ព័ត៌មានទាន់ហេតុការណ៍៖

លួចទូរស័ព្ទ២គ្រឿង និងលុយមួយចំនួន គេចខ្លួនជាង៤ម៉ោង ជាប់ខ្នោះ

ចែករំលែក៖

កំពង់ចាមៈ យុវជនម្នាក់ បានលបចូលក្នុងបន្ទប់អ្នកជិតខាងលើ ហើយលួចយកទូរស័ព្ទ២គ្រឿង និងលុយខ្មែរអស់មួយចំនួន រួចគេចខ្លួនបាត់ កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងភូមិមាឃបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សារី រ៉ូវី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចាម មុខរបរមិនពិតប្រាកដ ទីលំនៅភូមិមាឃបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បានចូលក្នុងបន្ទប់របស់ឈ្មោះ សុខ ស្រីវ៉ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិចាម ទីលំនៅភូមិ ឃុំជាមួយគ្នា ហើយលួចយកទូរស័ព្ទដៃ២គ្រឿង នឹងប្រាក់រៀលមួយចំនួន ពេលនោះជនរងគ្រោះភ្ញាក់ពីដេកឃើញទាន់ហើយបានស្រែកឆោឡោ ហើយជនសង្ស័យបានរត់គេចខ្លួនបាត់។

ក្រោយទទួលបណ្តឹងភ្លាម កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រែកកក់ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យនឹងស្រាវជ្រាវតាមរកជនសង្ស័យ រហូតដល់វេលាម៉ោង៨៖៣០នាទីថ្ងៃដដែល នៅចំណុច ភូមិមាឃបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ទើបរកឃើញហើយបានឃាត់ខ្លួននឹងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីសាកសួរនឹងចងក្រងសំណុំរឿងតាមនិតិវិធី៕


ចែករំលែក៖