ព័ត៌មានទាន់ហេតុការណ៍៖

ថវិកាជាតិជិតមួយម៉ឺនលានរៀលក្នុងមួយឆ្នាំ ត្រូវបានលោកហេង វុទ្ធី នាយកទីចាត់ការផែនការវិយោគសាលាខេត្តតាកែវប្រើប្រាស់ដោយគ្មានតម្លាភាព

ចែករំលែក៖

ខេត្តតាកែវ៖ ក្នុងមួយឆ្នាំៗថវិកាជាតិជិតមួយម៉ឺនលានរៀល ត្រូវបានទម្លាក់ចូលសាលាខេត្តតាកែវ ដើម្បីយកមកប្រើប្រាស់ក្នុងផែនការវិនិយោគមូលនិធិ ឃុំ សង្កាត់ដោយគ្មានតម្លាភាព ដែលមានការសង្ស័យពាក់ព័ន្ធអំពើពុករលួយជាប្រព័ន្ធ។

តាមសេចក្ដីរាយការពីក្រុមហ៊ុនចំនួន២ដែលកំពុងបានគម្រោងលើការវិនិយោគតាម ឃុំ-សង្កាត់ច្រើនជាងគេ បានឲ្យដឹងថា នៅក្នុងខេត្តតាកែវមាន ឃុំ-សង្កាត់ ចំនួន ១០០ ហើយថវិកាដែល ត្រូវវិនិយោគតាមរយៈឃុំ-សង្កាត់ជិតមួយម៉ឺនលានរៀល តែការវិនិយោគដូចជាការធ្វើផ្លូវជីកប្រឡាយជូនប្រជាពលរដ្ឋពុំមានគុណភាពនោះទេ។

សេចក្ដីរាយការណ៍បន្ដទៀតថា លោក ហេង វុទ្ធី នាយកទីចាត់ការផែនការវិនិយោគសាលាខេត្តតាកែវ បានប្រើប្រាស់ក្រុមហ៊ុនតែ ២ ឬ ៣ តែប៉ុណ្ណោះ ដើម្បីទទួលបានសិទ្ធិក្នុងការដេញថ្លៃ យកគម្រោងធ្វើផ្លូវតាមឃុំ សង្កាត់ ដោយលោក ហេង វុទ្ធី រៀបចំជាមួយក្រុមហ៊ុនដែលឃុបឃិតជាមួយ និងលោកមុនសិនហើយនៅពេលដេញថ្លៃ គឺមានតែក្រុមហ៊ុន ៣ ឬ ៤ ដែលពួកគេរៀបចំជាស្រេច ខណៈមានក្រុមហ៊ុនដូចហ្វូងគោ ចូលរួម តែមិនដេញថ្លៃ ចាំតែយកថ្លៃទឹកតែនៅពេលដែលក្រុមហ៊ុនណាដែលដេញថ្លៃបានតែប៉ុណ្ណោះ។

តាមរយៈក្រុមហ៊ុនដដែលបានបន្ដទៀតថា ក្រុមហ៊ុនដែលដេញថ្លៃបាន គឺត្រូវបង់លុយ ១៥ភាគរយ ឲ្យទៅ លោក ហេង វុទ្ធី បើក្រុមហ៊ុននោះមិនឲ្យទេ ក្រុមហ៊ុននោះមិនត្រូវបានលោក ហេង វុទ្ធី បញ្ចប់គម្រោងឲ្យនោះទេ។

ជុំវិញករណីខាងលើលោក ហេង វុទ្ធី បានឲ្យដឹងថា លោកទទួលស្គាល់ថា មានក្រុមហ៊ុនជាច្រើនដែលមិនសប្បាយចិត្តក្នុងការដេញថ្លៃគម្រោងខាងលើ ហើយមានក្រុមហ៊ុនខ្លះ គឺមិនដេញថ្លៃទេ តែពួកគេបោលចូលដូចហ្វូងគោនៅពេលមានការដេញថ្លៃម្ដងៗ គឺចាំយកលុយពីក្រុមហ៊ុនណាដែលដេញថ្លៃបាន។

លោកបន្ដទៀតថា រាល់ការដេញថ្លៃម្ដងៗ លោកបានរៀបចំត្រឹមត្រូវល្អណាស់ ហើយក្រុមហ៊ុនដែលដេញថ្លៃបានធ្វើផ្លូវ ត្រូវបានលោកតាមដានយ៉ាងលម្អិត បើក្រុមហ៊ុនណាធ្វើមិនតាមស្ដង់ដា គឺលោកមិនបញ្ចប់គម្រោងឲ្យនោះទេ។

បញ្ហាលើកឡើងខាងលើលោក ហេង វុទ្ធី មិនបានបំភ្លឺថា មូលហេតុអ្វីបានជាគម្រោងចំនួន ១០០ គម្រោងដេញថ្លៃបានតែក្រុមហ៊ុន ៣ ឬ ៤ នោះទេ ដោយលោកបញ្ជាក់ថា នៅពេលដេញថ្លៃលើកក្រោយៗលោក និងហៅអ្នកកាសែតចូលរួមជាមួយគ្នា។

គួររំលឹកថា រាល់ការធ្វើផ្លូវនានានៅក្នុងខេត្តតាកែវ គឺមិនមានគុណភាពនោះទេ ខណៈការប្រើប្រាស់លុយរដ្ឋរាប់ពាន់ រាប់ម៉ឺនលានរៀលក៏ដោយ ព្រោះមានការរៀបចំពុករលួយជាប្រព័ន្ធរួចទៅហើយនៅក្នុងសាលាខេត្តតាកែវ ហើយអ្នកដែលទទួលផលពុករលួយក្នុងខេត្តមានតែអ្នកមានអំណាច ២ ឬ ៣នាក់តែប៉ុណ្ណោះ៕ ភ្នំដា


ចែករំលែក៖