ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃមួយអង្គចុះស្រង់ទឹកស្រះបណ្តាលឲ្យលង់សុគតនៅស្រុកស្ទោង

ចែករំលែក៖

ខេត្តកំពង់ធំ៖ ព្រះសង្ឃមួយអង្គចុះស្រង់ទឹកស្រះ បណ្ដាលឲ្យលង់សុគត ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៦:០០នាទីព្រឹក នៅក្នុងស្រះទឹកវត្តខ័ណ្ឌសារ ស្ថិតក្នុងភូមិចក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

ព្រះសពព្រះនាម​ ឃី ផល្លី ព្រះជន្ម ១២ព្រះវស្សា មានស្រុកកំណើត ភូមិចក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្នបួសជាព្រះសង្ឃគង់នៅវត្តកើតហេតុខាងលើ បើតាមការពិនិត្យលើព្រះកាយព្រះសព ពុំឃើញមានស្លាកស្នាមអ្វីឡើយ ។

បើតាមការបញ្ជាក់ពីព្រះសង្ឃនិងអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា៖ មុនពេលកើតហេតុព្រះសង្ឃ អង្គនេះនិងព្រះសង្ឃពីរអង្គទៀតបានទៅស្រង់ ទឹកស្រះខាងត្បូងឈាងខាងលិចព្រះវិហារ​ ពេលស្រង់ទឹករួចព្រះសង្ឃពីរអង្គបាននិមន្ដត្រឡប់មកកុដិមុនហើយបានលឺព្រះ សង្ឃអង្គនេះ មានសង្ឃដិការថា ចុកកំភួនជើងណាស់តែពុំបានសួរនាំអ្វីឡើយ​ ។

លុះដល់ម៉ោងឆាន់ ក៏ឡើងទៅឆាន់ស្រាប់តែពុំឃើញព្រះសង្ឃអង្គនឹង ទៅឆាន់ក៏ឆោឡោដើររក ក៏បានឃើញស្បែកជើងនិងធុងស្ពេត្រូអណ្ដែតក្នុងទឹកស្រះ ក៏នាំ គ្នាចុះរាវរកក៏ឃើញព្រះសព តែម្ដង ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ព្រះសពសុគតដោយសារលង់ទឹកស្រះប្រាកដមែន៕ ប៊ុនរិទ្ធី


ចែករំលែក៖