ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្ដិសង្គហ ម៉ែន សំអន៖ តាមរយៈទិវានារី អន្ដរជាតិ ៨មីនា នារីត្រូវបានរំដោះពីសម្ពាធជាច្រើន ហើយមានសមភាព សម្រេចកិច្ចការស្មើនឹងបុរស

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា៖ តាមរយៈប្រារព្ធទិវាសិទ្ធិនារី៨ មីនា រាងរាល់ឆ្នាំនេះ នារីត្រូវបាន រំដោះពីសំពាធជាច្រើនហើយមានសមភាព សម្រេចកិច្ចការអ្វីៗ ស្មើនឹងបុរស ។

លោកស្រីបានបញ្ជាក់បែបនេះខណៈលោកស្រី បានជួបសំណេះសំណាល ជាមួយនារីក្រសួង អធិការកិច្ច ប្រមាណជាង៤០០នាក់ ក្នុងឱកាសទិវាប្រារព្ធសិទ្ធិនារី ៨មីនា ឆ្នាំ២០១៩ នៅក្រសួងអធិការកិច្ច ក្រោមប្រធានបទ លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ពិធីនេះបានប្រព្រឹត្ដធ្វើនៅថ្ងៃពុធ ០១ កើតខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ មីនា ឆ្នាំ២០១៩ ។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានបញ្ជាក់ថា៖ ស្រ្តីនៅក្នុងសង្គមកម្ពុជា មានស្រ្តីជាច្រើនរូបបានឋានៈ ជាអ្នកសម្រេចចិត្ត នៅលើវិស័យសាធារណៈ និង នយោបាយ នៅក្នុងនោះ មានចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧ ចំនួនស្រ្តីជាមន្រ្តីរាជការកើនឡើង ជាលំដាប់ពី ៣៤% ទៅ៤១%។ រាជរដ្ឋាភិបាលបានតែងតំាងស្រ្តីជាអភិបាលរងខេត្ត នៃគណៈអភិបាលរាជធានីខេត្ត២៦រូប អភិបាលក្រុង ស្រុក ខណ្ឌ ជាស្រ្តី៦រូប ស្រ្តីជាអភិបាលរង នៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ១៨៦រូប។ ក្នុងឆ្នាំ២០១៩ ស្រ្តីជាឯកអគ្គរាជទូត មានចំនួន០៤រូប និងមន្រ្តីការទូតជាស្រ្តីដែលកំពុងប្រចំាការនៅបរទេសមានចំនួន៤៩រូប។

លោកស្រីបានបញ្ជាក់ថា កម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍសហវត្សរ៍មុនឆ្នាំកំណត់ លើសុខភាពមាតានិងទារក។ អំពើហិង្សានិងការរំលោភនានាលើស្រ្តីក៏បានថយចុះគួរឲ្យកត់សម្គាល់ផងដែរ ។ ក្រសួងកិច្ចការនារី គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តីនិងគ្រួសារខ្មែរ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាពជីវភាព សិទ្ធិ ឋានៈ និងតួនាទីរបស់ស្រ្តីកម្ពុជា។ ជោគជ័យដ៏ធំធេងទាំងអស់នេះ បានឆ្លើយតបជាវិជ្ជមានទៅនឹងផែនការយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដើម្បី “កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព” និងផែនការយុទ្ធសាស្រ្តនារីរតនៈរបស់ក្រសួងកិច្ចការនារី។ សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្តដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងកិច្ចការនារី បន្ត និងជំរុញការអនុវត្តគោលនយោបាយជាតិខាងលើនេះ ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឧត្តមប្រយោជន៍របស់ស្ត្រី និងក្មេងស្រី ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ។

លោកស្រី ម៉ែន សំអន ដើម្បីលើកស្ទួយនូវតួនាទីស្ត្រីដែលជាឆ្អឹងខ្នងនៃសដ្ឋកិច្ច និងសង្គមជាតិ ក្នុងកិច្ចគាំពារសង្គមឲ្យមានប្រសិទ្ធភាពនោះ សូមអំពាវនាវដល់អគ្គនាយកដ្ឋានទាំង៥ នៃក្រសួងអធិការកិច្ច ត្រូវបន្ដអនុវត្ដ បង្កើនស្នាដៃ និងសហការឲ្យបានល្អជាមួយ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ។

លោកស្រី ម៉ែន សំអន បានបន្ដថា៖ ថ្ងៃនេះ ក្រសួងអធិការកិច្ច បានប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ក្រោមប្រធានបទ លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស គឺមានអត្ថន័យជ្រាលជ្រៅ និងកិត្ដិស័យបំផុត ។ ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរីភាព និងគេចផុតពីទង្វើជិះជាន់នានា។ សម្រាប់នៅកម្ពុជាមិនថាតែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត។ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផងបានកើតមានជាថ្មីក្រោយរបបដ៏យង់ឃ្នងរបស់ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពីថ្ងៃរំដោះរហូតដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ។ នារីបានធ្វើសកម្មភាពបង្កើតស្នាដៃ និងបានចូលរួមចំណែកទទួលនិងការតែងតាំងដោយរាជរដ្ឋាភិបាលបានផ្ដល់នូវការលើកទឹកចិត្ដ ។

នារីយើងមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងផ្លូវចិត្ដ ផ្លូវកាយ ក្នុងនោះ ក៏បានមានសិទ្ធិសេរីភាពគ្រប់យ៉ាង ដូចជាមានសិទ្ធិប្រកប មុខរបរក្នុងការធ្វើអាជីវកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម វប្បធម៌ ទេសចរណ៏ និងការគោរពនូវទំនៀមទម្លាប់ប្រពៃណី ច្បាប់ពីការដឹងគុណ ដល់បងប្អូនញាតិមិត្តរបស់យើង៕ សំរិត


ចែករំលែក៖