ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ ជិះម៉ូតូ​ចេញពី​ហូប​អី ត្រូវចោរ​ឆក់​យក​កាបូបស្ពាយ​ បាន​សម្រេចហើយ​គេច​ខ្លួន​បាត់

ចែករំលែក៖

ភ្នំពេញ ៖​ ជនសង្ស័យ​ម្នាក់​ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ មកធ្វើសកម្មភាព​ឆក់​យក​កាបូបស្ពាយពីស្ត្រី​២​នាក់ ​កំពុង​ជិះ​ម៉ូតូឌុបគ្នា​ បាន​សម្រេច នៅចំណុចស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ហើយ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់ដោយសុវត្ថិភាព ។

ករណីឆក់កាបូបស្ពាយខាងលើ​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ ជិត​នឹង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ តាម​ផ្លូវ​ព្រះ​មុនី​រ៉េ​ត សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​ ។

ជន​រង​គ្រោះ​​មានឈ្មោះ ហេង ចិន្តា ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​ភ្នា​ត សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ចំណែក​មិត្តភក្តិ​ម្នាក់​ទៀត​ដែល​ជា​អ្នក​ឌុ​ប គឺ​មិន​បាន​ឲ្យ​ដឹង​ឈ្មោះ​ឡើយ ។ សម្ភារ​ដែល​បាត់បង់​មាន​លុយ​ដុល្លារ​១០០​ជាង​ដុល្លារ លុយ​ខ្មែរ​២០​ម៉ឺន ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង សៀវភៅ​ធានា​គារ​១​ក្បាល កាត ATM មួយ​សន្លឹក និង​អត្តសញ្ញាណ​ប័​ណ្ឌ​មួយ​សន្លឹក ។

យោងតាម​សម្តី​នារីរង​គ្រោះ​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់និងមិត្តភក្តិស្រីម្នាក់​ ​បាន​ជិះ​ម៉ូតូ​មួយគ្រឿងម៉ាកហុងដាឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០០៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រះ​ស៊ី​ហ​នុ 1A- 4788 ចេញពី​ហូប​អាហារ​ជា​មិត្តភក្តិ​មួយ​ចំនួន​ទៀត​នៅ​ម្តុំ​ផ្សា​របឹង​កេងកង ហើយ​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​ភូមិ​ភ្នា​ត សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ​​ស្រាប់តែ​លិចមុខ​ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក់​ឌ្រី​ម​សង់ ពណ៌​ខ្មៅ​មួយ​គ្រឿង មិន​ចាំ​ស្លាក​លេខ​ ​មកពីក្រោយរួច​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​របស់​គាត់​ដែល​ដាក់​អោប​នៅ​ប្រឡោះ​កណ្តាល​បាន​សម្រេច ហើយ​ជនសង្ស័យ​រូប​នោះ​បាន​បន្ថែម​ល្បឿន​ម៉ូតូ​រត់គេច​ខ្លួន​ឡើង​ទៅ​ផ្លូវ​លេខ២៧១​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយកើតហេតុ នារី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​បឹង​សាឡា​ង ​​ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ផងដែរ ៕ស តារា


ចែករំលែក៖