ព័ត៌មានទាន់ហេតុការណ៍៖

លួចបានសម្រេច តែមិនបានប៉ុន្មានថ្ងៃផងត្រូវជាប់ខ្នោះ

ចែករំលែក៖

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋានស្រុកទ្រាំង ឃាត់ខ្លួន ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ។

ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៧ ស្ថិតនៅ ភូមិពោន ឃុំត្រឡាចស្រុកទ្រាំងខេត្តតាកែវ។

យោងតាមរបាយការណ៍អធិការដ្ឋាននគរបាលស្រុកទ្រាំងបានឲ្យដឹងថា ដោយមានការបញ្ជាលោកជីវ ចាន់តារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងតាកែវ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឆេង តារា ហៅរាំង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅជាមួយម្តាយឈ្មោះ ម៉ោង ចេក អាយុ៥២ឆ្នាំ ភូមិពោន ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ ដែលបានធ្វើសកម្មភាពលួចលុយរបស់ជនរងគ្រោះឈ្មោះ ហ៊ុន អូន ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ មុខរបរលក់ដូរនៅផ្ទះ កាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៧ អស់ចំនួន ៤៦០០ ដុលារ និងប្រាក់រៀលប្រហែល ៥០ ម៉ឺនរៀល ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបានសារភាពថា រូបគេពិតជាបានលួចលុយរបស់ឈ្មោះ ហ៊ុន អូន ពិតមែន ដោយកាលពីថ្ងៃកើតហេតុ រូបគេបានទៅទិញភេសជ្ជៈខារ៉ាបាវនៅផ្ទះជនរងគ្រោះ ក៏បានឃើញធុងដាក់លុយនៅក្រោមគ្រែកន្លែងលក់ លុះទិញខារ៉ាបាវបានហើយ ក៏ទៅផ្ទះដល់ពាក់កណ្តាលផ្លូវ ក៏ត្រឡប់មកវិញ ចូលតាមទ្វារក្រោយកន្លែងលក់លួចយកលុយក្នុងធុងអស់ ។

ក្រោយពីបានលុយនៅថ្ងៃនោះ រូបគេបានយកលុយទៅឲ្យម្តាយ១៤០០ដុល្លារដោយប្រាប់ថា លុយរើសបានលុះដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ បានឡើងទៅភ្នំពេញ ទិញម៉ូតូមួយគ្រឿងតម្លៃ១៦៤០ដុល្លារ ទៀត។

កម្លាំងជំនាញបានដកហូតបានដកហូតម៉ូតូ ម៉ាកស៊ុយស៊ូគីនិច ពណ៌ខ្មៅសេរី២០១៧ គ្មានពាក់ស្លាកលេខមួយគ្រឿង និងដកហូតប្រាក់ចំនួន១៤០០ដុល្លារពីម្តាយជនសង្ស័យ ដើម្បីប្រគល់ជូនជនរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅដល់ដល់ការិយាល័យជំនាញរូចហើយ ៕ ភ្នំដា


ចែករំលែក៖