ព័ត៌មានទាន់ហេតុការណ៍៖

អតីតមន្ត្រីសាលារាជធានីភ្នំពេញពីររូប ប្រព្រឹត្តអំពើពុករលួយ ត្រូវតុលាការកាត់ទោសតម្រឹមដោះលែងឲ្យមានសេរីភាពវិញ

ចែករំលែក៖

ភ្នំពេញ៖ អតីតមន្ត្រីសាលារាជធានីភ្នំពេញពីររូប ជាប់ចោទបទ”វិតិក្រម”ពោលគឺជំរិតទារប្រាក់ពីម្ចាស់ក្រុមហ៊ុនវិនិយោគលើសច្បាប់កំណត់ ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំនិងពិន័យជាប្រាក់ចំនួន៤លានរៀល ។

លោកចៅក្រម ថ្លែងក្នុងសវនាការ ថា ទោសនេះ គឺ គិតចាប់ពីថ្ងៃឃុំខ្លួន ដល់ថ្ងៃប្រកាសសាលក្រម សល់ប៉ុន្មានព្យួរទោសធម្មតា ។

អ្នកច្បាប់មួយរូប អះអាងថា ការសម្រេចនេះ មានន័យថា ជនជាប់ចោទទាំងពីរនាក់ នឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ ប្រសិនបើគ្មានសំណុំរឿងផ្សេងទៀត ហើយគ្មានបណ្តឹងឧទ្ធរណ៍ពីព្រះរាជអាជ្ញា ឬ ជនជាប់ចោទ ប្តឹងឧទ្ធរណ៍ ទេនោះ ។

បទល្មើស”វិតិក្រម”តាមមាត្រា៥៩២និងមាត្រា៥៩៣នៃក្រមព្រហ្មទណ្ឌ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។

ការសម្រេចរបស់លោកចៅក្រម រស់ ពិសិដ្ឋ ត្រូវបានមជ្ឈដ្ឋានមួយចំនួន មើលឃើញថា គឺ ផ្តន្ទាទោសក្នុងកម្រិតអប្បបរមា ទាបបំផុត ។

មន្ត្រីទាំងពីររូបឈ្មោះ រ័ត្ន បុរី អាយុ៣៤ឆ្នាំ មុខងារប្រធានការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ និង ឈ្មោះ ម៉ៃ វ៉ាន់ណារុំ អាយុ៣៣ឆ្នាំ មុខងារបុគ្គលិកការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ ។

ក្នុងសវនាការជនជាប់ចោទ រ័ត្ន បុរី សារភាពថា នៅអំឡុងខែសីហា ឆ្នាំ២០១៥ មានក្រុមហ៊ុនរ៉ាយធិចបានមកទំនាក់ទំនងការិយាល័យផែនការវិនិយោគដើម្បីសុំចុះបញ្ជីបើកក្រុមហ៊ុនវិនិយោគ ។ ពេលនោះលោកបានបង្គាប់អោយក្រុមហ៊ុនបង់ប្រាក់ចំនួន២១លានរៀលដោយបូកបញ្ចូលទាំងប្រាក់ពន្ធចុះបញ្ជី និងប្រាក់ពន្ធចុះពិនិត្យទីតាំងចំនួន៦លានរៀលដោយប្រាក់ទាំង២១លានរៀលនេះលោកបានឲ្យឈ្មោះ ម៉ៃ វ៉ាន់ណារុំ ជាអ្នកទទួលទុកដោយ មិនមានចេញវិក័យប័ត្រឲ្យក្រុមហ៊ុនវិញទេ ។

ពេលរៀបចំបែបបទរួចលោកក៏បានឲ្យឈ្មណារុំជាមួយនិងតំណាងក្រុមហ៊ុនដកប្រាក់ដែលក្រុមហ៊ុនបានបង់ចំនួន៧លានរៀលយកទៅបង់នៅទីចាត់ការហិរញ្ញវត្ថុនិងទទួលមកវិញនូវវិក័យប័ត្រដែលបានបង់តែ៧លានរៀលប៉ុណ្ណោះ ។ ចំពោះប្រាក់នៅសល់១៤លានរៀលគឺរក្សាទុកនៅការិយាល័យផែនការវិនិយោគដើម្បីទុកបង់ពន្ធលើតម្រូវការផ្សេងទៀតដូចជាបង់ឲ្យក្រុមប្រឹក្សាវិនិយោគកម្ពុជានិងបង់ចូលមន្ទីរហិរញ្ញវត្ថុជាដើមរហូតដល់ក្រុមហ៊ុនបានប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ៕ ចេស្តា


ចែករំលែក៖