់ទងទៅសមត្ថកិច្ចនគរបាល ចរាចរដែលកំពុងដាក់គោលដៅត្រួតពិនិត្យចរាចរណ៍តាមផ្លូវជាតិលេខ៥៧ឲ្យជួយឃាត់រថយន្ត ដែលជនសង្ស័យជិះហើយក្រោយមកក៏ឃាត់ខ្លួនបានតែម្តង ។

ប្រភពព័ត៌មានបានបន្តថាក្រោយពី ឃាត់ខ្លួនព្រះសង្ឃ ដែលជាជនសង្ស័យរួច សមត្ថកិច្ចជំនាញក៏បញ្ជូនជននេះមកកាន់ការិយាល័យប្រឆាំងការជួញដូរនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្ត ប៉ៃលិន ដើម្បីសាកសួរបន្ថែមទៀត រួចក៏ ប្រគល់ឲ្យខាងមន្ទីរធម្មការនិងសាសនាជាអ្នកដោះស្រាយបន្ត ។

លោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិនក៏បានឲ្យដឹង កាលពីរសៀលថ្ងៃទី១១ ខែធ្នូនេះដែរថា រឿងហេតុខាងលើគឺមានការយល់ច្រឡំ ខ្លះៗ ដោយសារតែករណីនេះគឺលោកបានឲ្យលុយក្មេងស្រីរងគ្រោះចំនួន៥០០រៀល ហើយក្មេងស្រីរងគ្រោះក៏តាមព្រះសង្ឃ ខាងលើទៅកន្លែងកើតហេតុ ។

លោកបន្តទៀតថា ព្រះសង្ឃដែលជា ជនសង្ស័យ មកស្នាក់នៅខេត្តប៉ៃលិន ដោយមិនដឹងថាគង់នៅវត្តណានោះទេ តែលោកបានបញ្ជាក់ថាព្រះសង្ឃជាជន សង្ស័យ គឺធ្លាប់គង់នៅវត្តក្រពើ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងផងដែរ ។

សូមបញ្ជាក់ថា បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាព្រះសង្ឃជាជនសង្ស័យ ធ្លាប់ដើរបិណ្ឌបាត ក្នុងក្រុងប៉ៃលិន រយៈពេលជាងកន្លះខែមកហើយប៉ុន្តែមិន ដឹងនៅវត្តណានោះទេ តែបើតាមការសាកសួរពីព្រះសង្ឃនេះផ្ទាល់ថាលោកគង់នៅ វត្តភ្នំយ៉ាត ៕ ស សារ៉េត


ចែករំលែក៖