ទីក្រុងប៉េកាំង៖ លោកទេសរដ្ឋមន្ត្រី អ៊ុច បូររិទ្ធ ក្នុងវេទិកាសេដ្ឋកិច្ច និងសង្គម នារដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ បានថ្លែងថា៖ កម្ពុជា ប្ដេជ្ញាចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការពហុភាគី និងគាំទ្រដល់ពាណិជ្ជកម្មដោយសេរី និងបើកចំហ ដោយមិនគាំទ្រសកម្មភាពឯកតោភាគីនិយមឡើយ។
លោកទេសរដ្ឋមន្ត្រី អ៊ុច បូររិទ្ធ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជា ប្ដេជ្ញាចិត្តចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការពហុភាគី គាំទ្រពាណិជ្ជកម្មដោយសេរី និងបើកចំហ ហើយមិនគាំទ្រសកម្មភាពគាំពារនិយម ឯកតោភាគីនិយម និងសេដ្ឋកិច្ចជាតិនិយម»។ លោកទេសរដ្ឋមន្ត្រី បានគូសបង្ហាញពីយុទ្ធសាស្ត្រអភិវឌ្ឍថ្មីរបស់កម្ពុជា សំដៅប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។
ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ រយៈពេល២៥ឆ្នាំ ដែលស្របជាមួយនឹងគោលការណ៍បរិយាបន្ន សន្តិភាព និងស្ថិរភាព និរន្តរភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិបើកទូលាយ និងផ្អែកលើច្បាប់។
តាមរយៈសុន្ទរកថាថ្លែងក្នុងវេទិកាសេដ្ឋកិច្ច និងសង្គម ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការ ការសម្របសម្រួល និងរួមគ្នាស្វែងរកការអភិវឌ្ឍអាស៊ី ក្រោមប្រធានបទ៖ «ការរក្សាកិច្ចសន្ទនាអរិយធម៌ ដើម្បីលើកតម្កើងអរិយធម៌ និងវឌ្ឍនភាពមនុស្សជាតិ» លោក អ៊ុច បូររិទ្ធ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍឥតឈប់ឈររបស់អាស៊ី ពឹងផ្អែកលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដោយប្រើប្រាស់ភាពចម្រុះជាចំណុចខ្លាំង ហើយតាមរយៈគោលការណ៍បើកទូលាយ និងប្រកបដោយបរិយាបន្ន អាចយកឈ្នះលើការប្រឈមនានា និងទាញយកឱ្យអស់ពីលទ្ធភាពនូវកាលានុវត្តភាពសម្រាប់ ផលប្រយោជន៍រួម។
បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់កម្ពុជាលើវិស័យជាច្រើន ដែលសម្រេចបានតាមរយៈការធានាបាននូវសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ផលប្រយោជន៍រួម ក៏ដូចជាការគាំទ្រពីប្រទេសចិន និងបណ្តាប្រទេសជាមិត្ត ព្រមទាំងស្ថាប័នផ្សេងៗ។ មន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះ ក៏បានរំលេចដែរថា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក អត្រានៃភាពក្រីក្ររបស់កម្ពុជា បានធ្លាក់ចុះជាលំដាប់ក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ១,៦ ភាគរយ ខណៈសេដ្ឋកិច្ចកម្ពុជា បានសម្រេចនូវកំណើនជាង ៧ភាគរយក្នុងមួយឆ្នាំ មុនពេលនៃការផ្ទុះឡើងនូវជំងឺកូវីដ-១៩។
លោកទេសរដ្ឋមន្ត្រីរូបនេះ បន្តថា វិធានការឆ្លើយតបនានារបស់កម្ពុជា ជាមួយការគាំទ្រពីដៃគូទ្វេភាគី និងពហុភាគី បានបង្ហាញពីប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងស្ថានការណ៍ និងការស្តារប្រទេសឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។ ដោយរំលេចនូវភាពសម្បូរបែបនៃអរិយធម៌អាស៊ី និងសកល លោក ក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមអរិយធម៌សកល (GCI) របស់លោកប្រធានាធិបតី ស៊ី ជីងពីង ដែលផ្តល់តម្លៃលើទំនាក់ទំនង និងកិច្ចសន្ទនាស៊ីជម្រៅនៃអន្តរអរិយធម៌ ក្នុងការលើកស្ទួយវឌ្ឍនភាពមនុស្សជាតិ និងជំរុញឱ្យមានការផ្តល់តម្លៃចំពោះគ្នាទៅវិញទៅមកលើក្តីសង្ឃឹម និងវិបុលភាពរួម។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងលើកកម្ពស់ការតភ្ជាប់នៅទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក និងអាមេរិកឡាទីន តាមរយៈបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងកំណើនបៃតងនិងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងនោះ កម្ពុជា ប្ដេជ្ញាបន្តកិច្ចសហការក្នុងការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ ដើម្បីផលប្រយោជន៍របស់ប្រជាជាតិទាំងអស់៕
ដោយ៖ សហការី